Ad Code

ជើងឯក​អាស៊ាន​ ៖​ ក្រុម U16​កម្ពុជា យក​ហ្វីលីពីន មុន​បន្ត​ប៉ះ​ក្រុមទី​ម័​រ​ខាងកើត ខណៈ​គ្រូបង្វឹក​នៅមាន​សង្ឃឹម​ច្រើន



​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​កម្ពុជា​(U16) បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន ៥​ទល់​១ ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន 2018 AFF U16 Championship ដែល​កំពុងតែ​ដំណើរការ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ខណៈគ្រូបង្វឹក​របស់​កម្ពុជា ហាក់​មា​ន​សង្ឃឹ​ម​ខ្ពស់​សម្រាប់​ប្រកួត​ដែល​នៅសល់​ផ្សេងទៀត​។

ការប្រកួត​ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​លើ​ទីលាន​កីឡដ្ឋាន​Gelora Joko Samudro Stadium ក្នុង​ទីក្រុង Gresik​ក្រុម U16​កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុម​ហ្វីលីពីន ៥​ទល់​១​។ ៥​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ​វ័យក្មេង លីន ដា​រ៉ា​ដេវីដ ​នាទី​១៦ មិត្ត សា​ម៉ែ​ល នាទី​២៧ គី រី​ណា​នាទី​៥៦ និង​នាទី​៧១​ខណៈ ប៊ុនធឿន ប៊ុន​ណា​រ៉ុង​រកបាន​មួយទៀត​នៅ​នាទី​៨០​។ ចំណែក​១​គ្រាប់​វាយបក​របស់​ក្រុម U16 ហ្វីលីពីន រកបាន​ដោយ​កីឡាករ Renard Ropert Lopez Yu នាទី​ទី​១១​។



លោក Lee Tae Hoon គ្រូបង្វឹក​របស់​ក្រុម​កម្ពុជា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា “​ប្រកួត​នេះ​នៅ​វគ្គ​ទី​២​យើង​លេង​បាន​ល្អ​ជាង​វគ្គ​ទី​១​។ សម្រាប់​យើង​គឺ​នៅសល់​៣​ប្រកួត​ទៀត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ដើម្បី​រក​កៅអី​ឡើង​ទៅ​វគ្គ​បន្ត​។ ដូច្នេះ​ការ​ឈ្នះ​ប្រកួត​នេះ គឺជា​ការរក្សា​ផ្លូវ​ឲ្យ​យើង​បន្តដំណើរ​ទៅមុខទៀត​»។

មុន​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី ក្រុម​U16​កម្ពុជា បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ដោយ​លទ្ធផល​៤​ទល់​០ និង​ស្មើគ្នា​ជាមួយ​ក្រុម UiTM-U19 ០​ទល់​០ អំឡុង​ពេល​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល​១០​ថ្ងៃ​។ សម្រាប់​ប្រកួត​ជា​បន្ត​ក្រុម U16​កម្ពុជា ត្រូវ​ប៉ះ​ក្រុមទី​ម័​រ​ខាងកើត នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​២ ខែសីហា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន​Gelora Joko Samudro Stadium ក្នុង​ទីក្រុង Gresik​ដូចគ្នា​។



កាលពី​ប្រកួត​បើកឆាក​ក្រុម​កម្ពុជា​បាន​ចាញ់​ក្រុម​វៀតណាម ១​ទល់​០ ហើយ​បន្ទាប់ពី​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន នេះ​ក្រុម​កម្ពុជា ត្រូវ​បន្ត​ប៉ះ​ក្រុមទី​ម័​រ​ខាងកើត បន្ត​មក​ទៀត​នៅ​ថ្ងៃទី​៤ ខែសីហា កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា និង​នៅ​ថ្ងៃទី​៦ ខែសីហា កម្ពុជា ប្រកួត​បិទ​ពូ​ល​ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​។

ពានរង្វាន់ 2018 AFF U16 Championship វិញ​មាន​ក្រុម​ត្រៀម​ចូលរួម​ចំនួន​១១ ចាប់​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ទីលាន​ចំនួន​២​គឺ​កីឡដ្ឋាន Gelora Joko Samudro Stadium និង​កីឡដ្ឋាន​Gelora Delta Stadium​។ យោងតាម​ការ​ចាប់​ឆ្នោត​បែងចែក​ពូ​ល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) មាន​ពូ​ល A ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, វៀតណាម​, មី​យ៉ាន់​ម៉ា​, កម្ពុជា​, ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន ខណៈ​ពូ​ល B មាន​ថៃ​, ម៉ាឡេស៊ី​, សិង្ហបុរី, ឡាវ និងប្រ៊ុយណេ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu