ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានឲ្យប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីខេត្តបានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ឆ្នាំ២០១៨។
ការដឹងជញ្ជូនហឹបប្រធានវិញ្ញាសាប្រឡងនេះមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡានិងប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីខេត្តនីមួយៗ។
ជាមួយគ្នានេះដែរកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ក្រសួងអប់រំបានបើកកិច្ចប្រជុំណែនាំ គណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន-អនុប្រធានមណ្ឌល ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំ២៥ រាជធានី-ខេត្ត អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីអង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឱ្យដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា តាមរយៈឃ្លីបវីដេអូ បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៃក្រសួងអប់រំកាលពីថ្ងៃទី១៧ ខែសីហា បានអំពាវនាវឲ្យសិស្សានុសិស្ស ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ គោរពតាមបទបញ្ញត្តិដែលក្រសួងបានដាក់ចេញ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការគោរពបទបញ្ញត្តិរបស់ក្រសួង នេះគឺ ជាការធានាស្តង់ដារខ្ពស់នៃកំណែទម្រង់ការប្រឡង ស្របតាមពាក្យស្លោករបស់ក្រសួងអប់រំយុវជននិងកីឡាគឺ អ្នកចេះ គឺជាប់។
ចំណែកអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានធ្វើការណែនាំដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបត្រូវទទួលទានម្ហូបអាហារនិងសម្រាកឲ្យបានគ្រប់គ្រាន់និងត្រូវប្រុងប្រយ័ត្នពេលធ្វើដំណើរដើម្បីត្រៀមខ្លួនចូលរួមប្រឡងដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០និង២១ខែសីហាឆ្នាំ២០១៨នេះ។
លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាក៏បានណែនាំដល់បេក្ខជនទាំងអស់ត្រូវរំលឹកមេរៀននិងធ្វើលំហាត់គន្លឹះសំខាន់ៗ លំហាត់គំរូ រូបមន្តនានាឡើងវិញឲ្យបានស្ទាត់ដើម្បីធ្វើកិច្ចការប្រឡងប្រើពេលបានលឿននិងទាន់ពេលវេលា។
ជាមួយគ្នានេះដែរលោកបានជំរុញឲ្យបេក្ខជនត្រូវមកដល់មណ្ឌលប្រឡងឲ្យបានមុនដំណើរការនៃការប្រឡង ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ត្រូវយកមកនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតសម្គាល់ខ្លួននិងមានចុះហត្ថលេខានាយកសា លាត្រឹមត្រូវច្បាស់លាស់និងបេក្ខជនស្វ័យរិនត្រូវយកមកនូវសលាកបត្រឯកត្តជនដែលមានចុះហត្ថលេខារបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត។
ទន្ទឹមនឹងនេះអ្នកនាំពាក្យក៏ បានហាមបេក្ខជនមិនត្រូវយកសំណៅឯកសារផ្សេងៗឬឧបក រណ៍អេឡេចត្រូនិចគ្រប់ប្រភេទរួមមានទូរស័ព្ទដៃ នាឡិកាដៃអេឡេចត្រូវនិច ម៉ាស៊ីនគិតលេខនិងកាម៉ារ៉ាចូលក្នុ ងមណ្ឌលប្រលងឬបន្ទប់ប្រលងជាដាច់ខាតហើយក្នុងករណីរកឃើញថាមានបេក្ខជនណាម្នាក់ប្រព្រឹត្តិសកម្មភាពផ្ទុយពីបទបញ្ញត្តិនេះ នឹងត្រូវឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
ប្រឡងបាក់ឌុបនៅឆ្នាំនេះក្រសួងនៅតែរឹតបន្តឹងការប្រឡងដូចឆ្នាំមុនៗដែរដើម្បីធានាបានការអប់រំប្រកបដោយស្តង់ដារ ។
ក្រសួងក៏បានកែសម្រួលបន្ថែមទៅលើបទបញ្ញត្តិមួយចំនួនដើម្បីឲ្យការប្រឡងមានសុក្រឹតភាព យុត្តិធម៌និងអាចទទួលយកបានទាំងអស់គ្នាដូចជាក្នុងករណីបេក្ខជនឲ្យអ្នកដទៃប្រឡងជំនួសខ្លួនត្រូវធ្លាក់ដោយស្វ័យ ប្រវត្តិ និងហាមមិនឲ្យប្រឡង២ឆ្នាំហើយដែលអ្នកប្រឡងជំនួសគេត្រូវប្រឈមនឹងតុលាការក្នុងបទក្លែងឯកសារសាធារណៈ។
គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ មានសិស្សដាក់ពាក្យប្រឡងមានចំនួន ១១៧០៦១នាក់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣ភាគរយនៅតាមមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៩៩ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦ មណ្ឌល ព្រមទាំង ៤ ៧១៦បន្ទប់៕
Source: Kampuchea Thmey Daily
0 Comments