ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ឆ្នាំ២០១៨ នេះ គឺជាឆ្នាំដែលប្រទេសកម្ពុជាបានទទួលជោគជ័យធំលើការកសាងសេដ្ឋកិច្ច កសាងប្រជាធិបតេយ្យ និង ដំណើរការសន្តិភាពនៅក្នុងប្រទេស។ ដូច្នេះសម្តេចសម្រេចកាដូជូនប្រជាពលរដ្ឋជិះនាវាដឹកអ្នកដំណើរដោយមិនគិតថ្លៃចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៨ ព្រមទាំងជិះរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត និង ពីប៉ោយប៉ែតមកភ្នំពេញដោយមិនគិតថ្លៃរហូតដល់ដើមឆ្នាំ២០១៩ដែរ។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសដូច្នេះកាលពីព្រឹកថ្ងៃទី១ ខែសីហានេះ នៅពេលដែលសម្តេចបានបង្ហាញមុខជាសាធារណៈលើកដំបូងបន្ទាប់ពីការបោះឆ្នោតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ដែលការបង្ហាញមុខនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរនៅក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែសីហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកកាសែតថា ឆ្នាំ២០១៨ នេះ គឺជាឆ្នាំដែលប្រទេសកម្ពុជាបានទទួលជោគជ័យធំ ទៅលើការកសាងសេដ្ឋកិច្ច កសាងប្រជាធិបតេយ្យ និង ដំណើរការសន្តិភាពនៅក្នុងប្រទេស។ ដូច្នេះលោកសម្រេចឲ្យប្រជាពលរដ្ឋជិះនាវាដឹកអ្នកដំណើរដោយមិនគិតថ្លៃចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋក៏អនុញ្ញាតឲ្យជិះរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត និង ពីប៉ោយប៉ែតមកភ្នំពេញដោយមិនគិតថ្លៃរហូតដល់ដើមឆ្នាំ២០១៩ដែរ។ ដោយសម្តេចបញ្ជាក់ថា នេះជាកាដូសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ជាការកត់សម្គាល់ នៅក្នុងឱកាសបង្ហាញមុខជាសាធារណៈលើកដំបូងនៅក្រោយការបោះឆ្នោតជ្រើសទាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រដ៏ច្រើនលើសលុបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមិនបានបញ្ចេញប្រតិកម្មតបទៅនឹងបណ្តាប្រទេសមួយចំនួន ដែលមិនពេញចិត្តនឹងដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបដិសេធឆ្លើយនិងសំណួររបស់អ្នកសារព័ត៌មានដែលបានសួរពាក់ព័ន្ធជាមួយលទ្ធផលដែលគណបក្សប្រជាជនទទួលបាន ដោយសម្តេចគ្រាន់តែបញ្ជាក់ថា សម្តេចមកទីនេះដើម្បីសម្ពោធស្ថានីយដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក មិនមែនមកស្ថានីយបោះឆ្នោតនោះទេ។
កាលពីថ្ងៃទី៣១ ខែកក្កដា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនយោបាយខ្លី តាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចថា “កម្ពុជាបានសម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា “តាមរយៈលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត៨២,៨៩% នៃចំនួនអ្នកបោះឆ្នោតសរុប ៨.៣៨០.២១៧ និងមានគណបក្សនយោបាយចំនួន២០ បានចូលរួមគឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុតគាំទ្រការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”។
គួរបញ្ជាក់ថា ចំណតនាវាឫស្សីកែវមានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០ តោន ,ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចាំមានទំហំ៨៤ម៉ែត្រការ៉េព្រមទាំងមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ដោយប្រើប្រាស់ថវិកាជាតិអស់ប្រមាណ ២.៣៥១.៧៣០.០០០រៀល ស្មើនឹងជិត ៥៩ម៉ឺនដុល្លារអាមេរិក។
ចំណតនាវា៤ទីតាំងផ្សេងទៀតដែលភ្ជាប់ការដឹកជញ្ជូនផ្លូវទឹក និង ផ្លូវគោកក្នុងមូលដ្ឋានរាជធានីភ្នំពេញ និង ខេត្តកណ្តាលនោះរួមមានចំណតនាវាផ្សារចាស់ ចំណតនាវាចតុមុខ ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ។ ចំណតទាំង ៥ កន្លែងនេះបានចំណាយថវិកាសាងសង់អស់ប្រមាណ ៦.០២៩លានរៀល ស្មើនឹងជាង ១,៥លានដុល្លារ៕
Source: Kampuchea Thmey Daily
0 Comments