បាត់ដំបង ៖ អតីត លោក អធិការ នគរបាលក្រុងបាត់ដំបង គឺលោក យឹម វិចិត្រ និងមន្ត្រីក្រោមឱវាទចំនួន ២ នាក់ទៀត ដែលសុទ្ធសឹងជាមន្ត្រីផ្នែកព្រហ្មទណ្ឌ កំពុងប្រឈមមុខ ទៅនឹងការប្តឹងឧទ្ធរណ៍របស់ជនរងគ្រោះមួយរូប បន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបាត់ដំបង សម្រេចតម្កល់រឿងទុកមិនចាត់ការ អស់រយៈពេលរាប់ឆ្នាំរួចមក។
គួររំលឹកដែរថា លោកឌិន សាម៉ុណ្យ ហៅ ខឹម ឈាង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អតីត មន្ត្រីកងយោធពលខេមរភូមិន្ទ ការិយាល័យផែនការ នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ បច្ចុប្បន្នជាអនុប្រធាន សាខាគណៈកម្មាធិការប្រតិបត្តិអង្គភាព អង្គការសហគមន៍ ២ ធ្នូរាជធានី ភ្នំពេញ ត្រូវបានកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយកាលនោះ ការចុះឃាត់ខ្លួនមានឈ្មោះ ម៉ង់ វីរ៉ា ( បច្ចុប្បន្ន ស្លាប់ ) ឈ្មោះ ស្វ័យ ភិរម្យ ដោយមានបញ្ជាផ្ទាល់ពីលោក អធិការ យឹម វិចិត្រ ផងដែរ ដោយបានចោទប្រកាន់ថា លោក ឌិន សាម៉ុណ្យ ផ្សំគំនិតក្នុងរឿងរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ដោយកាលនោះមានពលរដ្ឋម្នាក់ទៀតក៏ត្រូវឃាត់ខ្លួនដែរ ហើយការឃាត់ខ្លួននេះពុំមានដីកា ឬការអនុញ្ញាតពីលោកព្រះរាជអាជ្ញាណាមួយឡើយ។
ការឃាត់ខ្លួនជនរងគ្រោះនាឱកាសនោះ មានការពាក់ព័ន្ធនឹង៣ករណី ក្នុងនោះគឺ បង្ខាំងរាងកាយ បង្អត់អាហារ និងជំរិតទាប្រាក់ ចំនួន ៣ ០០០ ដុល្លារ ជាថ្នូរទៅនឹងការដោះលែងអោយមានសេរីភាពឡើងវិញ បើទោះបីជាជនរងគ្រោះបដិសេធថា លោក មិនបានដឹងអ្វីបន្តិចទាល់តែសោះយ៉ាងណាក៏ដោយ ក៏លោកអធិការ នៅតែបញ្ជូនឈ្មោះកាយ វណ្ណធី មាននាទីជាអធិការរង មកធ្វើការសម្របសម្រួលដើម្បីប្រាក់ ៣០០០ ដុល្លារនេះដែរ នៅទីបំផុត ដោយទ្រាំនឹងការឃុំខ្លួនបែបនេះតទៅទៀតមិនបាន ទើបនៅថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៥ ជនរងគ្រោះបានអោយភរិយាទៅចងការប្រាក់គេយកមកប្រគល់អោយលោក យឹម វិចិត្រ ដើម្បីបានរួចខ្លួន នាវេលាម៉ោង១២ ថ្ងៃត្រង់។
ដោយយល់ឃើញថា ទង្វើនេះគឺជារឿងអយុត្តិធម៌ជាទីបំផុត ទើបនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ជនរងគ្រោះបានចូលខ្លួនដាក់ពាក្យបណ្តឹងនៅសាលាដំបូង ខេត្តបាត់ដំបង ប៉ុន្តែការប្តឹងនេះ ត្រូវបានតុលាការធ្វើការអូសបន្លាយពេលរាប់ឆ្នាំ គ្មានបានដំណឹងអ្វីបន្តិចទាល់តែសោះ ទើបនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ជនរងគ្រោះបានចូលទៅសាកសួរដល់ការិយាល័យរបស់លោកព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា ព្រោះលោកជាអ្នកកាន់សំណុំរឿងនេះ ទីបំផុតជនរងគ្រោះបានមកវិញនូវលិខិតជូនដំណឹងមួយច្បាប់ស្តីពីការសម្រេចតម្កល់រឿងទុកឥតចាត់ការ ទៅវិញ។
ជុំវិញភាពមិនប្រក្រតីរបស់អតីត លោកអធិការ នគរបាលក្រុង បាត់ដំបង លោក យឹម វិចិត្រ និងមន្ត្រីក្រោមឱវាទ ដែលប្រព្រឹត្តល្មើសនឹងច្បាប់ សូម្បីតែព្រះរាជអាជ្ញា ក៏មិនបានដឹងផងនោះ ទើបធ្វើអោយជនរងគ្រោះ ឌិន សាម៉ុណ្យ កើតទុកមិនសុខចិត្ត ក៏សម្រេចដាក់ពាក្យប្តឹងមួយលើកទៀត កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៨ ទៅកាន់ សាលាឧទ្ធរណ៍រាជធានី ភ្នំពេញ ក្នុងនោះផងដែរ លោកក៏បានប្តឹងចូលទៅ អង្គភាព ប្រឆាំងអំពើពុករលួយដើម្បីអោយជួយរកយុត្តិធម៌សម្រាប់រូបលោក និងមួយច្បាប់ចុងក្រោយ គឺលោកបានប្តឹងចូលទៅ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
តាមប្រភពច្បាស់ការមួយបានអោយដឹងថា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៨ នេះ លោក អធិការរង កាយ វណ្ណធី ត្រូវបាន លោក អ៊ឹម សុផាន ព្រះរាជអាជ្ញា សាលាឧទ្ធរណ៍រាជធានី ភ្នំពេញ ចេញដីកាកោះហៅ អោយចូលខ្លួនទៅបំភ្លឺ ជុំវិញបញ្ហាជំរិតទារប្រាក់៣០០០ ដុល្លារនេះ ដោយប្រភពដដែល ក៏បានបង្ហើបបន្ថែមថា លោក អធិការរង កាយវណ្ណធី បានឆ្លើយថា រឿងនេះលោកបានធ្វើតាមបញ្ជារបស់លោក យឹម វិចិត្រ គឺចប់។
រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងថា ចុងចោទចំនួន២ រូបទៀត គឺលោកយឹម វិចិត្រ និងលោក ស្វ័យ ភិរម្យ ត្រូវបានសាលាឧទ្ធរណ៍ ធ្វើការកោះហៅនៅពេលណានោះទេ ហើយចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនដឹងថា នឹងមានវិធានការបែបណានោះដែរ ព្រោះកន្លងមក អតីត លោកអធិការ យឹម វិចិត្រ តែងតែដើរបោះពាក្យសម្តីថា បើលោកមានកំហុស ម្ល៉េះសមរូបលោកមិនត្រូវបានថ្នាក់លើ តែងតាំងអោយក្លាយជាមេបញ្ជាការ នគរបាលវរៈ ការពារព្រំដែនគោក ៨២៣ បែបនេះឡើយ៕
Source: Kampuchea Thmey Daily
0 Comments