ភ្នំពេញ ៖ ដោយមើលឃើញពីភាពលំបាក និងអាណិតអាសូរដល់ស្ត្រីកំសត់មានផ្ទៃពោះត្រូវប្តីរត់ចោល និងរស់នៅចិញ្ចឹមម្តាយវ័យជរាថែមទាំងមានជំងឺដេកក្រោមដំបូលប្រក់តង់ធ្លុះធ្លាយនោះ ក៏ស្រាប់តែតារាចម្រៀង និងសម្ដែងអ្នកនាង ទូច ស្រីល័ក្ខ បានប្រកាសអំពាវនាវ និងស្នើឲ្យសប្បុរសជនចូលរួមបរិច្ចាគថវិកា និងសម្ភារៈជួយសង្គ្រោះគ្រួសារមួយនេះ។
អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះភ្ជាប់ជាមួយរូបថតដ៏កំសត់មកថា នាងខ្ញុំកំពុងស្វែងរកប្អូនស្រីដែលមានទុក្ខជាទម្ងន់ដែលគាត់កំពុងជួបទុក្ខលំបាកមានម្តាយឈឺដេកនៅកន្លែងហើយ សូម្បីតែកន្លែងស្នាក់នៅក៏គ្មានផងកុំថាឡើងលុយទិញថ្នាំសម្រាប់មើលម្តាយ សូម្បីតែលុយទិញម្ហូបក៏គ្មានដែរ អ្វីដែលខ្ញុំមិនអាចមើលនឹងភ្នែកបាន គឺប្អូនស្រីកំពុងពពោះ ហើយត្រូវបានប្តីរត់ចោលទៀតទុកឲ្យគាត់ទទួលរ៉ាប់រងដោយភាពឈឺផ្សារបំផុត។
តារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់ថា បើបងប្អូនណាមានសទ្ធាជ្រះថ្លា សូមជួយគាត់ដោយផ្តល់ជាតង់ក៏ដូចជាសម្ភារៈសម្រាប់រូបគាត់ដូចជា អាហារបរិភោគផ្សេងៗ។ នាងខ្ញុំទូច ស្រីល័ក្ខ នឹងទៅជួបគាត់ដោយផ្ទាល់ដោយថវិការបស់ខ្ញុំ ខ្ញុំបានរកគាត់ឃើញហើយគឺគាត់រស់នៅខេត្តកំពង់ឆ្នាំង អ្វីដែរសំខាន់គឺពួកគាត់គ្មានទីជម្រកទេព្រោះខែនេះមានភ្លៀង។
បន្ថែមពីលើនេះតារាស្រីអ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងទៀតថា ដូច្នេះសូមបងប្អូនណាអាចជួយសម្រួលជាថវិកាយើង និងទិញក្តារធ្វើឲ្យពួកគាត់នៅសិនចុះ មួយនាក់មួយ១ដុល្លារ មកបងប្អូនទៅជួយគាត់ទាំងអស់គ្នាតាមរយៈលេខទូរស័ព្ទ ៖ ០៩៦ ៧០០ ៩៨ ៥៥។
ជាមួយគ្នានៃការប្រកាសអំពាវនាវពីសំណាក់អ្នកនាង ទូច ស្រីល័ក្ខ នេះដែរ មានមហាជនជាច្រើនបានសម្ដែងការគាំទ្រ និងលើកសរសើរចំពោះទឹកចិត្តដ៏ល្អរបស់នាងក្នុងនាមជាតារាស្រីគំរូល្អ៕
Source: Kampuchea Thmey Daily
0 Comments