ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា នៅឆ្នាំ២០១៧កន្លងទៅនេះនាយកដ្ឋានវិវាទការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដោះស្រាយវិវាទបុគ្គលបាន ជិត៥០០ករណី ដែលបានចូលរួមធ្វើឲ្យទំនាក់ទំនងវិជ្ជាជីវៈផ្នែកឧស្សាហកម្មកាត់ដេរមានសុខដុមរមនា។
ថ្លែងនៅក្នុងកិច្ចប្រជុំពិសេសនៃភាគីពាក់ព័ន្ធក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីថ្ងៃទី២៧ខែសីហាលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា នៅឆ្នាំ២០១៧ នាយកដ្ឋានវិវាទការងារ បានដោះស្រាយវិវាទបុគ្គលចំនួន ៤៧៦ករណី ដោយក្នុងនោះ សះជា ២២៨ករណី មិនសះជា ១៩១ករណី និងមោឃៈ ៥៧ករណី។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានវិវាទការងារ បានដើរតួយ៉ាងសំខាន់ ក្នុងការធានាភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពតាមរយៈយន្តការផ្សះផ្សាវិវាទ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រួមជាមួយនឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ក្នុងភាពជាដៃគូក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក្រុមប្រឹក្សាអាជ្ញា កណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ្ធអស់រយៈពេលប្រមាណជាង ១៥ឆ្នាំ មកហើយ ដើម្បីឆ្ពោះទៅរកប្រព័ន្ធទំនាក់ទំនងវិជ្ជាជីវៈមួយល្អប្រសើរ សម្រាប់ទាំងនិយោជក និងកម្មករនិយោជិត។
ជាក់ស្តែងគិតត្រឹមឆ្នាំ២០១៦កន្លងទៅនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទជាង២៦៥០ករណី ដែលពាក់ព័ន្ធផ្ទាល់ជាមួយកម្មករនិយោជិតជាង១លាននាក់។ ក្នុងចំណោមសំណុំវិវាទជាង២ពាន់នេះ ទទួលជោគជ័យបាន ៧៥ភាគរយ តាមរយៈការផ្សះផ្សា និងមជ្ឈត្តកម្ម ដោយចំណាយពេលជាមធ្យម ១៧ថ្ងៃ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ទន្ទឹមនឹងនេះដែរ ស្របតាមផែនការយុទ្ធសាស្ត្រ ២០១៤-២០១៨ ទាក់ទងនឹងនិរន្តភាពរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រសួងនឹងសហការឲ្យកាន់តែជិតស្និទ្ធជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីជួយដល់មូលនិធិក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអំពីនិរន្តរភាពនៃក្រុមប្រឹក្សា អាជ្ញាកណ្តាលសម្រាប់រយៈពេលមធ្យម និងរយៈវែង ដើម្បីឲ្យស្ថាប័នមួយនេះអាចដំណើរការការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបនឹងតម្រូវការរបស់ភាគីពាក់ព័ន្ធជានិរន្តតទៅ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនិរន្តភាពរយៈពេលវែងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ខ្ញុំក្នុងនាមថ្នាក់ដឹកនាំក្រសួង សូមអំពាវនាវសាជាថ្មីទៀតដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងបណ្តាប្រទេសជាមិត្តទាំងអស់ ជាពិសេសនិយោជក សហជីពកម្មករនិយោជិត សូមចូលរួមជាមួយក្រសួងក្នុងការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានស្នើឲ្យដល់ភាគីពាក់ព័ន្ធទាំងអស់កុំកាត់បន្ថយមូលនិធិដោយសារតែវិវាទការងារថយចុះត្រូវគិតទៅលើការពង្រឹងស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាលឲ្យមានភាពរឹងមាំនិងមាននិរន្តរភាពវែងឆ្ងាយដើម្បីចូលរួមឆ្លើយតបនឹងស្ថានភាពវិវត្តន៍រីកចម្រើននៃវិស័យឧស្សាហកម្ម និងសេវាកម្មដោះស្រាយវិវាទការងារព្រោះថាស្ថាប័ននេះបានចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវផលិតភាពការងារ កំណើនសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងដែលជាប្រយោជន៏ដល់កម្មករនិងនិយោជក។
ចំណែកលោក វ៉ាន់ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានគាំទ្រចំពោះក្រុមប្រឹក្សាអាជ្ញាកណ្តាលព្រោះជាស្ថាប័នមួយដែលភាគីនិយោជកក៏ដូចជាភាគីពាក់ព័ន្ធនានាមានទំនុកចិត្តនិងជឿជាក់ក្នុងការដោះស្រា យរាល់វិវាទការងារ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីសហជីពមូលដ្ឋានចំនួន៣៧៩៣ សហព័ន្ធសហជីពចំនួន១៣៨ សហភាពសហជីពចំនួន២៣ និងសមាគមនិយោជកចំនួន៨៕
Source: Kampuchea Thmey Daily
0 Comments