Ad Code

ថៃ​ស្នើ​ឲ្យ​អង់គ្លេស​ធ្វើ​បត្យាប័ន​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់



នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ថៃ​បានស្នើ​ឲ្យ​ចក្រភព​អង់គ្លេស​ធ្វើ​បត្យាប័ន​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​ត្រូវបាន​ផ្តួល​រំលំ​នៅក្នុង​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំ​២០១៤​ហើយ​ត្រូវ​បាន​កាត់ទោស​ដោយ​កំបាំងមុខ​ឲ្យ​ជាប់ពន្ធនាគារ​ពីបទ​ធ្វេសប្រហែស​។​

លោកស្រី យី​ង​ឡាក់ បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​ខែសីហា​ឆ្នាំមុន​ដើម្បី​គេច​ពី​ការជាប់​ពន្ធនាគារ​លើគ​ម្រោ​ង​ឧបត្ថម្ភ​ធន​ស្រូវ​អង្ក​ដែល​បង្ក​ការខាតបង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី​បាន​បដិសេធ​ការធ្វើ​ខុស​ហើយ​និយាយថា ការកាត់ទោស​នោះ​គឺជា​ការជំរុញ​ផ្នែក​នយោបាយ​។​

វីដេអូ​មួយ​ដែល​បង្ហោះ​លើ Instagram កាលពី​ថ្ងៃ​សៅរ៍​បាន​បង្ហាញថា លោកស្រី​យី​ង​ឡាក់​និយាយថា លោកស្រី​កំពុង​រស់នៅក្នុង​សង្កាត់ Covent Garden នៃ​តំបន់ West End ក្នុង​ទីក្រុង​ឡុង​ដ៍​។​

តុលាការ​កំពូល​បាន​ផ្តន្ទាទោស​លោកស្រី​ដោយ​កំបាំងមុខ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​កាលពី​ខែកញ្ញា​ឆ្នាំមុន​។​

លោក​ប្រា​យុទ្ធ​បាន​និយាយថា សំណើ​នេះ​គឺជា​នីតិវិធី​ចាំបាច់​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​សន្ធិ​សញ្ញា​បត្យាប័ន​ដែល​បាន​ចុះហត្ថលេខា​នៅក្នុង​ឆ្នាំ​១៩១១​។​

លោក​ប្រា​យុទ្ធ​បាន​ថ្លែងថា “​យើង​មិនអាច​ទៅ​ចាប់ខ្លួន​មនុស្ស​នៅ​បរទេស​បានទេ​ដូច្នេះ​វា​អាស្រ័យ​លើ​ប្រទេស​នោះ​ដើម្បី​ចាប់ខ្លួន​និង​បញ្ជូន​លោកស្រី​មក​ឲ្យ​ពួកយើង​”​។​

គួរ​បញ្ជាក់ថា លោកស្រី​យី​ង​ឡាក់​និង​បងប្រុស​របស់លោក​ស្រី​គឺ​អតីត​នាយករដ្ឋមន្ត្រី​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​គឺជា​បុគ្គល​សំខាន់​នៃ​ការតស៊ូ​អំណាច​ដែល​បាន​គ្របដណ្តប់​នយោបាយ​រប​ស់​ប្រទេស​ថៃ​អស់​រយៈពេល​ជាង​មួយ​ទសវត្ស​។​

ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ​ហេតុអ្វី​បានជា​រដ្ឋាភិបាល​រង់ចាំ​រហូតមកដល់​ពេលនេះ​ទើប​ស្វែងរក​ការធ្វើ​បត្យាប័ន​របស់លោក​ស្រី​យី​ង​ឡាក់​ឬថា​តើ​ប្រទេស​អង់គ្លេស​នឹង​ឆ្លើយតប​មកវិញ​យ៉ាងណា​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu