Ad Code

ឆ្លង​ចរន្ត​អគ្គិសនី ឆេះ​ទីតាំង​ស្តុក​អេតចាយ មួយ​កន្លែង​ខ្ទេច​គ្មាន​សល់



បាត់ដំបង ​៖ ​ទីតាំង​ស្តុក​ អេតចាយ​​ដ៏​ធំ​មួយ​កន្លែង​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់​ទាំង​រំលង​អធ្រាត្រ ​ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ ដែល​នៅ​ក្បែរ​ខាង​ផង​ដែរ​ ប៉ុន្តែ​អណ្ដាត​ភ្លើង​នេះ​ មិនបាន​រាលដាល​ទៅដល់​ផ្ទះ​អ្នកជិតខាង​ឡើយ ដោយសារតែ​មានការ​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា​ពី​សំណាក់​រថយន្ត បង្ការ​ ពន្លត់អគ្គីភ័យ​ របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត បាត់ដំបង។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ នៅ​វេលា​ម៉ោង ១១ និង ៣០ នាទី យប់ ថ្ងៃទី​១៤​ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ឃ្លាំង​ស្តុក​អេតចាយ មួយកន្លែង ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​ឃ្លាំង​ស្តុក​អេតចាយ​នេះ​មាន​ទំហំ ២០ x ៨ ម៉ែត្រ ធ្វើ​អំពី​ដែក ប្រក់​ស័ង្កសី​ ជា​របស់​ជនរងគ្រោះ​ឈ្មោះ ទ្រី សុភា​រឹទ្ធ ភេទ​ស្រី អាយុ ២៨ ឆ្នាំ។

តាម​ការ​អះអាង​ពី​ម្ចាស់​ទីតាំង​ក៏ដូចជា​ប្រជាពលរដ្ឋ ​ នៅ​ជិតខាង បាន​និយាយ​ថា​ ការ​ឆាបឆេះ​នេះ ទំនងជា​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី​ ទើប​កើតមាន​រឿងហេតុ​បែបនេះ ហើយ​ម្យ៉ាងទៀត​ដោយសារតែ​ទីតាំង​នេះ​សុទ្ធតែ​អេតចាយ​ ដូច្នេះ​ធ្វើអោយ​អណ្តាតភ្លើង ងាយ​នឹង​ឆេះ​ជាទីបំផុត បានជា​លឿន​បែបនេះ។

ដោយឡែក លោក រៀម សារ៉េត នាយរង​ការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ នៃ​ស្នងការដ្ឋាន​​នគរបាល​ខេត្ត បាន​បញ្ជាក់​ថា ការ​ចុះ​ប្រតិបត្តិការ​នេះ ​ គឺ​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​១៥ រូប រថយន្ត​ចំនួន ៣ គ្រឿង និង​ប្រើប្រាស់​ទឹក​អស់ ៦ ធុង និង​ដោយមាន​ការ​សហការ​ពី​កម្លាំង​ កងរាជអាវុធហត្ថ​ក្រុង ​សមត្ថកិច្ច​ ក៏ដូចជា​លោក​អភិបាលក្រុង​ផង​ដែរ ទើប​អាច​ទប់ស្កាត់​នូវ​ការ​រាលដាល​នេះ​បាន ដោយ​បាន​បញ្ចប់​នៅ​ម៉ោង ជិត ២ រំលង​អធ្រា​ត្រ ប៉ុន្តែ​អគ្គិភ័យ​នេះ មិនបាន​បង្ក​អោយ​មាន​ការ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ ហើយក៏​មិនបាន​បំផ្លាញ​នូវ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu