Ad Code

សប្បុរសជន​ ​​នាំ​យក​ថវិកា​ផ្តល់​ដល់​ក្មេងប្រុស​ម្នាក់ ​ដែល​ត្រូវ​រថយន្ត​សណ្ដោង​កិន​បណ្ដាល​ឲ្យ​ពិការ​ដាច់​ជើង​ម្ខាង ​និង​ម្រាមដៃ



ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១ ​ខែសីហា​នេះ ​ភ្នាក់ងារ​កម្ពុជា​ថ្មី​ បាន​នាំយក​ថវិកា​ពី​សប្បុរសជន​នៅ​ច្បារអំពៅ​ផ្តល់​ក្រុមគ្រួសារ​ក្មេងប្រុស​អាយុ​៨​ឆ្នាំ​ដែល​បាន​រងរបួស​ដោយសារ​រថយន្ត​សណ្តោង​កុងតឺន័រ​កិន​បណ្តាល​ឲ្យ​ដាច់​ជើង​ម្ខាង​ត្រឹម​ភ្លៅ​និង​ម្រាមដៃ​៣​ទៀត។

​ដោយសារតែ​សប្បុរសជន​លោក​បាន​មើលឃើញ​និង​ស្តាប់​សំដី​ក្មេងប្រុស​ឈ្មោះ​វណ្ណា ចាន់​វោ​សិទ្ធ​អាយុ​៨​ឆ្នាំ​បាន​និយាយ​សួរ​ទៅ​ឪពុក​ ខណៈ​ដែល​ក្មេងប្រុស​កំពុងតែធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជោរៃ​ប្រទេស​វៀតណាម​ក្នុង​ក្តី​រន្ធត់​ថា ប៉ាៗ​តើ​ពេលណា​ទៅ​ទើប​គ្រូពេទ្យ​យក​ជើង​ម្ខាង​និង​ម្រាមដៃ​មក​ដាក់​ឲ្យ​ខ្ញុំ​វិញ ព្រោះ​ខ្ញុំ​ត្រូវ​ការ​ដើរ​ពិសេស​ខ្ញុំ​ត្រូវ​ចូលរួម​ប្រកួត​បាល់ទាត់​ប្រចាំ​សាលា​ផង។

យោង​តាម​ការ​រៀបរាប់​របស់​លោក​ឈុន វណ្ណា អាយុ​៤២​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រះកែវ​ ឃុំ​វិហារ​លួង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ដែល​ត្រូវជា​ឪពុក​បង្កើត​ក្មេងប្រុស​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ​កូនប្រុស​របស់​លោក​ ​​ត្រូវ​រថយន្ត​សណ្តោង​កុងតឺន័រ​ បាន​បើក​ទៅ​បុក​កូនប្រុស​របស់​លោក​ ខណៈ​ដែល​កូនប្រុស​លោក​បាន​ចេញពី​​រៀន​ ក្នុង​សាលា​បឋមសិក្សា​សម្តេច​ព្រះរាជអគ្គមហេសី​នរោត្តម​មុនីនាថ​សីហនុ​ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ក្បែរ​ផ្ទះ​ក្មេងប្រុស​រងគ្រោះ​តែម្តង។

លោក​បន្តថា​ ហេតុការណ៍​បានកើត​ឡើង​នៅ​ថ្ងៃទី​១៣​ ខែកក្កដា ​ឆ្នាំ​២០១៨ ខណៈ​ពេលដែល​កូន​របស់​គាត់​ពាក់មួក​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ផង។ ក្នុង​ពេល​កើតហេតុ​ ថ្វីត្បិតតែ​ក្មេងប្រុស​វណ្ណា ចាន់​វិ​សិទ្ធ​ ស្ថិតនៅ​ក្រោម​កង់​រថយន្ត​ ដែល​កៀប​គេ​ជាប់​ក៏ដោយ ​ក៏​គេ​ស្រវា​យក​មួក​គណបក្ស​ប្រជាជន​កម្ពុ​ជា​ម​ក​ពាក់​ដើម្បី​បង្ហាញ​ពី​ភាព​ស្រឡាញ់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ចំ​ថ្ងៃ​ដែល​ក្បួន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដង្ហែ​ក្បួន​ដល់​ចំណុច​ ដែល​ក្មេងប្រុស​វិ​សិទ្ធ​កំពុង​ជួប​គ្រោះថ្នាក់​ទៀតផង​។​

ឪពុក​ក្មេងប្រុស​បានបញ្ជាក់​ទាំង​សំឡេង​ក្តុកក្តួល​ថា ​មកដល់​ថ្ងៃនេះ​កូន​របស់​របស់​ត្រូវបាន​គ្រូពេទ្យ​ធ្វើការ​វះកាត់​ចំនួន​៣​ដង​ ដែល​លើកចុងក្រោយ​គ្រូពេទ្យ​បានសម្រេច​ចិត្ត​កាត់​ជើងឆ្វេង​វិ​សិទ្ធ​ដល់​គល់ភ្លៅ​ និង​កាត់​ម្រាមដៃ​អស់​៣​ទៀតផង​។​ លោក​បន្តថា​កាលពី​គ្រោះថ្នាក់​ភ្លាមៗ​ក្រុមគ្រួសារ​របស់លោក​បាន​បញ្ជូន​វិ​សិទ្ធ​ទៅធ្វើ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​គុន្ធបុប្ផា​នៅ​ក្រុងភ្នំពេញ ​ប៉ុន្តែ​លោក​បាន​សោកស្តាយ​នៅពេល​ទៅដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ហាក់​មិនសូវ​យកចិត្តទុកដាក់​ទុក​ឲ្យ​មេរោគ​រាលដាល​ដល់​រូបរាង​កាយ​ក្មេងប្រុស​វិ​សិទ្ធ​ ហើយ​អាការៈ​រោគ​កាន់តែ​ធ្ងន់ធ្ងរ​ ទើប​ក្រុមគ្រួសារ​ចិត្ត​ដឹកយក​ទៅធ្វើ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​វៀតណាម​ ដែល​ទីបំផុត​គ្រូពេទ្យ​បានសម្រេច​ចិត្ត​កាត់​ជើងឆ្វេង​ដល់​គល់ភ្លៅ ​និង​កាត់​ម្រាមដៃ​អស់​៣​ទៀតផង​។

​ឪពុក​បង្កើត​ក្មេងប្រុស​រងគ្រោះ​បាន​សំដែង​ការ​អរគុណ​ដល់​សប្បុរសជន​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ពិសេស​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​បានផ្តល់​ថវិកា​​ជួយ​ដល់​ក្មេងប្រុស​វិ​សិទ្ធ​រហូត​បាន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ​ហើយ​មកដល់​ថ្ងៃនេះ​កូនប្រុស​របស់​លោក​នៅ​រស់​រាន​មានជីវិត​ ប៉ុន្តែ​ត្រូវ​ក្លាយទៅជា​ជន​ពិការ​អស់​មួយ​ជីវិត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu