យ៉ាងហោចណាស់មានសិក្ខាកាមប្រមាណជា៣៨រូបមកពីតាមបណ្តាក្លិប សមាគម តាមខេត្ត ក្រុងនិងរាជធានី នានា បានបញ្ចប់វគ្គសិក្សាស្តីពី«មន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍បាល់ទាត់ (FFC Event Managerment Course)ដោយជោគជ័យ កាលពីពេលថ្មីៗ ក្រោមការរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា។
យោងតាមការឲ្យដឹងពីមន្ត្រីដែលគ្រប់គ្រងវគ្គសិក្សានេះបានឲ្យដឹងថា សិក្ខាកាមទាំងអស់ទទួលបានការចែករំលែកបទពិសោធន៍ និង ចំណេះដឹង រយៈពេល២ថ្ងៃពេញ ដោយផ្តោតលើការរៀបចំការប្រកួត,ទីតាំង, ច្បាប់ល្បែង, បច្ចេកទេសរដ្ឋបាល, ការផ្សព្វផ្សាយ និង បច្ចេកវិទ្យាជាដើម ដែលសុទ្ធតែពាក់ព័ន្ធនឹងវិស័យបាល់ទាត់។ ក្រោយបញ្ចប់វគ្គសិក្សានេះសិក្ខាកាមទាំងអស់ត្រូវមានពេលគ្រប់គ្រាន់បម្រើការតាមការចាត់តាំងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ។
វគ្គសិក្សានេះធ្វើឡើងនៅថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០១៨ ដោយធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ សហព័ន្ធបាល់ទាត់កម្ពុជា ជាអ្នកចេញថ្លៃស្នាក់នៅ អាហារ និងសោហ៊ុយធ្វើដំណើរដល់សិក្ខាកាមដែលចូលរួមទាំងអស់។ ចំណែកលក្ខខណ្ឌនៃការចូលរួមនោះគឺកំណត់យកសិក្ខាកាមដែលជាសមាជិកនៅតាមមន្ទីរអប់រំយុវជននិងកីឡាគ្រប់ខេត្ត-រាជធានី សមាគម/ក្លិបបាល់ទាត់និងសាធារណជនដែលពាក់ព័ន្ធទាំងអស់។ សិក្ខាកាមជាបេក្ខជនទាំងអស់មានអាយុចាប់ពី២៥ដល់៣៥ឆ្នាំ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់វគ្គទាំងស្រុង សិក្ខាកាមទាំង៣៨រូបទទួលបានលិខិតបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ម្នាក់១ផងដែរ។ សហព័ន្ធនៅតែរំពឹងថា អ្នកចូលរួមទាំងអស់នឹងទទួលបានចំណេះដឹងក្នុងវគ្គសិក្សានេះទាំងប៉ុន្មាន នឹងឈានទៅរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់តាមស្ថាប័នរបស់ខ្លួននីមួយៗកាន់តែរីកចម្រើន៕
Source: Kampuchea Thmey Daily
0 Comments