Ad Code

អាជ្ញាធរ​សម្រេច​ចុះ​រុះរើ​សំណង់​អនាធិបតេយ្យ ​នៅ​តាម​ផ្លូវ​រថភ្លើង



ភ្នំពេញ ៖ សំណង់​តូប​និង​លំនៅឋាន​បែប​អនាធិបតេយ្យ​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ និង​ជាប់​ផ្លូវជាតិ​លេខ​៤​ផង​នោះ​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដឹកនាំ​កម្លាំង​ចម្រុះ​ ខណ្ឌ​ចុះ​រុះ​រើចេញ​ បន្ទាប់ពី​ជូនដំណឹង​ជា​បន្ដ​បន្ទាប់​រួចមក​នោះ ដែល​សកម្មភាព​នេះ ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ​២០១៨ ​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​ និង ​តាមផ្លូវ​រថភ្លើង​ក្នុងភូមិ​អង្គ​សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ​កន្លងមក​ខាង​អាជ្ញាធរ​បាន​ជូនដំណឹង​ហើយ រាល់​ពលរដ្ឋ​ដែល​សាងសង់​តូប លក់ដូរ​និង​ស្នាក់នៅ​ជា​បណ្តោះ​អាសន្ន​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​និង​ប្រប​តាមផ្លូវ​រថភ្លើង​ដែល​បង្ក​ឲ្យ​បាត់បង់​សណ្តាប់​ធ្នាប់​សាធ​រណៈ គ្មាន​ច្បាប់​អនុញ្ញាត នោះ​អាជ្ញាធរ​ត្រូវតែ​ហាមឃាត់​និង​ឲ្យ​បញ្ឈប់​សកម្មភាព​សង់រោង តូប បែបនេះ​ជា​បន្ដ​បន្ទាប់ ក៏ប៉ុន្តែ​ពួកគាត់​នៅតែ​មិន​ស្តាប់​ស្ងាត់ៗ បែរ​ជា​មាន​អ្នក​ទៅ​លួច​សង់រោង តូប ដដែល ទើប​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០១៨ នេះ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​កែវ សុភា​អភិបាលរងខណ្ឌ រួម​ជា​មួយ​កម្លាំង​សង្កាត់ ប៉ុស្តិ៍​ចោមចៅ​៣ ចុះទៅ​រុះរើ​ចេញ​នូវ​សំណង់​រោង តូប អ្នក​លក់ដូរ​នៅ​តាម​ចិញ្ចើមផ្លូវ។



តាម​ការសង្កេត​ជាក់ស្ដែង​ប្រជាពលរដ្ឋ​ហាក់​មិន​ហ៊ាន​បញ្ចេញ​ប្រតិកម្ម​តវ៉ា​នោះ​ទេ ​ដោយសារ​ពួកគាត់​យល់​ច្បាស់​ថា ​ពួកគាត់​ពិតជា​បាន​សាងសង់​សំណង់​ខុសច្បាប់​នោះ​មែន ហើយ​គាត់​ក៏​ចង់​រុះរើ​ចេញ​ដែរ​ប៉ុន្ដែ​ដោយសារ​វល់​ពេក។



ពលរដ្ឋ​ម្នាក់​បាន​ឲ្យ​ដឹង​ថា គាត់​ដឹង​ហើយ​ថា​ រោង តូប របស់​គាត់​សង់​គ្មាន​ច្បាប់ តែ​គាត់​សង់​គ្រាន់​ជា​ជម្រក​សម្រាប់​លក់ដូរ​ជា​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ហើយ​កន្លងមក​ពួកគាត់​ក៏​ទទួល​បាន​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ដែរ ដែល​តម្រូវ​ឲ្យ​ពួកគាត់​រុះរើ​ចេញ តែ​គាត់ ជាប់រវល់​ទើប​អូស​បន្លាយ​ពេលវេលា​មក​ដល់​ថ្ងៃនេះ ហើយ​គាត់​ក៏​មិន​អាក់អន់ចិត្ត​អ្វី​ដែរ​ជាមួយ​អាជ្ញាធរ​ដែល​ដាក់​កម្លាំង​ចុះ​មក​រុះរើ​នេះ​ដែរ ម្យ៉ាងវិញទៀត​ពួកគាត់​ក៏​ដឹង​ដែរ​ថា​បន្ទាប់ពី​បោះឆ្នោត​រួច​អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ​ក្ដៅ​ហើយ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu