Ad Code

ជាប់គុក​នៅ​សៀមរាប​មិន​អស់ចិត្ត មក​គាស់​ផ្ទះ​នៅ​បាត់ដំបង​ទៀត ជាប់គុក​ដដែល



បាត់ដំបង ​៖​ ស្ត្រី​ម្នាក់​ដែល​ជា​មុខសញ្ញា​គាស់​ទម្លុះទម្លាយ​ដ៏​សកម្ម ត្រូវបាន​ម្ចាស់ផ្ទះ​ទាន់​ ពេល​ចូលធ្វើ​សកម្មភាព​បម្រុង​លួច​យក​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​ធ្វើការ​ចាប់ខ្លួន​ប្រគល់​​ទៅអោយ​សមត្ថកិច្ច ខណៈដែល​ម្ចាស់ផ្ទះ​រវល់​ចេញទៅ​លក់​អីវ៉ាន់​នៅខាងមុខ​ផ្ទះមួយ​ភ្លែត​ ត្រូវ​ជនសង្ស័យ​រូបនេះ​គាស់​បង្អួច​ចូល​តាម​ចម្រឹង​ដែក​តែម្តង។

ករណី​គាស់​ផ្ទះ​នេះ​ដែរ គឺ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់ចំណុច​ភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​ ដែល​លំនៅឋាន​នេះ​របស់​ឈ្មោះ​ភួង សា​រ៉ង ភេទ​ស្រី ​ អាយុ​៥៣​ឆ្នាំ ​ មាន​មុខរបរ​លក់ដូរ​ ចំណែក​ជនសង្ស័យ​មាន​ឈ្មោះ ភិន សុភឿន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បាឡាត់​ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ស្ត្រី​ ដែល​ជា​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​ ដោយ​យក​ឈើ​ជ្រុង​ទៅ​គាស់​ចម្រឹង​បង្អួច​របស់​ប្រជាពលរដ្ឋ​ម្តង​រួច​មក​ហើយ នៅ​ត្រង់​ចំណុច​ក្រុមទី​៤ ភូមិ​ប្រិ​យ៍​ចាស់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ ដោយ​ជនរងគ្រោះ​ឈ្មោះ វ៉ាន់ ចាន់ថន ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ គ្រូ បង្រៀន គឺ​បាន​ចូល​ទៅ​ក្នុងផ្ទះ​បម្រុង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់ផ្ទះ​មក​ទាន់​ហើយ​រាយការណ៍ ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​យក​ទៅ​មក​សាកសួរ ហើយ​ក៏បាន​បញ្ជូន​ទៅកាន់​តុលាការ​ ផង​ដែរ។

លុះ​នៅពេល​កើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ស្ត្រី​រូប​នេះ​មក​ធ្វើ​សកម្មភាព​ចាស់​ដដែល ដោយ​ត្រូវ​បាន​ម្ចាស់​មក​ទាន់​ដូចគ្នា​ ដោយ​ពេលនេះ​សមត្ថកិច្ច នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក​បាណន់ កំពុង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​រុញ​ទៅ​តុលាការ​ម្តង​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu