Ad Code

គណៈកម្មការ​វិន័យ​ចេញ​លិខិត​ពិន័យ​គ្រូបង្វឹក​ក្រុម​បឹងកេត ម្តងទៀត​តែ​ពិន័យ​ក្នុង​ប្រកួត​លី​គ​ប៉ុណ្ណោះ



គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានចេញ​លិខិត​មោឃ​លិខិត​ចាស់​របស់ខ្លួន​ចេញពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ ដែល​ចេញ​ពិន័យ​លោក ហៅ សុជាតិ គ្រូបង្វឹក​របស់​ក្រុម​បឹងកេត មិន​ឲ្យ​ចូលរួម​ដឹកនាំ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​នានា​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រយៈពេល​មួយ​ខែ និង​ពិន័យ​ជា​ប្រាក់​៥​សែន​រៀល ពី​បទ​ប្រើ​ឥរិយាបថ​មិន​សមរម្យ​ដាក់​មន្ត្រី​ប្រកួត ដោយ​រុញ​ព្រមទាំង​ប្រើស​ម្ដី​មិន​សមរម្យ​។



ចំណែក​លិខិត​ថ្មី​លើក​ទី​២ របស់​គណៈកម្មការ​វិ​ន័យ​ដែល​ចេញ​នៅ​ថ្ងៃ​ពុធ ទី​០១ សីហា សប្ដាហ៍​នេះ​ បាន​កែតម្រូវ​ថា​ ការ​ពិន័យ​គ្រូ​បង្គោល​ក្លិប​បឹងកេត លោក ហៅ សុជាតិ មាន​សុពលភាព​តែ​នៅក្នុង​ការប្រកួត​ពាន​រង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League ប៉ុណ្ណោះ​។ ការពិន័យ​នេះ​ត្រូវអនុវត្ត​រយៈពេល​មួយខែ និង ត្រូវ​បង់ប្រាក់​៥០​ម៉ឺន​រៀល ហើយ​មាន​ពេល​៥​ថ្ងៃ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​។



ក្រោយ​ទទួលពិន័យ​តាមរយៈ​លិខិត​ដំបូង លោក ហៅ សុជាតិ បាន​បាន​ទទួលស្គាល់​ថា ​ខ្លួន​ពិតជា​ខុស​មែន​ដែល​រុញ​មន្ត្រី​ទី​៤​។ លោក​បន្ត​ថា «​ពេលនោះ​ខ្ញុំ​បាន​មន្ត្រី​ទី​៤​ដើរមក​សម្របសម្រួល​ខាង​ខ្ញុំ បន្ទាប់ពី​កីឡាករ​លេខ​៣​របស់​សូល​ទី​ឡូ ទាត​សាត រ៉ូ​ហ្ស៊ី​ប ពីក្រោយ ហើយ​កីឡា​ករលេខ​៣​នោះ​កាលពី​ជើង​ទី​១​ក៏បាន​ទាត់​ពីក្រោយ​ឲ្យ Paul Omogba របួស​ដែរ​។ ពេល​មន្ត្រី​ទី​៤​ដើរ​ចូលមក​ក្បែរ​កន្លែង​ខាង​ក្រុម​បឹងកេត អង្គុយ ខ្ញុំ​បាន​យកដៃ​រុញ​គាត់​ហើយ​និយាយ​ថា ជួយ​មើល​ផង រួច​មន្ត្រី​ទី​៤​បាន​ប្រាប់​ទៅ​អាជ្ញាកណ្ដាល ហើយ​អាជ្ញាកណ្ដាល​មក​បណ្ដេញ​ខ្ញុំ​ទៅ​ខាង​លើ​។ ខ្ញុំ​មិនបាន​ប្រតិកម្ម​អ្វី​បន្ថែម​ទេ ខ្ញុំ​នៅ​ស្ងៀម​និង​ដើរចេញ​តាម​ការ​បញ្ជា​ហើយក៏​មិន​និយាយ​អ្វី​ដែរ​។ ខ្ញុំ​មិនមែន​ចង់​គេច​ពី​កំហុស​ទេ តែ​ការ​ពិន័យ​ហាក់​ធ្ងន់​លើស​ពី​កំហុស​របស់ខ្ញុំ​»​។



​លោក បែ មករា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​ធ្លាប់បាន​លើកឡើង​ថា​ «​ពួកយើង​ទទួល​ស្គាល់​ថា​ គ្រូ​របស់​យើង​បាន​រុញ​មន្ត្រី​ទី​៤​មែន ក្រោយ​កីឡាករ​សូល​ទី​ឡូ​អង្គរ​ទាត់​ជើង សាត រ៉ូ​ហ្ស៊ី​ប ពីក្រោយ ដោយសារតែ​គាត់​ទ្រាំ​មិនបាន​ចំពោះ​ការសម្រេចចិត្ត​របស់​អា​ជ្ញា​កណ្ដាល​លើ​ទីលាន​ជាច្រើនលើក ប៉ុន្តែ​គាត់​មិនបាន​ជេរប្រមាថ​ទេ​។ គាត់​គ្រាន់តែ​ប្រាប់​ឲ្យ​មន្ត្រី​ទី​៤​មើល​ហើយ​ជួយ​ប្រាប់​អាជ្ញាកណ្ដាល​ផង​។ ចំពោះ​ការ​ពិន័យ​លើក​មុន​ដែល​មិន​ឲ្យ​គាត់​ដឹកនាំ​ទាំង​ពានរង្វាន់​សម្តេច​តេ​ជោ និង​លី​គ គឺ​យើង​មិន​សុខចិត្ត​ទេ​»​។

សូម​បញ្ជាក់​ថា ​ក្នុង​ប្រកួត​បរាជ័យ​លើកដំបូង​របស់​បឹងកេត ពេល​ចាញ់​ក្រសួងការពារជាតិ ២​ទល់​០ នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា គឺ​មិន​មាន​វត្តមាន​របស់លោក ហៅ សុជាតិ នៅលើ​ទីលាន​នោះទេ ដោយ​លោក លី វ៉ា​វី ដែល​ជា​គ្រូ​ជំនួយ​ដើរតួរ​ធ្វើជា​គ្រូបង្វឹក​ជំនួសវិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu