កាលពីថ្ងៃអង្គារ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបដិសេធនូវការផ្លាស់ប្តូរណាមួយចំពោះគោលនយោបាយ “ចិនតែមួយ” បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានធ្វើសុន្ទរកថានយោបាយមួយនៅសហរដ្ឋអាមេរិកសម្រាប់ជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំដែលមេដឹកនាំតៃវ៉ាន់មួយរូបបានធ្វើដូច្នេះ។
ក្រុងប៉េកាំងបាននិយាយថា ខ្លួនបានដាក់ការតវ៉ាជាផ្លូវការមួយទៅសហរដ្ឋអាមេរិកស្តីពីសុន្ទរកថារបស់លោកស្រី Tsai នៅទីក្រុង Los Angeles ដែលនៅទីនោះលោកស្រីបាននិយាយថា សេរីភាពនិងអនាគតរបស់តៃវ៉ាន់មិនអាចចរចារបានទេ។
លោកស្រី Tsai បាននិយាយបែបនេះនៅបណ្ណាល័យប្រធានាធិបតី Ronald Reagan ខណៈពេលឆ្លងកាត់សម្រាប់ការធ្វើដំណើរទៅប្រទេសប៉ារ៉ាហ្គាយនិងបេលីសដែលជាប្រទេសពីរក្នុងចំណោមបណ្តាប្រទេសមួយចំនួនដែលបន្តទទួលស្គាល់រដ្ឋាភិបាលក្រុងតៃប៉ិ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert បាននិយាយថា សុន្ទរកថានេះមិនបានតំណាងឲ្យទង្វើណាមួយដោយរដ្ឋបាលរបស់លោក Trump ដើម្បីផ្លាស់ប្តូរគោលជំហរផ្លូវការរបស់សហរដ្ឋអាមេរិកដែលទទួលស្គាល់ក្រុងប៉េកាំងថាជារដ្ឋាភិបាលតែមួយរបស់ចិនហើយមិនបានទទួលស្គាល់ជាផ្លូវការរដ្ឋាភិបាលរបស់តៃវ៉ាន់នោះទេ។
លោកស្រីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “គោលនយោបាយរបស់យើងលើកោះតៃវ៉ាន់គឺមិនផ្លាស់ប្តូរទេ”។
រដ្ឋបាលអាមេរិកកាលពីមុនបានរារាំងមេដឹកនាំតៃវ៉ាន់ពីការថ្លែងសុន្ទរកថានៅសហរដ្ឋអាមេរិកព្រោះវានឹងបង្កើនឋានៈការទូតរបស់ពួកគេទាំងស្រុងនិងធ្វើឲ្យប្រទេសចិនខឹងសម្បា។
ការធ្វើដំណើរឆ្លងកាត់របស់លោកស្រី Tsai នៅទីក្រុង Los Angeles គឺជារឿងសំខាន់បំផុតចាប់តាំងពីការឈប់សំចតឆ្នាំ២០០៣របស់លោកប្រធានាធិបតី Chen Shui-bian នៅទីក្រុងញូវយ៉កដែលជាកន្លែងលោកទទួលបានពានរង្វាន់សិទ្ធិមនុស្សនិងថ្លែងសុន្ទរកថាជាសាធារណៈជាច្រើន។
លោកស្រី Tsai ដែលជាអ្នកការពារឯករាជ្យយ៉ាងមុតមាំរបស់កោះតៃវ៉ាន់បាននិយាយនៅក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទថា “យើងនឹងរក្សាពាក្យសន្យារបស់យើងដែលថា យើងមានឆន្ទៈក្នុងការរួមគ្នាជំរុញស្ថិរភាពនិងសន្តិភាពក្នុងតំបន់ក្រោមគោលការណ៍នៃផលប្រយោជន៍ជាតិ សេរីភាពនិងលទ្ធិប្រជាធិបតេយ្យ”៕ AFP
Source: Kampuchea Thmey Daily
0 Comments