ភ្នំពេញ ៖ បុរសម្នាក់ជាកងសន្តិសុខយាមនៅក្លឹបរាត្រីមួយឈ្មោះ"ហ្គោឡាញ ក្លឹប" ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនពីបទបំផ្លាញទ្រព្យសម្បត្តិគេដោយចេតនា កាលពីម៉ោង៣កន្លះរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៩៨៦ កែងផ្លូវលេខ១០១១ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី គាត់បាត់បង់ស្មារតីដោយសារបែកថ្នាំ(ស្រវឹងថ្នាំញៀន)ជ្រុល។
ជនដែលត្រូវបានចាប់ខ្លួនខាងលើឈ្មោះ ពេជ្រ ឡុង ហៅ កុយ ប៊ុនថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមន្ត្រីសន្តិសុខ យាមប្រចាំការនៅមក្លឹបហ្គោឡាញ ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ។
ជនរងគ្រោះជាម្ចាស់រឺម៉កម៉ូតូកង់បី(ម៉ាកpass app) ខាងលើឈ្មោះ មួន រី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
លោក ញ៉ែម សុភី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានឲ្យដឹងថា នៅមុនពេលកើតហេតុ លោកបានទទួលព័ត៌មានថា មានករណីបង្កទំនាស់នៅក្នុងមូលដ្ឋានរបស់លោក ក៏បានមកត្រួតពិនិត្យកន្លែងកើតហេតុ ឃើញរ៉ឺម៉កម៉ូតូកង់បី (ម៉ាកpass app) នៅកណ្តាលផ្លូវមានបែកកញ្ចក់មុខ ដោយមានមនុស្សម្នាកំពុងចោមរោមមើល ដែលក្នុងចំណោមនោះជនបង្កក៏មានវត្តមាននៅទីនោះរួមជាមួយជនរងគ្រោះជាម្ចាស់យានយន្តផងដែរ លោកក៏នាំខ្លួនគូរភាគីទាំង២នាក់មកសួរនាំនៅទីស្នាក់ការប៉ុស្តិ៍រកមូលហេតុដើម្បីដោះស្រាយតាមច្បាប់។
លោកមន្ត្រីប៉ូលិសខាងលើបានបញ្ជាក់ថា តាមការសួរនាំភាគីខាងជនរងគ្រោះបានបំភ្លឺថា គាត់មិនបានមានជម្លោះអ្វីទេនៅពេលកើតហេតុគាត់កំពុងបើកបរដឹកភ្ញៀវទៅផ្សារដេប៉ូ កំពុងតែធ្វើដំណើរសុខៗក៏ស្រាប់តែលេចមុខជនខាងលើដើមក វាយកញ្ចក់រ៉ឺម៉កម៉ូតូរបស់គាត់បណ្តាលឲ្យបែកខូចខាត ទើបលោកឈប់នៅចំកណ្តាលផ្លូវត្រង់ចំណុចកើតហេតុដើម្បីឲ្យសមត្ថកិច្ចមកដោះស្រាយជូន។
ប៉ូលិសមូលដ្ឋាននិយាយថា ជនបង្កហិង្សាខាងលើសួរមិនឆ្លើយនិយាយមិនដឹងខុសត្រូវ ហើយពេលនោះបានត្រួតពិនិត្យល្បាយទឹកនោមរបស់គាត់( ពេជ្រ ឡុង) រកឃើញមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួន ដែលបញ្ជាក់ថា ជននេះបានប្រើប្រាស់ (សេព) ថ្នាំខុសច្បាប់មួយករណីទៀត ហើយករណីហិង្សាខាងលើក៏ទំនងជាបណ្តាលមកពីស្រវឹងថ្នាំញៀនជ្រុលផងដែរ។
ទោះបីយ៉ាងណាសមត្ថកិច្ចបាន ប្រគល់ម៉ូតូកង់បីនេះឲ្យទៅម្ចាស់វិញហើយចំណែកឯជនបង្កត្រូវបាន លោកអធិការបញ្ជាឲ្យឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោយសារគាត់មានទោសរហូតដល់២ករណីផ្សេងគ្នា ១.ប្រើប្រាស់ថ្នាំញៀន ២.បំផ្លាញទ្រព្យសម្បត្តិគេឲ្យខូចខាតដោយចេតនា៕
Source: Kampuchea Thmey Daily
0 Comments