សៀមរាប ៖ កក្រើកខេត្តសៀមរាបឯណេះវិញហើយ ជនជាតិចិនប្រដាប់ដោយអាវុធខ្លីចំនួន៣នាក់បានធ្វើសកម្មប្លន់អាជីវករប្តូរប្រាក់ តែមិនបានសម្រេច ដោយសារជនរងគ្រោះបានស្រែកឆោឡោផ្អើលដល់សមត្ថកិច្ច ខណៈនោះ កម្លាំងសមត្ថកិច្ចបានតាមប្រមាញ់រហូតចាប់ខ្លួនជនល្មើសបានដោយជោគជ័យ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦នេះថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ ១.ឈ្មោះ តៅ សុភា ភេទស្រី អាយុ៤៤ឆ្នាំ។ ២.ឈ្មោះ ជូ រចនា ភេទស្រី អាយ២៦ឆ្នាំ ។ទី៣ឈ្មោះ ឌឹម វិជ្ជារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ និងកូនតូចម្នាក់ ជិះឡាន១គ្រឿង ម៉ាកកាមរី ពណ៌.ស ស្លាកលេខភ្នំពេញ 2AH. 9660 បើកបរដោយ ឌឹម វិជ្ជារ៉ា បើកចេញពីប្រកបរបរលក់មាសប្តូរប្រាក់ ក្នុងក្រុងសៀមរាប ត្រឡប់មកផ្ទះរបស់ពួកគាត់វិញ(ភូមិឃុំកើតហេតុ)
លុះបើកមកដល់មុខរបងផ្ទះ ជនរងគ្រោះទី១ឈ្មោះ តៅ សុភា បានចុះពីឡានផ្នែកខាងក្រោយម្នាក់ឯងដើម្បីបើកទ្វាររបងចូល ស្រាប់តែឃើញមានក្រុមជនសង្ស័យមិនស្គាល់មុខ៣នាក់ មានពាក់ម៉ាស់បិទមុខជិត ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង មាឌធំខ្ពស់ ស្លៀកពាក់ស៊ីវិល មិនច្បាស់ភិនភាគ បានដើរចេញពីដុបព្រៃផ្នែកខាងកើតអែបផ្លូវនោះ សំដៅមកឡានគាត់ ភ្លាមនោះមានម្នាក់ស្ទុះមកវាយលើគាត់ដោយវត្ថុរឹងចំក្បាលបណ្តាលឲ្យគាត់រងរបួស តែគេមិនបាននិយាយអ្វីទេ ហើយគាត់លើកដៃប្រតាយប្រតប់ទៅមនុស្សនោះវិញ និងបានស្រែករកអ្នកជិតខាងជួយ។ ចំណែកគ្នាគេម្នាក់នាក់ទៀត បានវាយបំបែកកញ្ចក់ឡានបែកផ្នែកខាងស្តាំ បណ្តាលឲ្យមុតកូតស្បែកកែងដៃស្តាំជនរងគ្រោះទី២ឈ្មោះ ជូ រចនា ដែលអង្គុយក្នុងនោះ បំណងរកទ្រព្យសម្បត្តិមានតម្លៃ ដោយជនរងគ្រោះស្រែកខ្លាំង ផ្អើលអ្នកជិតខាង ក្រុមជនសង្ស័យទាំងនោះបានរត់គេចខ្លួនទៅទិសខាងកើតឆ្លងស្ទឹងបាត់។
លោកបន្តថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ កម្លាំងយើងចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យឃើញឡានរបស់ជនរងគ្រោះ(ធុនខាងលើ)មានបែកកញ្ចក់ខាងស្តាំ និងឃើញមានវត្ថុតាង; គ្រាប់កាំភ្លើង១គ្រាប់ , បង់កាំភ្លើង១ មាន៨គ្រាប់ នៅដីជិតរបងផ្ទះជនរងគ្រោះនិងដំបងទីបដែក១មូល ប្រវែង៧៩ស.ម នៅចំរ៉ាក់មាត់ស្ទឹងខាងកើតកន្លែងកើតហេតុ។
បន្ទាប់មកកម្លាំងនគរបាល រួមទាំងប្រជាការពារ និងPM ធ្វើការរុករកតាមក្រុមជនសង្ស័យក្នុងមូលដ្ឋាននោះ បានឃើញមានគ្រាប់កាំភ្លើង១គ្រាប់ទៀត នៅផ្លូវបេតុងក្នុងភូមិប្រយុទ្ធ ឃុំ,ស្រុកពួក ដែលនៅទិសខាងកើតកន្លែងកើតហេតុប្រហែល១៥០ម៉ែត្រ។ បន្ទាប់មកទៀត ឃើញមានឡាន១គ្រឿង ម៉ាកស្តារិច ស៊េរីឆ្នាំ២០០៤ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ក្នុងឡាននោះ មានដាក់ម៉ូតូ១គ្រឿងទៀត ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរីឆ្នាំ២០១៦ ទុកចោលនៅមុខខ្លោងទ្វារសាលាបឋមសិក្សាទៀបាញ់គំរូ ភូមិប្រយុទ្ធ ឃុំស្រុកពួក ចាក់សោជាប់ហើយស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននបពួក។
លោកបន្តថា កម្លាំងសមត្ថកិច្ចតាមរកជនសង្ស័យបន្តទៀតនៅម៉ោង១និង២០នាទីរំលងអធ្រាត្ររហូតម៉ោង៤ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលឃាត់បានជនសង្ស័យចំនួន៣នាក់។ ម្នាក់ចាប់ នៅចំណុចមុខសាលាវិទ្យាល័យពួក ឈ្មោះLe xiaosi ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិចិន បន្ទាប់មកឃាត់បានម្នាក់ទៀត នៅខាងកើតជាប់សាលាបឋមសិក្សាទៀបាញ់គំរូ ឈ្មោះHu Ming chaa ភេទប្រុស អាយុ៤៣ឆ្នាំ ចំណែកជាតិចិន និងជនសង្ស័យទី៣ឃាត់បាននៅក្បែរវត្តធម្មយុទ្ធឈ្មោះ Lhang yong sheng ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន។
លោកបញ្ជាក់ថា ករណីនេះ លោកបានសហការជាមួយកម្លាំងផែនអន្តោប្រវេសន៍ ការិយាល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments