តាកែវ ៖ ជនសង្ស័យពាក់ព័ន្ធនឹងករណីគាស់ផ្ទះអ្នកដទៃលួចយកម៉ូតូពីរនាក់ប្ដីប្រពន្ធ ត្រូវសមត្ថកិច្ចខេត្តកណ្តាលសហការជាមួយសមត្ថកិច្ចខេត្តតាកែវ ចុះបង្ក្រាបបានជាមួយនឹងវត្ថុតាង បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចមួយថ្ងៃ។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យក្នុងករណីលួចនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី នៅនឹងផ្ទះជនសង្ស័យក្នុងភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
ក្នុងប្រតិបត្តិការនេះដែរ ធ្វើឡើងតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងនគរបាលខេត្តតាកែវ សហការជាមួយសមត្ថកិច្ចជំនាញខេត្តកណ្តាល និងដោយមានការអនុញ្ញាតពីលោក ជីវ ចាន់ដារា ព្រះរាជអាជ្ញាខេត្តតាកែវផងដែរ។
តាមការឲ្យដឹងពីសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ អេម សំអាន ហៅទុយ ភេទប្រុស អាយុ៥៦ និងប្រពន្ធឈ្មោះ រឿន មុំ អាយុ៤៨ ទាំងពីរនាក់រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ សមត្ថកិច្ចបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺបន្ទាប់ពីមានពាក់បណ្តឹងពីជនរងគ្រោះរស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលអំពីករណីមានចោរលួចគាស់ផ្ទះយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០០៧ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។
ក្រោយមានពាក្យបណ្តឹងសមត្ថកិច្ចខេត្តកណ្តាល បានបើកការស៊ើបអង្កេតរហូតកំណត់បានមុខសញ្ញាជនសង្ស័យព្រមទាំងបានសហការជាមួយសមត្ថកិច្ចខេត្តតាកែវធ្វើការចុះចាប់ខ្លួនបានជាមួយនឹងវត្ថុតាង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចខេត្តកណ្តាលយកទៅចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments