ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កការភ្ញាក់ផ្អើលទាំងព្រលប់ គឺរថយន្តលិចស៊ីសRX៣០០១គ្រឿង បានបុកម៉ូតូរ៉ឺម៉កដឹកអេតចាយបណ្តាលឲ្យឆេះម៉ូតូនៅកណ្តាលថ្នល់ រងរបួស២នាក់ប្តីប្រពន្ធ។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៩២,៩៣ ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែកខេត្តព្រៃវែង វេលាម៉ោង១៩និង៥នាទី។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងរវាងរថយន្តម៉ាកលិចស៊ីសRX៣០០ ពណ៌ស១គ្រឿងពាក់ស្លាកលេខភ្នំពេញ២N,០៣៦៧ បើកបរដោយឈ្មោះអេន ជា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសំបួរ ឃុំអង្គរស ស្រុកមេសាងខេត្តព្រៃវែងដោយបើកបរក្នុងទិសដៅពីលិចទៅកើត។ ពេលដែលមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងម៉ូតូរ៉ឺម៉កដឹកអេតចាយ១គ្រឿង ដែលធ្វើដំណើរបញ្ច្រាសគ្នា ហើយបត់ឆ្វេងក្នុងដែលបើកបរដោយឈ្មោះមុំ ហ៊ន់ ភេទប្រុស អាយុ៦៧ឆ្នាំ និងរួមដំណើរដោយប្រពន្ធឈ្មោះអៀង សុបុន អាយុ៦៥ឆ្នាំរស់នៅភូមិព្រៃកន្ទ្រង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បណ្ដាលឲ្យម៉ូតូរ៉ឺម៉កខាងលើឆាបឆេះឡើងសន្ធោសន្ធៅផ្អើលអ្នកស្រុកហៅសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ។
ហេតុការណ៍ខាងលើ បានបង្កឲ្យជនរងគ្រោះពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក។ រថយន្ត និងម៉ូតូរ៉ឺម៉កព្រមទាំងអ្នកបើកបររថយន្តត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ និងចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments