Ad Code

សមាគម​ចំនួន​៦ ដែល​មាន​មូលដ្ឋាន​នៅ​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់​ថា ដំណើការ​បោះឆ្នោត​របស់​កម្ពុជា អាច​ជា​គំរូ​សម្រាប់​ប្រទេស​ក្នុង​តំបន់



ភ្នំពេញ​ ៖ សមាគម​ចំនួន​៦ ដែល​មាន​មូលដ្ឋាន​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ហើយ​ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ដែរ​នោះ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​វាយតម្លៃ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​ប្រទេស​កម្ពុជា គឺ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​អាច​ជា​គំរូ​សម្រាប់​ប្រទេស​ក្នុង​តំបន់​ផងដែរ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។

សមាគម​ចំនួន​៦​នោះ បាន​លើក​ឡើង​ថា សមាគម​ចំនួន​៦ មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ហើយ​ដែល​បាន​បញ្ជូន​អ្នកសង្កេតការ​ណ៏​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ដែរ​នោះ សូម​កោត​ស​សើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បើ​ឆ្នោត (គ​.​ជ​.​ប​) ដែល​បាន​ខិតខំ​រៀបចំ​ការបោះឆ្នោត​នេះ​ឲ្យ​ដំណើរការ​ទៅ​ដោយ​រលូន និង​ស្ថិត​ក្នុង​បរិយាកាស​មួយ​ល្អ​ប្រសើរ ទាំង​នៅពេល​ឃោសនា និង​ពេល​បោះឆ្នោត ដោយ​គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាមកំហែង។

សមាគម​ទាំងនោះ បាន​លើក​ឡើង​ទៀតថា ការបោះឆ្នោត​កន្លងមក​នេះ ត្រូវបាន​ផ្តល់​តម្លៃ​ដោយ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង តាមរយៈ​ការចូលរួម​ការបោះឆ្នោត​ប្រមាណ​ជាង​៨២​ភាគរយ នៃ​ចំនួន​អ្នកមាន​ឈ្មោះ​បោះឆ្នោត​សរុប និង​ស្ថិតក្រោម​ក្រសែភ្នែក​មនុស្ស​ជាច្រើន​ម៉ឺន​នាក់ ដែលជា​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ ព្រមទាំង​ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ ដែល​អញ្ជើញ​មកពី​ប្រទេស​ជាង​៥០​លើ​ពិភពលោក ឃ្លាំមើល​នូវ​ដំណើរការ​បោះឆ្នោត​នេះ។

សមាគម​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា “​ក្នុងនាម​អ្នកសង្កេតការ​អន្តរជាតិ យើងខ្ញុំ​សូម​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​បាន​ចូលរួម​ពង្រឹង​នូវ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ខ្លួន ដោយបាន​សម្តែង​នូវ​ឆន្ទៈ​តាមរយៈ​ការ​ចេញទៅ​បោះឆ្នោត​ក្នុង​ចំនួន​យ៉ាងច្រើន​លើសលប់ ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​កម្ពុជា ដោយមាន​ជម្រើស​គ្រប់គ្រាន់ និង​ការពារ​ដោយ​ប្រព័ន្ធ​បោះឆ្នោត​សម្ងាត់​។ ទន្ទឹមនេះ យើងខ្ញុំ​ក៏​សូម​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បើ​ឆ្នោត (​គ​.​ជ​.​ប​) ដែល​បាន​ធ្វើ​ឲ្យ​ការបោះឆ្នោត​មួយ​នេះ ក្លាយជា​គំរូ មួយ​សម្រាប់​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ផង​ដែរ ដោយ​ធានា​បាន​នូវ​ការបោះឆ្នោត​មួយ​ដែល​ប្រកបដោយ​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និង​គ្មាន​ការ​គំរាមកំហែង​”​។

សូមបញ្ជាក់​ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម ហើយ​ជា​លទ្ធផល មាន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ចំនួន​៦.៩៤៦.១៦៤នាក់ ដែល​ស្មើនឹង​៨២,៨៩​ភាគរយ នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​៨.៣៨០.២១៧​នាក់​។ ក្រោយ​ការបោះឆ្នោត​ភ្លាម អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ​បាន​វាយតម្លៃ​ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បាន​បញ្ចប់​ក្រោម​បរិយាកាស​ល្អ រលូន ត្រឹមត្រូវ សេរី និង​យុត្តិធម៌ និង​មាន​ការគោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ មាន​សណ្ដាប់ធ្នាប់​ល្អ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu