ក្រុមបាល់ទាត់ណាហ្គាវើល ភ្នំពេញក្រោន អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) និងព្រះខ័នរាជស្វាយរៀង សុទ្ធតែឈ្នះដូចគ្នា ក្នុងវគ្គជម្រុះជើងទី១ វគ្គ៨ក្រុមចុងក្រោយប្រចាំពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំទី១២ (Hun Sen Cup 2018) ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅរសៀលថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨។
ចំពោះក្រុមណាហ្គាវើល បានយកឈ្នះលើក្រុមបឹងកេត ២ទល់០ លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ កីឡាករ រុន រ៉ានី និង សារី ម៉ាត់ណូរ៉ូទីន ជាអ្នករកគ្រាប់បាល់ក្នុងជ័យជម្នះនេះ។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ វិញបានយកឈ្នះលើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ៣ទល់០ លើទីលានពហុកីឡដ្ឋានជាតិ។ កីឡាករជ័យ ចិត្រា រកបាន២គ្រាប់ម្នាក់ឯង ខណៈកីឡាករ សួស ចិន្ថា រកបាន១គ្រាប់ក្នុងជ័យជម្នះរបស់ប៉ូលីសនេះ។
ចំណែកក្រុមភ្នំពេញក្រោន បានយកឈ្នះលើក្រុមម្ចាស់ផ្ទះខេមបូឌានថាយហ្គឺរ ៣ទល់០លើទីលានកីឡដ្ឋានខេត្តសៀមរាប។ ៣គ្រាប់របស់ភ្នំពេញក្រោន រកបានដោយកីឡាករ ប្រាក់ ធីវ៉ា ២គ្រាប់និងកីឡាករ អ៊ិន សុដាវីត រកបាន១គ្រាប់។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើម្ចាស់ផ្ទះក្រសួងការពារជាតិ ២ទល់១ លើទីលានកីឡដ្ឋានស្តាតចាស់។ ហួយ ផល្លីន និង សារ៉េត គ្រីយ៉ា បានរកគ្រាប់បាល់ជ័យជម្នះឱ្យព្រះខ័នរាជស្វាយរៀង ហើយកីឡាករ សុខ ហៀង រកគ្រាប់បាល់វាយបកឲ្យក្រសួងការពារជាតិ។
ក្រុមទាំង៤គូនេះ ត្រូវប្តូរទឹកដីគ្នាប្រកួតជើងទី២ឡើងវិញដោយបន្តប៉ះគ្នានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ហើយក្រុមដែលឈ្នះមានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ធ្លាប់បានបញ្ជាក់ថា ពានរង្វាន់សម្តេចតេជោឆ្នាំនេះរៀបចំចំនួន២វគ្គដោយវគ្គទី១ ហៅថាវគ្គជម្រុះថ្នាក់ខេត្ត និងវគ្គទី២ហៅថាវគ្គជម្រុះថ្នាក់ជាតិ ដែលការប្រកួតចាប់ដំណើរការពីថ្ងៃទី៧ ខែមីនា រហូតដល់ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៨។ ចំពោះវគ្គជម្រុះតាមថ្នាក់ខេត្តបែងចែក ការប្រកួតជា២វគ្គខុសគ្នាទៀតគឺវគ្គជម្រុះតាមពូល (វគ្គជម្រុះបឋម) និងជម្រុះចុងក្រោយ។ ជាលទ្ធផលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ជាម្ចាស់ជើងឯក ហើយក្រុមគីរីវង់សុខសែនជ័យ ជាក្រុមជើងឯករង។
សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិវិញមានក្រុមចំនួន១២ជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា បូកជាមួយក្រុមចំនួន៤ខ្លាំងជាងគេមកពីការប្រកួតជម្រុះជើងឯកថ្នាក់ខេត្ត មានដូចជាក្រុមសាលាបាល់ទាត់ជាតិ គីរីវង់អែហ្វស៊ី កំពត និងកោះកុង។ ក្រុមទាំងអស់ចំនួន១៦ ដោយចាប់ឆ្នោតរើសគូប្រកួតប្តូរទឹកដីគ្នា (ចំនួន២លើក) បន្តស្វែងរកក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង៕
Source: Kampuchea Thmey Daily
0 Comments