Ad Code



យក​ភាព​ស្គាល់គ្នា​ធ្វើ​ដើមទុន ឆបោក​ប្រាក់​បាន​ហើយ ​ជិះ​ម៉ូតូ​រត់គេច​ ជាប់​អន្ទាក់​ប៉ូលិស
ភ្នំពេញ ​៖ ​ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង​ពី​បទ ឆបោក (​យក​លុយ​ចំនួន​៣០០$ ​សហរដ្ឋអាមេរិក ) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្រោយពី​ជនសង្ស័យ​ម្នាក់​នេះ​យក​ភាព​ស្គាល់គ្នា​ធ្វើជា​ដើមទុន ឆ​បោក​ប្រាក់គេ​បានជា​ច្រើន​រយ​ដុល្លារ​នោះ។

ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​អង្គារ ៣​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៥​និង​៤០​នាទី នៅ​ចំណុច​លើ​ផ្លូវ​លេខ​២៦១ កែង​ផ្លូវ លេខ​២៣០ ក្រុម​ទី​១៣ ភូមិ​៤ សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពោល​គឺ​បន្ទាប់ពី​បើក​ម៉ូតូ​រត់គេច​ពី​ចំណុច​មុខ​ផ្ទះ​លេខ​២E ផ្លូវ​លេខ​២៤៧ ក្រុមទី​៧ ភូមិ​២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៥​និង​៣០ នាទី។

ជនរងគ្រោះ ​ត្រូវបាន​ស្គាល់ឈ្មោះ តាំង សុខ​រិទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ទិញ​-​លក់​ម៉ូតូ ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​លេខ​៦៦៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាត់បង់​សម្ភារៈ​មាន ប្រាក់​ដុល្លារ​ចំនួន​៣០០$ (​បី​រយ​ដុល្លារ​សហរដ្ឋអាមេរិក )។

ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ សេង អ៊ី​លីន ហៅ លីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួសជុល​ទូរស័ព្ទដៃ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​សឡា ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C110 ស៊េរី 2012 ពណ៌​ខ្មៅ (​សង់​ប៊ិច ) ពាក់​ស្លាក​លេខ ភ្នំពេញ 1BS- 1644 ដែល​មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​: 8015602 , ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ Nokia 101 ពណ៌​ខ្មៅ ប្រើ​ស៊ីម​លេខ 0964999905 , ប្រាក់​ដុល្លារ​ចំនួន​35$ (​សាមសិប​ប្រាំ​ដុល្លារ​សហរដ្ឋអាមេរិក )។

មន្ត្រី​ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៥​និង​៣០​នាទី ជនរងគ្រោះ​ឈ្មោះ តាំង សុខ​រិទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ កំពុង​លក់​ម៉ូតូ​នៅ​តូប លើផ្លូវ​លេខ​១៨៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្រាប់​តែ​មាន​ជន​សង្ស័យ​ឈ្មោះ សេង អ៊ី​លីន ហៅ លីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ ដែល​ជា​ម៉ូយ​ធ្លាប់​លក់​ម៉ូតូ​ឲ្យ​ជនរងគ្រោះ​មួយដង បាន​មក​ជួបនឹង​ជនរងគ្រោះ​រួចហើយ​ជនសង្ស័យ​បាន​និយាយ​ជាមួយ​ជនរងគ្រោះ​ថា​ ចង់​លក់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda C110 ស៊េរី 2012 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-1644 ដែល​បញ្ចាំ​នៅ​ហាង​បញ្ចាំ ឃ្លាំង​រំសេវ យក​មក​លក់​ឲ្យ​ជនរងគ្រោះ ដោយ​ជនសង្ស័យ​ឈ្មោះ សេងអ៊ី​លីន បាន​និយាយ​ឲ្យ​ជនរងគ្រោះ​ឲ្យ​លុយ​មក​ឲ្យ​ខ្លួន​ចំនួន​៣០០$ (​បី​រយ​ដុល្លារ​សហរដ្ឋអាមេរិក​) សិន​ចាំ​លស់​ម៉ូតូ​ពី​ហាង​បញ្ចាំ​ហើយ​បាន​យក​ម៉ូតូ​នេះ​យកមក​លក់​ឲ្យ​ជនរងគ្រោះ​វិញ ក្នុង​តម្លៃ​៥៥០$ (​ប្រាំ​រយ​ហាសិប​ដុល្លារ​សហរដ្ឋអាមេរិក ) មាន​ទាំង​ប័ណ្ណ​សំគាល់​យានយន្ត​ម៉ូតូ​នេះ​ផង ដោយសារតែ​ម៉ូយ​ធ្លាប់​លក់​ម៉ូតូ​មក​ឲ្យ​ខ្លួន ជនរងគ្រោះ​ក៏​យល់ព្រម​ឲ្យ​លុយ​ទៅ​ជនសង្ស័យ​ឈ្មោះ សេងអ៊ី​លីន ចំនួន​៣០០$ (​បី​រយ​ដុល្លារ​សហរដ្ឋអាមេរិក​) ហើយ​ជនរងគ្រោះ ក៏​ដឹក​ជនសង្ស័យ​ទៅ​លស់​ម៉ូតូ​ជាមួយគ្នា​នៅ​ហាង​បញ្ចាំ ផ្លូវ​លេខ​២៤៧ ក្រុម ទី​៧ ភូមិ​២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ លុះ​ពេល​ទៅ​ដល់​ហាង​បញ្ចាំ​ជនរងគ្រោះ​បាន​ឈប់​ចាំ​ជនសង្ស័យ​នៅ​លើ​ម៉ូតូ ហួស​កន្លែង​បញ្ចាំ​បាន​ប្រហែល ២​ម៉ែត្រ លុះ​ពេល​ជនសង្ស័យ​ឈ្មោះ សេង អ៊ីលីន ហៅ លីន លស់​ម៉ូតូ​បាន​ហើយ (​ម៉ូតូ​សង់​ប៊ិច ស៊េរី​2012 ខាងលើ ) ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ សេង អ៊ីលីន បាន​ជិះ​ម៉ូតូ​គេចខ្លួន ភ្លាមនោះ​ជនរងគ្រោះ​ក៏​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ រហូតមកដល់​ចំណុច​ផ្លូវ​លេខ​២៦១ កែង​ផ្លូវ​លេខ​២៣០ ក្រុមទី​១៣ ភូមិ​៤ សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សេង អ៊ីលីន បាន​រួច​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែម្ដង។​

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សេង អ៊ីលីន ហៅ លីន សមត្ថកិច្ច​បាន​យក​ទឹកនោម​ជនសង្ស័យ​រូប នេះ​មក​ធ្វើ​តេ​ស្ដ​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល មាន​ភាព វិជ្ជមាន។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ សេង អ៊ីលីន ហៅ លីន កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu