រតនគិរី ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីពួកគាត់បណ្ដើរម៉ូតូឆ្លងទឹកអូរមួយកន្លែងដែលមានជម្រៅត្រឹមចង្កេះ, ប្រពន្ធបានរុញម៉ូតូពីក្រោយប្តីឆ្លងទឹកអូរ ស្រាប់តែប្រពន្ធបានរអិលជើងដួលចូលក្នុងទឹកកំពុងតែហូរ ពេលនោះប្តីក៏ប្រញាប់ទៅជួយប្រពន្ធដែលទឹកបានហូរនាំទៅនោះ ហើយបានទាញចាប់ស្រវេស្រវាប្រពន្ធជាប់ ប៉ុន្តែប្តីបានអស់កម្លាំងក្រោយជួយប្រពន្ធ ក៏លង់ស្លាប់តែម្តង។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃអង្គារ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចអូរចឹម ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
អធិការរងនគរបាលស្រុកកូនមុំទទួលបន្ទុកព្រហ្មទណ្ឌលោក ជា សារិត បានឲ្យកម្ពុជាថ្មីដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់បានបណ្តើរម៉ូតូឆ្លងអូរទៅត្រោយម្ខាង ហើយខណៈពេលនោះដែរទឹកកំពុងតែហូរខ្លាំងផង ប្រពន្ធបានរុញម៉ូតូពីក្រោយប្តី ហើយបានរអិលជើងដួលក្នុងទឹកកំពុងតែហូរទៅបាត់ ប្តីក៏ប្រញាប់ស្រវេស្រវាប្រពន្ធយកមកវិញ ប៉ុន្តែពេលនោះប្តីបានអស់កម្លាំងដែលទាញយកប្រពន្ធលង់ទឹកនោះ ប្រពន្ធឃើញប្តីមិនស្រួលក៏ប្រលែងដៃប្តីចេញពីខ្លួនគាត់ ហើយគាត់(ប្រពន្ធ)បានទឹកហូរទៅប៉ះនឹងគុមឬស្សីមួយគុមបានតោងជាប់តែម្តង។ គាត់បានក្រឡេកទៅមើលប្ដីរបស់គាត់បានលិចទៅក្នុងទឹកបាត់ទៅហើយ។
លោកអធិការរងបានបន្តទៀតថា ក្រោយពីប្តីបានលង់ទឹកហើយនោះ រូបគាត់បានស្រវាឡើងលើគោកប្រញាប់មករាយការណ៍សមត្ថកិច្ចមូលដ្ឋាន ខណៈនោះដែរកម្លាំងប៉ុស្តិ៍នឹងកម្លាំងអធិការនគរបាលស្រុកចុះមករាវរកលុះដល់ម៉ោង៤និង៣០នាទីល្ងាចថ្ងៃដដែលរកមិនទាន់ឃើញឡើយ។
លោកថា ជនរងគ្រោះមានឈ្មោះ ជា សំអាត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ស្លាប់) ប្រពន្ធឈ្មោះ វី ភីអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីរនាក់មានទីលំនៅភូមិ១ឃុំត្រពាំងច្រេស ស្រុកកូនមុំ មានកូនចំនួន២នាក់នៅក្នុងបន្ទុក។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋក្នុងភូមិកំពុងរុករកសាកសពបន្តទៀតដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments