ភ្នំពេញ ៖ ជនសង្ស័យជាចោរលួចកាច់សោ.កម៉ូតូម្នាក់ ត្រូវបានប្រជាពលរដ្ឋឃើញទាន់នាំគ្នា ព័ទ្ធចាប់ខ្លួនបានស្វាគមន៍មួយដៃមួយជើងម្នាក់ ឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ អិន មករា អាយុ២០ឆ្នាំ ស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាស្កូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FB-5059 ជនរងគ្រោះម្ចាស់ម៉ូតូមាន ឈ្មោះ ដាង វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបានចតម៉ូតូទុកមួយភ្លែតនៅមុខផ្ទះដោយជាប់រវល់ធ្វើកិច្ចការងារនៅខាងក្នុងផ្ទះភ្លាមៗនោះ ជនសង្ស័យបាន ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូស្កូបពី១គ្រឿង បានសម្រេចហើយបានព្យាយាមជិះគេចខ្លួន ប៉ុន្តែបានចម្ងាយប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ ត្រូវបានអ្នកជិតខាងនិងម្ចាស់ឃើញទាន់ស្រែឆោរឡោបង្កឲ្យមានការភ្ញាក់ផ្អើល ទើបប្រជាពលរដ្ឋនាំគ្នាជួយដេញតាមចាប់បាន ហើយស្វាគមន៍ម្នាក់មួយដៃមួយជើង រួចទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ១ នាំទៅសាកសួរនិងចាត់ការបន្ដតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments