Ad Code

សម្ពោធ​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​នាវា​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ



ភ្នំពេញ ​៖ ​នា​ថ្ងៃ​ពុធ ៥​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៨ លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​អមដំណើរ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​នាវា​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ។

ថ្លែង​នៅក្នុង​របាយការណ៍​ជូន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា ​៖ ​ការ​បង្កើត​ឱ្យ​មាន​សេវា​នេះ​ មាន​គោលបំណង​ដើម្បី​ពង្រីក​វិស័យ​ដឹកជញ្ជូន​ឱ្យ​មាន​ច្រើន​ជម្រើស ពន្លឿន​ការ​ដឹកជញ្ជូន កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ អភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ និង​ប្រើ​ឱ្យ​អស់​លទ្ធភាព និង​សក្ដានុពល​នៃ​ទន្លេ​នៅក្នុង​ប្រទេស។

នាវា​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ ត្រូវ​ឆ្លងកាត់​ចំណត​នាវា​ ចំនួន ៥ ទីតាំង រួមមាន ៖ ចំណត​ឫស្សីកែវ ចំណត​ផ្សារ​ចាស់ ចំណត​ចតុមុខ ចំណត​ច្បារអំពៅ និង​ចំណត​ក្រុង​តាខ្មៅ។

សូម​បញ្ជាក់​អោយ​ដឹង​ថា បច្ចុប្បន្ន មាន​នាវា ចំនួន ៤​គ្រឿង​បាន​កំពុង​ប្រតិបត្តិការ ដែល​នាវា​នីមួយៗ​អាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី ៥៤​នាក់​ទៅ​៦០​នាក់ បើកបរ​ក្នុង​ល្បឿន​៤០​គីឡូម៉ែត្រ ​ចាប់ពី​ម៉ោង ៥:៣០​នាទី​ព្រឹក ដល់​ម៉ោង ៦:៣០ នាទី​ល្ងាច ជា​រៀងរាល់ថ្ងៃ ពី​ចំណត​ដើម​ដល់​ចំណត​ចុង​ប្រើ​រយៈពេល​តិច​ជាង​១​ម៉ោង។

គួរ​រំឭក​ផង​ដែរ​ថា ​៖​ ចាប់តាំងពី​ថ្ងៃ​ដាក់​ឱ្យ​ប្រតិបត្តិការ​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៨ រហូតដល់ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ មាន​អ្នកប្រើប្រាស់​សេវា​នេះ ចំនួន ៣០ ៦៤៧​នាក់ គិត​ជា​មធ្យម ២០០​នាក់​ក្នុង ១​ថ្ងៃ លើស​ពី​នេះ​ទៀត អ្នកប្រើប្រាស់​សេវា​នេះ ​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​សម្តែង​សេចក្តី​សាទរ​ចំពោះ​សមិទ្ធផល​ដ៏​ថ្មីស្រឡាង​មួយ​នេះ​របស់​ប្រទេសជាតិ​។​

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បាន​បន្ត​ថា ​៖ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រោង​សេវា​ដឹក​អ្នកដំណើរ​តាម​នាវា​ជាច្រើន​ត្រូវ​បាន​ចាប់បដិសន្ធិ​ឡើង​ដែល​ក្នុង​នោះ​ រួមមាន ​៖​ ការសិក្សា​ផែនការមេ​ដឹក​អ្នកដំណើរ​តាម​នាវា​ពី​ភ្នំពេញ​ទៅ​ខេត្តក្រចេះ​ត្រូវ​បាន​បញ្ចប់ និង​គម្រោង​សេវា​ដឹក​អ្នកដំណើរ​ជា​បន្ត​ទៀត គឺ គម្រោង​ទន្លេសាប (​ព្រែក​ព្នៅ ពញ្ញាឭ​) ទន្លេបាសាក់ (​ស្អាង​) ទន្លេមេគង្គ​លើ (​ស្ពាន​ព្រែ​កតា​មាក់​) និង​ទន្លេមេគង្គ​ក្រោម (​ដីឥដ្ឋ​) ជាដើម។

ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ​​៖​ បន្ទាប់ពី​សម្ពោធ​ដាក់​ឪ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ប្រគល់​ជូនទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​គ្រប់គ្រង និង​ប្រតិបត្តិការ​សេវា​នេះ។

ជាមួយ​គ្នា​នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ផ្ដាំ​ផ្ញើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ប្រើប្រាស់​សេវា​នេះ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ចំណេញ​ពេលវេលា ដោយហេតុថា គ្រប់​ចំណត​នាវា​ទាំងអស់​បាន​ត​ភ្ជាប់​ទៅ​នឹង​ស្ថានីយ​រថយន្តក្រុង​ ដែល​បង្ក​ភាព​ងាយស្រួល​ក្នុង​ការប្ដូរ​មធ្យោបាយ​ធ្វើដំណើរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu