Ad Code

ឃីម បូរ៉ា ជួប​ថៃ​Soun Tepheap ឯ ផុន ផាន់​ណា ជួប​បារាំង Naser នៅ​SEATV



​ឃីម បូរ៉ា អ្នក​ប្រដាល់​ក្លិបរ​ស្ម​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង ផុន ផាន់​ណា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ពួកគេ​ទាំងពីរ​នាក់​នេះ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​និង​បារាំង​នៅលើ​សង្វៀន​Ganzberg របស់​SEA-TV នា​យប់​ថ្ងៃ​សៅរ៍​ទី​០៤​ ខែ​សីហា ឆ្នាំ​​២០១៨​នេះ។

ឃីម បូរ៉ា អ្នក​ប្រដាល់​ជើង​ខ្លាំង នឹង​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ​Soun Tepheap ។ នេះ​ជា​គូប្រកួត​ដ៍​អស្ចារ្យ​មួយ ព្រោះថា គេ​ទាំងពីរ​នាក់​នេះ សុទ្ធតែ​វាយ​ខ្លាំង​ដូចគ្នា​។​

Soun Tepheap ជាមាន​ខ្សែក្រវាត់​បី​ឯណោះ ។ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ​កន្លងមក ។​ក្នុងនោះ Soun Tepheap ធ្លាប់​វាយ​ឈ្នះ​មាស ច័ន្ទ​មាន​ដោយ​ពិន្ទុ ឈ្នះ​ស៊ឹម វណ្ណ​ដេ​ត ក្នុង​ទឹក​ទី​៤ ឈ្នះ​គង់ សំបូរ​ក្នុង​ទឹក​ទី​៤ ចាញ់​សូត្រ ប៊ុន​ធី​ដោយ​ពិន្ទុ ឈ្នះ​យ៉េន ឌី​ណា ដោយ​ពិន្ទុ និង​ចុងក្រោយ​គេ​ជួប​ជាមួយ​ចាន់ សំអាត តែ​មិន​ប្រកាស​លទ្ធផល ។​
​ដូច្នេះ​គេ​ជឿថា ការជួបគ្នា​រវាង​ឃីម បូរ៉ា និង Soun Tepheap អ្នក​ប្រដាល់​ទាំងពីរ សុទ្ធតែ​ចង់​ផ្តួល​គ្នា​ទៅវិញទៅមក ។

ឃីម បូរ៉ា ជើង​ខ្លាំង​របស់​កម្ពុជា​នេះ គេ​ទើបតែ​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Phat Chhayak Phum ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​០២​មិថុនា​២០១៨​កន្លងមកនេះ ។
Soun Tepheap ដែលជា​គូរ​បស់​ឃីម បូរ៉ា​នេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុកថៃ​។ មក​ប្រកួត​លើកចុងក្រោយ​របស់ Soun Tepheap គឺ​គេ​ជួប​ចាន់ សំអាត ក្លិប​អន្លង់វែង តែ​មិន​ប្រកាស​លទ្ធផល ។ ឆ្លងកាត់​ការប្រកួត​៨៨​លើក Soun Tepheap វាយ​ឈ្នះ​៧៥​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក​។​

ឃីម បូរ៉ា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៧​លើក ឈ្នះ​៧៨​លើក និង​ចាញ់​២៧​លើក និង​ស្មើ​០២​លើក ។ បូរ៉ា គេ​មាន​ថ្វី​កែង​និង​ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង​ឃីម បូរ៉ា និង Soun Tepheap នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ? ។​
​ចំពោះ ផុន ផាន់​ណា អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​នៃ​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នឹងត្រូវ​ឡើង​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​បារាំង​ឈ្មោះ​Naser ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១ គីឡូក្រាម។​

ផុន​ផាន់​ណា អតីត​ជើង​ខ្លាំង​របស់​កម្ពុជា​នេះ គេ​ប្រកួត​លើកចុងក្រោយ​នេះ វាយ​ចាញ់​អ្នក​ប្រដាល់​បារាំង​Julien​ដោយ​ពិន្ទុ នា​ចុងខែ​កុ​ម្ភះ​ឆ្នាំ​២០១៨​កន្លងមក​នោះ ។​
កាលពី​៤​ឆ្នាំមុន ផាន់​ណា គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​យើង គេ​មាន​ប្រវត្តិ​ប្រកួត​៩៣​លើក ឈ្នះ​៦៨​លើក ចាញ់​២២​លើក និង​ស្មើ​០៣​លើក ហើយ​ធ្លាប់​ផ្តួល​អ្នក​ប្រដាល់​បរទេស​អស់​ច្រើន​នាក់​មកហើយ។

ផាន់​ណា និង​Naser អ្នក​ប្រដាល់​បារាំង​នេះ គឺអាច​ស៊ីសង​គ្នា​បាន ព្រោះ​ផាន់​ណា​គេ​មានបទពិសោធន៍​ច្រើន​ក្នុងការ​ប្រកួត ហើយ​គេ​ក៏មាន​កលល្បិច​សំរាប់​ទប់ទល់​ជាមួយ​អ្នក​ប្រដាល់​បារាំង​នេះដែរ។​

Naser ធ្លាប់​មក​ប្រកួត​ម្តង​ពីរដង​ហើយ​នៅ​កម្ពុជា ដែល​ការ​មក​ប្រកួត​លើកចុងក្រោយ​របស់គេ​នោះ គឺ​វាយ​ស្មើ​ជាមួយ​ហេង​វិឆ័យ កាលពី​ថ្ងៃទី​១៤​កក្កដា​២០១៨​កន្លងមកនេះ ។ អ្នក​ប្រដាល់​បារាំង​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៩​លើក ឈ្នះ​១៧​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក ។​

ទោះជា​យ៉ាងណា សំរាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​បារាំង​Naser និង ផុន ផាន់​ណា​នេះ គឺ​មិនអាច​ទស្សន៍ទាយ​មុន​ថា នរណា​ជា​អ្នកឈ្នះ​នោះទេ។ ចាំ​មើល​ផុន​ផាន់​ណា អាច​យកឈ្នះ​Naser បាន​ឬ​អត់​?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu