Ad Code

អភិបាល​ខេត្តកណ្តាល​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្តល់​សេវា​សា​ធា​រណៈ ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា



កណ្តាល ​៖ អភិបាលខេត្ត​កណ្តាល​ បាន​ធ្វើ​ការ​ដាស់តឿន​ និង ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ក្តាប់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​ផ្តល់​សេវាសាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ទាន់​ពេល​វេលា ជាពិសេស​ការ​ផ្តល់​សេវា​អត្រានុកូលដ្ឋាន​ដោយ​គោរព​ឲ្យ​បាន​តាម​ពេលវេលា តម្លៃ​សេវា​តាម​ការ​កំណត់​ដោយ​ច្បាប់​។​លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណ​អភិបាល​ខេត្តកណ្តាល បាន​ថ្លែង​ឡើង​នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​អាគារ​សាលាឃុំ​តា​ឯក ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល នៅ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨​។



លោក​បណ្ឌិត​បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា អាជ្ញាធរ​មូលដ្ឋាន បញ្ឈប់​ឲ្យ​បាន​ដាច់ខាត​នូវ​ការចុះហត្ថលេខា លើ​លិខិត ទិញ លក់​ដី សាធារណៈ​របស់​រដ្ឋ ដី​បឹង និង​ឯកសារ​ផ្សេងៗ ដែល​ហាម​ដាច់ខាត​ដោយ​ច្បាប់ ក្នុងនោះ​មន្ត្រី​មូលដ្ឋាន​ត្រូវ​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ ស្វែងយល់​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ និង​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​។

លោក បាន​លើកឡើងថា ដើម្បី​ជំរុញ​ការ​ផ្តល់សេវា​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ មាន​ប្រសិទ្ធភាព និង​ច្បាស់លាស់ ជួយ​សម្រួល​ដល់​ការ​ធ្វើ​បច្ចុប្បន្នភាព និង​ក្តាប់​យក​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ​នោះ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ឈ្លៀសវៃ របស់​សម្តេច​អគ្គ មហាសេនា​បេតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ការ​ផ្តល់សេវា​តាម​តម្រូវការ និង​ការ​ផ្តល់សេវា​តាម​សំណូមពរ ទៅតាម​អ្វី​ដែល​យើង​អនុវត្តន៍​ទៅ​បាន ព្រោះ​ការ​ផ្តល់​សេវា​សាធារណៈ​វា​ជា​រឿង​ចាំបាច់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ផ្សេងៗ​របស់​ពួកគាត់ ជាពិសេស​ការ​រៀបចំ​ឯក​សារ​អត្រានុកូលដ្ឋាន ឲ្យ​មាន​សុវត្ថិភាព ធានាបាន​នូវ​និរន្ត​ភាព​។



លោក​បណ្ឌិត ម៉ៅ ភិ​រុណ បាន​បន្តទៀតថា ឆ្លើយតប​ប្រសិទ្ធភាព ប្រសិទ្ធ​ផល ការ​កសាង​រដ្ឋបាល​សាធារណៈ និង​ជំនឿ​ទុកចិត្ត ព្រម​ជា​មួយ​ការលើកកម្ពស់​វប្ប​ធ​ម៌​សេវាសាធារណៈ ឆន្ទៈ​ម្ចាស់ការ​ភក្តីភាព ដើម្បី​ប្រែក្លាយ​រដ្ឋបាល​សាធារណៈ ឲ្យ​ទៅជា​អ្នកផ្តល់​សេវាសាធារណៈ​ដ៏​មាន​ប្រសិទ្ធភាព បម្រើសេវា​ជូន​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរ គឺ​មិនមែន​ត្រឹមតែ​ជា​បំណងប្រាថ្នា​របស់​រាជរដ្ឋា​ភិ​បាល​ប៉ុណ្ណោះ​ទេ តែ​វា​ជា​សេចក្តី​រំពឹង​ចង់បាន​របស់​ប្រជាពលរដ្ឋ​ផងដែរ ដូច្នេះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ឃុំ​-​សង្កាត់ ជា​រដ្ឋបាល​ដែលមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទាល់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ​ទាំង​សមត្ថភាព​ស្ថាប័ន និង​សមត្ថភាព​បុគ្គល ដើម្បី​ប្រែក្លាយ​ការផ្តល់សេវា​នៅតាម​មូលដ្ឋាន ឲ្យ​មាន​ជឿជាក់ និង​មាន​ភាព កក់ក្តៅ​ពី​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប។​



សូម​បញ្ជាក់​ថា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែស្រាព​ណ៌ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០១៨​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បញ្ចុះ​បឋមសិលា​សាងសង់​អគារ​រដ្ឋបាល​ឃុំ​តា​ឯក អំពី​ឥដ្ឋ​ប្រក់​ក្បឿង​មាន​ទំហំ​១៤,៦០​ម៉ែត្រ គុណ​១០​ម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​គុណប្រយោជន៍​ខេត្ត ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។ ពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី មន្ត្រីរាជការ កងកម្លាំង​ទាំង​៣ និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង​១០០០នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu