Ad Code

អ៊ុង វិ​រះ ស្វាគមន៍​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ថៃ​Krak Boelek លើ​ស​ង្វៀន​TV5



អ៊ុង វិ​រះ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូផ្គង អោយ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ទម្ងន់​ធ្ងន់ Krak Boelek នា​យប់​ថ្ងៃ​សៅរ៍​ទី​០៤ ខែ​សីហា ​ឆ្នាំ​២០១៨​នេះ នៅ​លើ​សង្វៀន​TV5 ព្រែកកំពឹស។

អ៊ុង វិ​រះ និង Krak Boelek នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៩០​គីឡូក្រាម ។ អ៊ុង វិ​រះ​លើក​នេះ ប៉ះចំ​ជើង​ខ្លាំង​ហើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ត្រឹម​តែមាន​មាឌធំ​ដូច​យក្ស​ទេ ថែមទាំង​វាយ​ល្អ​និង​ខ្លាំង​ទៀត។ ដូចនេះ​មិនធម្មតា​ទេ យក​ថៃ​មាឌធំ​មកជួប អ៊ុង វិ​រះ លើក​នេះ ដោយសារតែ​យកមក​លើក​មុនៗ ត្រូវ​អ៊ុង វិ​រះ បំបាក់​តែ​ក្នុង​២​ឬ​៣​ទឹក​ប៉ុណ្ណោះ។

លោក​សេង ក​ដិ​កា អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​ប៉ុស្តិ៍​លេខ​៥ បានអោយដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​មាឌធំ​មែន តែ​ការប្រកួត​របស់គេ​នៅលើ​សង្វៀន​Thai Fight ល្អ​ណាស់ ។​ម្យ៉ាងទៀត TV5​ចង់​ឲ្យ​មានការ​ចាប់អារម្មណ៍​នូវ​កីឡាករ​ទម្ងន់​យក្ស​នេះ ពីព្រោះ​កម្រ​រកបាន​ណាស់ TV5​ចង់​ឲ្យ​ប្លែក​....​ទើប​យក Krak Boelek​មកនេះ។​

ទោះជា​យ៉ាងណា អ៊ុង​វិ​រះ គេ​មិន​ខ្លាច​នោះឡើយ ដោយ​គេ​បាន​អះអាងថា ការ​ឈ្នះ​ចាញ់ មិនអាច​ថា​មុន​បានទេ គឺ​ទាល់តែ​ប្រកួត​គ្នា ទើប​ដឹងថា​អ្នកឈ្នះ​អ្នកណា​ចាញ់​បាន។

អ៊ុង វិ​រះ​ក្នុងការ​ប្រកួត​ចុងក្រោយ​នៅ​សង្វៀន​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី​០១​ធ្នូ​២០១៧ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Takunsingha Thor.Jatuthen ក្នុង​ទឹក​ទី​៣​ប៉ុណ្ណោះ។ គិត​ត្រឹម​ពេលនេះ អ៊ុង វិ​រះ​គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​បរទេស​ជិត​៥០​នាក់​ហើយ ក្នុងនោះ​មាន​ថៃ​៣៩​នាក់​ផងដែរ។​

អ៊ុង វិ​រះ គេ​មាន​ផ្លែ​កណ្តាប់ដៃ​និង​ជង្គង់​ល្អ​ណាស់ ហើយ​ថែមទាំង​មាន​កម្លាំង​កាយសម្បទា​ល្អ​រឹងមាំ មិន​ចាញ់​អ្នក​ប្រដាល់​បរទេស​ឡើយ ។ ហើយ​បើ​ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង​វិញ អ៊ុង វិ​រះ​ហាក់ដូចជា​រក​ដៃគូ​មិនបាន​នោះទេ ព្រោះ​គេ​ឈ្នះ​រហូត ។

អ៊ុង វិ​រះ មានចិត្ត​ប្រដាល់​ធំ មិនចេះ​ខ្លាច មិនចេះ​ញញើត គ្រាន់តែ​គេ​ខ្វះ​ល្បិចកល​ក្នុងការ​ផ្តួល​គូប្រកួត​តែប៉ុណ្ណោះ ។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ Krak Boelek មិន​ប្រាកដថា​អាច​យកឈ្នះ​លើ អ៊ុង វិ​រះ បាន​នោះឡើយ​។ ប៉ុន្តែ​យ៉ាងណា អ៊ុង វិ​រះ ក៏​មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះដែរ។​
Krak Boelek នេះ បើតាម​លោក​សេង ក​ដិ​កា ដែលជា​អ្នក​ផ្គូផ្គង​នោះ បាន​ឲ្យ​ដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ “ គាត់​មិនដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ប៉ុន្តែ​នៅ​ថៃ​គាត់​មានការ​ប្រកួត​ច្រើន​គួរ​សមនៅ​Thai Fight ខ្ញុំ​គិតថា​លើក​នេះ​គាត់​ត្រូវ​ជួបនឹង​អ៊ុង វិ​រះ​ពិតជា​ល្អមើល​មិន​ខាន “ ។

អ៊ុង វិ​រះ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជាង​១០០ លើក​ហើយ ដែល​ក្នុង​ចំនួន​នេះ​គេ​វាយ​ឈ្នះ​៨៩​លើក ចាញ់​៨​លើក និង​ស្មើ​០៨​លើក ហើយ​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ច្រើន នៅក្នុង​ស្រុក​ខ្មែរ​នេះ ។ ចាំមើល តើ​អ៊ុង វិ​រះ ឬ Krak Boelek ដែល​ឈ្នះ​ក្នុងការ​ប្រកួត​គ្នា​នេះ ?៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu