យោងតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) លើកទី ១៦ នៅឯស្នាក់ការកណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ហាញលទ្ធផលថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់បាល់ទាត់ជើងឯកយុវជនក្រោយអាយុ២២ឆ្នាំប្រចាំតំបន់អាស៊ាន AFF U22 Championship នៅឆ្នាំ ២០១៩ ខាងមុខនេះ។
តាមពិតទៅពានរង្វាន់ប្រភេទយុវជន U22 នេះត្រូវបាន AFF សហការគ្នាបង្កើតឡើងវិញ នៅឆ្នាំ២០១៩ ខាងមុខ ក្រោយពីខកខានជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។ គណៈកម្មការក៏បានកំណត់ដែលថា ក្រុមខ្លាំងជាងគេចំនួន៤ក្រុម នៃពានរង្វាន់ AFF U22នេះ នឹងទទួលបានកៅអីឡើងទៅលេងក្នុងវគ្គជម្រុះពានបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំ (U23) ប្រចាំទ្វីបអាស៊ី (AFC U-23 ) ផងដែរ។
ប្រកួតចុងក្រោយកាលពីឆ្នាំ២០០៥ ដែលធ្វើឡើងនៅប្រទេសថៃ មានក្រុមចំនួន៨ ដោយបែងចែកជា២ពូល។ ចំពោះក្រុមកម្ពុជា បានធ្លាក់ត្រឹមវគ្គជម្រុះតាមពូលក្រោយចាញ់ទាំង៣ប្រកួតគឺចាញ់សឹង្ហបុរី ៣ទល់២ ហើយចាញ់ថៃ ៨ទល់០ និងបន្តចាញ់ឡាវ ៣ទល់០។ ក្រុមម្ចាស់ផ្ទះបានគ្រងតំណែងជើងឯកនៅគ្រានោះក្រោយយកឈ្នះសិង្ហបុរី ៣ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ក៏បានប្រជុំសម្រេចផ្សេងទៀតដែរដោយក្រៅពីនោះក៏មានប្រទេសវៀតណាម រៀបចំកម្មវិធីពានរង្វាន់ជើងឯកយុវជនក្រោមអាយុ១៨ឆ្នាំ(AFF U18) និង ពានរង្វាន់ជើងឯកពានរង្វាន់ហ្វូតសាល (AFF Futsal)។ រីឯប្រទេសថៃ វិញនឹងរៀបចំការប្រកួតពានរង្វាន់ជើងឯកយុវជនក្រោមអាយុ១៥ឆ្នាំ (AFF U15 នារី) និង ពានរង្វាន់ AFF Women's Championship ក៏ដូចជាAFF U15 បុរសជាដើម៕
Source: Kampuchea Thmey Daily
0 Comments