Ad Code

លោក Trump ព្យាករណ៍​ថា កិច្ចចរចា​ជាមួយ​អ៊ីរ៉ង់ ​នឹង​កើតមាន​ក្នុងពេល​ឆាប់ៗ​នេះ



ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គា​រថា ការចរចា​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់​ដែលជា​គូសត្រូវ​គឺ​ជិត​មកដល់​ហើយ ​ថ្វីបើ​មាន​ភាព​ស្ងប់ស្ងាត់​ពី​មេដឹកនាំ​របស់​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​ចំពោះ​សំណើ​របស់​លោក Trump សម្រាប់​កិច្ចប្រជុំ​មួយ​ក៏ដោយ។

មានការ​សង្ស័យ​អំពី​វត្តមាន​របស់​ប្រទេស​អ៊ីរ៉ង់​ជុំវិញ​កិច្ចពិភាក្សា​ដែល​អាចធ្វើ​ទៅបាន​ខណៈដែល​មាន​សមាជិកសភា​មួយរូប​បាន​និយាយថា ការចរចារ​គឺជា “​ភាពអាម៉ាស់​”​។​

មេដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​នេះ​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​លោក Trump កាល​ពីមួយ​ថ្ងៃមុន​នោះទេ​ដែលថា លោក​នឹង​ជួប​ពួកគេ “​នៅពេល​ណាមួយ​” ដោយ​គ្មាន​ការដាក់​លក្ខខណ្ឌ​ជាមុន​។​

លោក Trump បាន​ប្រាប់​ការជួបជុំ​មួយ​នៅ​ទីក្រុង Tampa ក្នុង​រដ្ឋ Florida ថា “​ខ្ញុំ​មាន​អារម្មណ៍​ថា ពួកគេ​នឹង​និយាយ​ជាមួយ​យើង​ក្នុងពេល​ឆាប់ៗ​ហើយ​ពួកគេ​ប្រហែលជា​មិន​បដិសេធ​ទេ​”​។​

លោក​ក៏បាន​យក​ឱកាស​នេះ​ដើម្បី​រិះគន់​ជាថ្មី​ម្តងទៀត​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​រវាង​ប្រទេស​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក​ផងដែរ​ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ប្រធានាធិបតី​អាមេរិក​ដកខ្លួន​ចេញ​។​

លោក Trump បាន​និយាយថា “​វា​ជាការ​បង្ហាញ​ពី​ភាព​ភ័យរន្ធត់​។ ខ្ញុំ​សង្ឃឹមថា​វា​នឹង​ដំណើរ​ការល្អ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​។ ពួកគេ​កំពុងមាន​ការលំបាក​ជាច្រើន​នាពេល​ឥឡូវនេះ​”​។​

អាមេរិក​គ្រោង​នឹង​ចាប់ផ្តើម​ការដាក់ទណ្ឌកម្ម​ពេញលេញ​ជាថ្មី​លើ​អ៊ីរ៉ង់​ចាប់ពី​ថ្ងៃទី​៦​ខែសីហា​ទៅ​ដែលជា​វិធានការ​មួយ​បាន​រួមចំណែក​រួចទៅហើយ​ដល់​វិបត្តិ​រូបិយប័ណ្ណ​ដ៏​សំខាន់​មួយ​។​

បុគ្គល​សាធារណៈ​អ៊ីរ៉ង់​ជាច្រើន​បាន​និយាយថា វា​មិនអាច​ទៅរួច​ទេ​ក្នុងការ​ស្រមៃ​អំពី​កិច្ចចរចា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​បន្ទាប់ពី​ខ្លួន​បានបញ្ចប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ខែឧសភា​។​

អនុប្រធាន​សភា​លោក Ali Motahari បាន​ឲ្យ​ដឹងថា “​ជាមួយនឹង​សេចក្តីថ្លែងការណ៍​ដែល​ប្រមាថ​ដល់​អ៊ីរ៉ង់ គំនិត​នៃ​ការចរចារ​គឺ​មិនអាច​យល់បាន​ទេ​។ វា​នឹង​ក្លាយជា​ភាពអាម៉ាស់​មួយ​”​។​

ចំណែក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក Abdolreza Rahmani Fazli បាន​និយាយថា “​អាមេរិក​មិនគួរ​ឲ្យ​ទុកចិត្ត​ទេ​។ បន្ទាប់ពី​ខ្លួន​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ឯកតោភាគី តើ​វា​អាច​ត្រូវបាន​គេ​ទុកចិត្ត​យ៉ាងដូច​ម្តេចទៅ​?”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu