បន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ ពេលមេឃកំពង់ភ្លៀងបាននាំមិត្តភក្តិទាត់បាល់លេង ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័មវេលាម៉ោង៤រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានស្រុកតាគង់ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឆន ចន្ថាប្រុស អាយុ១៧ឆ្នាំ នៅភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះ មានភ្លៀងមួយមេយ៉ាងខ្លាំងលាយឡំជាមួយនឹងផ្គររន្ទះ ពេលនោះក្មេងរងគ្រោះរួមជាមួយនឹងមិត្តភក្តិនៅក្នុងភូមិជាមួយគ្នាបាននាំគ្នារត់លេងទាត់បាល់យ៉ាងសប្បាយ ហើយបាល់បានខ្ទាតទៅក្រោមដើមចាន់គីរីមួយដើមយ៉ាងធំជិតកន្លែងលេងបាល់ ពេលនោះក្មេងប្រុសរងគ្រោះក៏រត់ទៅរើសបាល់ក៏ស្រាប់តែរន្ទះបាញ់ចំតែម្តងបណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយពីកើតហេតុរួច សពត្រូវបានគ្រួសារយកមកធ្វើបុណ្យនៅផ្ទះជនរងគ្រោះតាមប្រពៃណីតែម្តង៕
Source: Kampuchea Thmey Daily
0 Comments