ព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់Carabao ទម្ងន់៥៧ គីឡូក្រាម នៅលើសង្វៀនSEA –TV បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ នាល្ងាចថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០១៨នេះ រវាងឡុង ជិន អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ និង ឈុត សេរីវ៉ាន់ថងអ្នកប្រដាល់ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង។
ឡុង ជិន និង ឈុត សេរីវ៉ាន់ថង ពួកគេពីរនាក់នេះ ក្រុមអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកមិនហ៊ានទស្សន៍ទាយមុនថា អ្នកណានឹងក្លាយជាម្ចាស់ជើងឯកខ្សែCarabaoទម្ងន់៥៧គ.ក្រនេះទេ ព្រោះថាអ្នកទាំងពីរមានសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែលគ្នា ហើយពួកគេក៏មិនធ្លាប់ដែលប៉ះគ្នាម្តងណានៅឡើយដែរ។
ក្នុងការប្រកួតក្នុងវគ្គជម្រុះកន្លងមក ទាំងឡុង ជិន ទាំងឈុត សេរីវ៉ាន់ថង សុទ្ធតែមិនស្គាល់ចាញ់ដូចគ្នា ពោលក្នុងការប្រកួត៤ប្រកួតពួកគេវាយឈ្នះដៃគូប្រកួតទាំង៤ប្រកួត ដូចគ្នា។ ឡុង ជិន ក្នុងការប្រកួតជម្រុះក្នុងពូលជួបជាមួយអ្នកប្រដាល់ថៃ ដែលមាន៤ប្រកួតនោះ គេវាយឈ្នះទាំង៤ប្រកួត គឺបាន១២ពិន្ទុ។ អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធរូបនេះ មានគេមានកំណត់ត្រាប្រកួត៦៨លើក ឈ្នះ៥២លើក ចាញ់១៤លើក និងស្មើ០១លើក។
ឈុត សេរីវ៉ាន់ថង មានស្នៀតគុនល្អ និងវាយខ្លាំងដែរ តែបើប្រៀបជាមួយឡុង ជិន នោះ មិនដឹងថាយ៉ាងណានោះទេ ។ សេរីវ៉ាន់ថង គេមានប្រវត្តិប្រកួតចំនួន៥៤លើក ឈ្នះ៤៧លើក ចាញ់០៦លើក និងស្មើ០១លើក។
ប៉ុន្តែយ៉ាងណា ឈុត សេរីវ៉ាន់ថង មិនប្រាកដថាឈ្នះឡុង ជិននោះទេ ព្រោះថាការដែលបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនោះ ពួកគេទាំងពីរគឺមិនធម្មតានោះឡើយ។ ដូច្នេះ ចាំមើលរវាងឡុង ជិន និង ឈុត សេរីវ៉ាន់ថង តើនរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់Carabao ទម្ងន់៥៧គីឡូក្រាមនេះ ?។
ចំពោះគូដែលប្រកួតអមគូខ្សែក្រវាត់នេះ ជាការប្រកួតលក្ខណះអន្តរជាតិ ដែលក្នុងនោះមៀចសុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះKhon Krong Tap ដោយប្រកួតក្នុងប្រភេទទម្ងន់៦៧គ.ក្រ។
អ្នកប្រដាល់ថៃ ដែលមៀច សុខរ៉ា ត្រូវតស៊ូជាមួយនោះ ជាជើងខ្លាំងនៅស្រុកថៃ ។ Khun Krong Thap គេក៏ជាជើងខ្លាំងមួយរូបដែរ ។គេមានប្រវត្តិប្រកួត៨៦លើក ដោយវាយឈ្នះ៦៨លើក ចាញ់១៨លើក មិនដែលស្មើ ខណះដែលសុខរ៉ា គេមានប្រវត្តិប្រកួតចំនួន៦៩៥៥លើក ចាញ់១១លើក និងស្មើ០៣លើក។
Khun Krong Thap គេមកប្រកួតលើកចុងក្រោយនៅសង្វៀនSEATVនេះ គេបានវាយឈ្នះអ្នកប្រដាល់ជើងខ្លាំងក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១រឿង សារ័ត្ន ដោយពិន្ទុ ។
សម្រាប់លើកនេះ មិនដឹងថា Khun Krong Thap អាចយកឈ្នះមៀច សុខរ៉ាបានទៀតឬក៏អត់នោះទេ? ព្រោះមៀច សុខរ៉ា ការប្រកួតចុងក្រោយនៅក្នុងស្រុក គេវាយឈ្នះអ្នកប្រដាល់បារាំងKevin ក្នុងទឹកទី២ ហើយប្រកួតចុងក្រោយជាមួយអ្នកប្រដាល់រួមជាតិគឹម វាសនាក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ក្នុងទឹកទី២ទៀត កាលពីថ្ងៃទី០៤សីហាកន្លងមកនេះ។
ទោះជាយ៉ាងណា ការឈ្នះចាញ់រវាងមៀច សុខរ៉ា និង Khun Krong Thap នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ ព្រោះថាអ្នកទាំងពីរនាក់នេះ មិនធ្លាប់ដែលប៉ះគ្នានោះទេ៕
Source: Kampuchea Thmey Daily
0 Comments