ខ្សែការពារសំខាន់ម្នាក់របស់ក្រុមបឹងកេត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) គឺកីឡាករ ស្លេះ សេន បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីចុងសប្ដាហ៍ថ្មីៗនេះ ក្រោយធ្វើដំណើរនៅស្រុកកំណើត ខណៈក្លិបដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះបានបញ្ជាក់ថា កីឡាកររបស់ខ្លួនដែលរងរបួសនេះត្រូវសម្រាករយៈពេលយូរមួយដើម្បីព្យាបាលរបួស។
ក្លិបបឹងកេត បានបញ្ជាក់នៅរសៀលថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា «កីឡាករ ស្លេះ ស៊េន ត្រូវសម្រាកយ៉ាងហោចណាស់ ៦ទៅ៨ សប្ដាហ៍ទើបអាចវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញបាននេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រុមគ្រូពេទ្យនៅព្រឹកនេះ។ ខ្សែការពារស្លាបរូបនេះបានទទួលរងគ្រោះថ្នាក់ចរាចរណ៍កាលពីព្រលប់ថ្ងៃអាទិត្យកន្លងទៅនៅឯស្រុកកំណើតម្ដុំសាលាលេខ៥ ដែលបណ្ដាលឲ្យរងរបួសបែកក្បាល ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅឯស្រុកកំណើត»។ របួសនេះធ្វើ ស្លេះ សេន នឹងអវត្តមានរហូតដល់ចប់លីគកំពូលកម្ពុជា ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ខាងមុខ។
ចំពោះលោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្រុមបឹងកេត បានលើកឡើងក្រោយលឺដំណឹងថាកូនក្រុមជួបគ្រោះថ្នាក់ចរាចរណ៍នេះថា «ក្រុមយើងជួបបញ្ហាមិនចេះអស់មិនចេះហើយ អស់ពីខ្ញុំដែលជាគ្រូបង្វឹកត្រូវជាប់ពិន័យដល់វេនកីឡាករត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ទៀត»។ ក្នុងនាមតំណាងឲ្យក្លិបលោកបានជូនពរឲ្យ ស្លេះ ស៊េន ឆាប់ជាសះស្បើយហើយវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញផងដែរ។
គេចាំបានថា កីឡាករ ស្លេះ សេន ធ្លាប់ជាអតីតកីឡាកររបស់ក្រុមបៀលប្រាយយូណាយធីត (បច្ចុប្បន្នរំសាយក្រុម) និងក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ធ្លាក់ទៅលេងលីគទី២)។ កីឡាកររូបនេះធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិក្រោមអាយុ១៩ឆ្នាំកម្ពុជាកាលពីឆ្នាំ២០១៧ កន្លងទៅផងដែរ។
ក្រុមបឹងកេត ទើបតែស្គាល់រសជាតិបរាជ័យលើកដំបូងក្នុងពានរង្វាន់លីគកំពូលកម្ពុជា គិតត្រឹម១៥សប្ដាហ៍ក្នុងរដូវកាលឆ្នាំ២០១៨នេះ ដោយថ្វីជើងក្រុមក្រសួងការពារជាតិ។ ក្រុមនេះមានអម្រែកការពារតំណែងជើងឯកក្នុងពានរង្វាន់លីគកំពូលកម្ពុជាផង និងត្រូវប្រកូតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយផង៕
Source: Kampuchea Thmey Daily
0 Comments