ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកWurkz ទម្ងន់៦៣,៥០០ គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV នៅរសៀលថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ជាការប្រកួតជុំចុងក្រោយ រវាងអ្នកប្រដាល់កម្ពុជា វេង សុភ័ក្រ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និងអ្នកប្រដាល់ថៃ Pek Thieng ហើយអ្នកប្រដាល់កម្ពុជាទេស ជីវ៉ា ក្លិបទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ និង អ្នកប្រដាល់ថៃ Fa Nemith។
សម្រាប់ជំនួបក្នុងជុំទី៤ ដែលជាជុំចុងក្រោយ រវាងវេង សុភ័ក្រ និង Pek Thieng នេះ មិនដឹងថា នរណាជួបសំណាងល្អរកបាន៣ពិន្ទុបន្ថែមនោះឡើយ ។ពួកគេទាំងពីរនាក់នេះ ពុំធ្លាប់ជួបគ្នាទេកាលពីពេលកន្លងមក។
វេង សុភ័ក្រ និង Pek Thieng នេះ គេមានសមត្ថភាពប្រហាក់ប្រហែលគ្នាទេ ហើយមាឌ និងកម្ពស់ ក៏ប្រហែលគ្នាដែរ ដោយពួកគេទាំងពីរ មានកម្ពស់១,៦៨ម៉ែត្រដូចគ្នា តែកំនត់ត្រាប្រកួត Pek Thieng តិចជាង សុភ័ក្រ។
Pek Thieng គេមានកំណត់ត្រាប្រកួតចំនួន៦០លើក ឈ្នះ៥១លើក ចាញ់០៩លើកមិនដែលស្មើ ។ ចំណែក វេង សុភ័ក្រ គេមានកំនត់ត្រាប្រកួត៨៣លើក ឈ្នះ៦៩លើក ចាញ់១៣ លើក និងស្មើ០១លើក។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នានេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ ។កាលពីប្រកួតជុំទី៣ វេង សុភ័ក្រ បោះបង់ការប្រកួតបាន០ពិន្ទុ ឯ Pek Thieng គេវាយឈ្នះទេស ជីវ៉ា ដោយពិន្ទុ បាន៣ពិន្ទុ។ សរុបពិន្ទុបីប្រកួតកន្លងមក វេង សុភ័ក្រ បាន៦ពិន្ទុ ហើយ Pek Thieng បាន៧ពិន្ទុ ។
ចំពោះការជួបគ្នារវាង ទេស ជីវ៉ា អ្នកប្រដាល់កម្ពុជាក្លិបទីបញ្ជាការដ្ឋានកងពលតូចលេខ៧០និង Fa Nemith វិញ ក៏ប្រហែលពិបាកទស្សន៍ទាយអ្នកណាឈ្នះ អ្នកណាចាញ់ដែរ ។ ត្បិតថា អ្នកប្រដាល់ទាំងពីរនេះ ប្រកួតលើកនេះ ជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយសារបីប្រកួតកន្លងមក ចាញ់ទាំង៣ប្រកួត បាន៣ពិន្ទុដូចគ្នា ។ហេតុនេះ ការប្រកួតជុំចុងក្រោយនេះ អ្នកណាឈ្នះ អ្នកណាចាញ់នោះ ក៏ត្រូវតែជ្រុះធ្លាក់ហាវអាវដែរ។
ទេស ជីវ៉ា មួយរយៈនេះ គេស្រុតចុះច្រើន ទោះបីរបៀបវាយរបស់គេ នៅតែល្អ និងនៅរហ័សក៏ពិតមែន តែកម្លាំងនិង ទឹកចិត្តរបស់គេស្រុតចុះ ។ ទេស ជីវ៉ា បានវាយចាញ់បី ប្រកួតជាប់គ្នា ។ ទេស ជីវា់ គេមានប្រវត្តិប្រកួតចំនួនចំនួន៧០លើក ឈ្នះ៥២ លើក ចាញ់១៦លើក និងស្មើ០២លើក។
ចំពោះ Fa Nemith វិញ គេក៏អន់ដែរ ដោយវាយចាញ់បីប្រកួតជាប់ៗគ្នា។អ្នកប្រដាល់ថៃរូបនេះ របៀបវាយរបស់គេ គឺវាយដោយសម្រុកខ្លាំង តែមិនសូវច្បាស់និង ភាគច្រើនមិនចំគោលដៅល្អទេ ។ គេមានប្រវត្តិប្រកួតចំនួន៦៨លើក ឈ្នះ៥៣លើក ចាញ់១៤លើក និងស្មើ០១។ ចាំមើល រវាងវេង ទេស ជីវ៉ា និង Fa Nemith តើនរណាស្គាល់ជ័យជម្នះម្តងនោះ?។
ចំពោះការការប្រកួតក្រៅពីគូខ្សែក្រវាត់នេះ ហេង សំរាំង អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង បានសុំសងសឹកជាមួយធី តុងហ៊ី អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធដោយជួបគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។ជើងចាស់ទាំងពីរនាក់នេះ ធ្លាប់បានប៉ះគ្នាម្តងកាលពីថ្ងៃទី១១វិច្ឆិកា២០១៧ ដោយធី តុងហ៊ី ឈ្នះក្នុងទឹកទី៣ ។
ធី តុងហ៊ី ថ្វីត្បិតតែចង្កូមរបស់គេរាងរិលបន្តិចហើយក្តី ប៉ុន្តែគេនៅតែអាចខាំត្របាក់គូប្រកួត ដែលមើលស្រាលចង់ជួបប្រកួតជាមួយនោះ។ ដូច្នេះសម្រាប់ការសុំប្រកួតសងសឹករបស់ហេង សំរាំងលើកនេះ ពុំដឹងថាអាចសងសឹកធី តុងហ៊ី បានឬអត់នោះទេ ?។
វ៉ាន់ វឿន អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា នឹងជួបសាកកណ្តាប់ដៃជាមួយយុគយក្សផ្លែ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ ។ សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ទាំងពីរនាក់នេះ ពុំមាននរណាហ៊ានទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ?៕
Source: Kampuchea Thmey Daily
0 Comments