ប៉ៃលិន ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ធ្វើការឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ក្នុងករណីលួចរថយន្តពីក្រុងភ្នំពេញ មកលក់នៅខេត្តប៉ៃលិន ក្នុងតម្លៃ១០៥០០ដុល្លា។
ការឃាត់ខ្លូនជនសង្ស័យនេះដែរគឺធ្វើឡើងកាលពីវេលាម៉ោង១៨ និង៣០នាទីព្រលប់ថ្ងៃអង្គារ ០៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះមានឈ្មោះ សេង សំណាង ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ដោយបាត់រថយន្តមួយគ្រឿងម៉ាក HIGH LANDER ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-2138 កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។ចំណែកជនសង្ស័យឈ្មោះ តាន់ វណ្ណថន ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរ និងទីលំនៅ មិនពិតប្រាកដ។
លោក ស៊ឹម សុផល នាយប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា ៖ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សេង សំណាង ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ មេផ្ទះ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ថា បាត់រថយន្តមួយគ្រឿងម៉ាក HIGH LANDER កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨កន្លងទៅ និងដោយមានតម្រុយខ្លះៗថា រថយន្តជនរងគ្រោះ ត្រូវបានគេប្រទះឃើញនៅភូមិផ្សារព្រំ លោកក៏ដឹងនាំកម្លាំង ចុះស្រាវជ្រាវ នៅចំណុចផ្ទះឈ្មោះ ឈាវ រដ្ឋា ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
លោកបន្តទៀតថា ៖ បន្ទាប់ពីឃើញរថយន្តជនរងគ្រោះ សមត្ថកិច្ចជំនាញ ក៏សួរនាំរកអ្នកលក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចមុខកាស៊ីណូ(ជីអ៊ឹម) ជាប់ច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន។
លោក បានបន្តទៀតថា ៖ រថយន្តរបស់ជនរងគ្រោះ មានបំពាក់ប្រព័ន្ធGPS ងាយស្រួលក្នុងការតាមដាន ទើបដឹងថាមាននៅខេត្តប៉ៃលិន។ បើតាមជនសង្ស័យ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា រថយន្តដែលជនសង្ស័យលក់គឺក្នុងតម្លៃ១០៥០០ដុល្លា ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំយកមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments