ភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជំរុញឲ្យកសិដ្ឋានដាំដំណាំផ្លែចេកទាំងអស់មកចុះបញ្ជីនៅក្រសួងដើម្បីអាចមានលទ្ធភាពនាំចេញទៅលក់នៅប្រទេសចិន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងចិនបានបន្ថែមពិធីសារពង្រីកការនាំចេញផលិតផលផ្លែចេកពីកម្ពុជាទៅកាន់ទីផ្សារចិនរួចមក។
ជាមួយគ្នានេះដែរ ក្រសួងកសិកម្មក៏បានច្រានចោលទៅនឹងបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនកាលពីថ្មីៗនេះដែលលើកឡើងថា ក្រសួងបានតម្រូវឲ្យម្ចាស់កសិដ្ឋានដាំដំណាំហូបផ្លែទាំងអស់មកចុះបញ្ជីនៅក្រសួងដោយក្រសួងបានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មាននេះបានធ្វើឲ្យមានការភាន់ច្រឡំដល់សាធារណជន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ពិធីសាររវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន មិនមានតម្រូវឲ្យម្ចាស់កសិដ្ឋានដាំដំណាំហូបផ្លែទាំងអស់ ត្រូវមកចុះបញ្ជីនៅក្រសួងនោះទេ គឺតម្រូវឲ្យតែក្រុមហ៊ុន ឬម្ចាស់កសិដ្ឋានដាំដំណាំចេក ដែលមានបំណងនាំចេញទៅកាន់ប្រទេសចិន ធ្វើការចុះបញ្ជីតែប៉ុណ្ណោះ។
យោងតាមលិខិតបំភ្លឺរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយជាសាធារណៈ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា បានឲ្យដឹងថា ការតម្រូវឲ្យក្រុមហ៊ុន ឬម្ចាស់កសិដ្ឋានដាំដំណាំចេក ដែលមានបំណងនាំចេញទៅកាន់ប្រទេសចិនចុះបញ្ជី គឺដើម្បីឲ្យសមត្ថកិច្ចជំនាញការពាររុក្ខជាតិ និងភូតគាម អនាម័យនៃប្រទេសទាំងពីរកម្ពុជា-ចិន ពិនិត្យ និងវាយតម្លៃលើលក្ខណៈបច្ចេកទេស ការគ្រប់គ្រងការដាំដុះ ការវេចខ្ចប់ ឲ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដូចមានចែងក្នុងពិធីសារមុននឹងធ្វើការនាំចេញ។
លោកហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបានឲ្យដឹងថា ការចុះបញ្ជីរបស់ម្ចាស់កសិដ្ឋាននៅអគ្គនាយកដ្ឋានកសិកម្មនេះមានផលចំណេញច្រើន ដើម្បីទទួលបានជំនាញបច្ចេកទេសក្នុងការដាំដុះ ការវេចខ្ចប់ឲ្យមានគុណភាពល្អស្របតាមស្តង់ដារនៃតម្រូវការនាំចេញ។
លោក បានបន្តថា បន្ទាប់ ពីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពីក្រសួងហើយនោះ ម្ចាស់កសិដ្ឋានក៏មានភាពងាយស្រួលក្នុងការត្រួតពិនិត្យភូតគាមអនាម័យនឹងការភ្ជាប់ទំនាក់ទំនងនាំចេញជាមួយដៃគូនៅក្រៅប្រទេស។
ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅប្រទេសចិន កាន់តែមានភាពងាយស្រួលថែមទៀតនោះ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់អាល្លឺម៉ង់ GIZGIZ រួមជាមួយក្រសួងកសិកម្ម និងកសិករបានរៀបចំគោលការណ៍ណែនាំស្តីពីការនាំចេញផ្លែឈើ ដើម្បីឲ្យកសិករអាចនាំចេញផលិតផលរបស់ពួកគេស្របតាមលក្ខខណ្ឌកាន់តែងាយស្រួល។
គោលការណ៍ណែនាំនេះ នឹងដាក់បង្ហោះនៅលើប្រព័ន្ធអ៊ីនធើណេតសម្រាប់ការប្រើប្រាស់ជាសាធារណៈនៅលើគេហទំព័ររបស់ក្រសួងកសិកម្មនិងអង្គការ GIZ នៅខែសីហានេះដែលរៀបចំឡើងសម្រាប់តែផលិតផលមួយចំនួនដូចជា ផ្លែស្វាយ ផ្លែចេក និងផ្លែមៀនឬផ្លែតាង៉ែនតែប៉ុណ្ណោះ។
ទាក់ទងនឹងការបំភ្លឺរបស់ក្រសួងកសិកម្មនេះដែរលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានមានប្រសាសន៍ថា ការបំភ្លឺរបស់ក្រសួងកសិកម្មនេះនឹងបញ្ចប់ការរិះគន់លើរាជរដ្ឋាភិបាលជុំវិញការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឲ្យប្រជាកសិករមានកង្វល់ពី ផលិតកម្មដាំដុះរបស់ខ្លួន ស្របពេលដែលកំពុងជួបប្រឈមនឹងការលក់ចេញមានតម្លៃថោក ដោយសារខ្វះទីផ្សារក្រោយពេលផលិតបាន។
តែយ៉ាងណាក៏ដោយលោកសន ជ័យ ស្នើឲ្យក្រសួងកសិកម្មជួយបង្កើនការនាំចេញផលិតផលកសិកម្មផ្សេងទៀតក្រៅពីចេកទៅទីផ្សារបរទេស ដើម្បីជួយឱ្យកសិករមានជីវភាពធូរធារឡើង។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋាភិបាលប្រទេសចិន កាលពីថ្ងៃទី២ ខែសីហាកន្លងទៅនេះ បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែចេកពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ ខណៈកម្ពុជាមាន មហិច្ឆតាបង្កើនការនាំចេញទៅកាន់បរទេសនូវទំនិញកសិផលដូចជាស្វាយ ចេក មៀន គូលេន ស្រកានាគ ម្ទេស ផ្លែដូង និងសំបុកទឹកមាត់ត្រចៀកកាំ ជាដើម៕
Source: Kampuchea Thmey Daily
0 Comments