ឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ រួមទាំងគ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ធ្វើការបង្ក្រាបជាក់ស្តែង។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីថ្ងៃចន្ទ ១រោច ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង០០ នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះស្រាវជ្រាវបង្ក្រាបករណីចែកចាយ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ១ ករណី នៅចំណុចផ្ទះជួល ស្ថិតនៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាលទ្ធផលឃាត់ជនសង្ស័យម្នាក់។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនឈ្មោះ អឿន រស្មី ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
វត្ថុតាងឆែកឆេរដកហូតបានរួមមាន ថ្នាំញៀនប្រភេទ មេតាំហ្វេតាមីន ម្សៅក្រាមពណ៌សថ្លា ( ហៅ ) ម៉ាទឹកក - ICE ចំនួន ១៤ កញ្ចប់ ( កញ្ចប់ធំ ១០ កញ្ចប់- តូច ០៤ កញ្ចប់ )ទំងន់ ៣១.០០ក្រាម។
ថ្នាំញៀន ប្រភទ មេតាំហ្វេតាមីនគ្រាប់ពណ៌ផ្កាឈូក ( wy ) ចំនួន ១ គ្រាប់ រថយន្ត ១ គ្រឿង ម៉ាក តូយូតាកាមរី សេរី១៩៩៥ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ ២ C ៥៥៨៤ ស្លាកលេខរថយន្ត ចំនួន១ គូ ( ព្រះសីហនុ ២ A ១៥០៧ ) ដាវសាមរ៉ៃ ចំនួន ១ ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង ប្រាក់រៀល ចំនួន ១៩៩,០០០ រៀល ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ២គ្រឿង សម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុបន្ថែម ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments