Ad Code

ចោទ​ប្រកាន់​ម្ចាស់​ទីតាំង​លួច​ផលិត​សាប៊ូ និង​គ្រឿងសំអាង​ក្លែងក្លាយ



ភ្នំពេញ ៖ លោកស្រី ម៉ា​ក់នី ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៨ សីហា បានសម្រេច​ធ្វើការ​ចោទប្រកាន់​ជនជាតិ​ចិន​ម្នាក់​ជា​ម្ចាស់​ទី​តាំង​លួច​ផលិត​សាប៊ូ និង គ្រឿងក្រអូប​ក្លែង​ជា​ផ្លូវការ ក្រោម​បទ​ធ្វើ​ត្រាប់​តាម​ពាណិជ្ជសញ្ញា សេវា​សញ្ញា ម៉ាក តាម​សមូហភាព ឬ​ ពាណិជ្ជ​នាម​របស់​សហគ្រាស និង​នាំចូល​ចែកចាយ ផលិតផល​គ្រឿងសំអាង​ពុំ​មាន​ចុះបញ្ជី​ការ​ពី​ក្រសួង​សុខាភិបាល។

បទល្មើស​នេះ​ ប្រព្រឹត្ត​នៅក្នុង​ឃ្លាំង​លេខ​៨៧ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ សីហា ដែល​បទល្មើស​នេះ​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស តាម​មាត្រា​៦៥ នៃ​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម និង អំពើ នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​បទល្មើស​ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា១០ នៃ​ច្បាប់​ស្តី​នៃ​ការគ្រប់គ្រង​ឱសថ។



តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើប​អង្កេត សាកសួរ​លើ ឈ្មោះ ចូ​វ ស៊ី​ឈាំ​ង (ZOU ZHIQIANG ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជន​ជាតិចិន និង​បាន​ចោទប្រកាន់​ជា​ផ្លូវការ ហើយ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​សើ​ប​សួរ​សម្រេច​តាមច្បាប់។

ទីតាំង​ផលិត​សាប៊ូ​និង​គ្រឿងក្រអូប ព្រមទាំង​ឡេ​លាប​ខ្លួន​មួយ​កន្លែង​ដែល​សង្ស័យថា​ គ្មាន​ច្បាប់​អនុញ្ញាត និង​ក្លែងក្លាយ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ។ បន្ទាប់មក​បាន​ចុះទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ចុះ​ធ្វើការ​ឆែកឆេរ​និង​បង្ក្រាប​ជាក់ស្ដែង។

សមត្ថកិច្ច​ដកហូត​បា​ន​ផលិតផល​សម្រេច រួម​ជា​មួយ​វត្ថុធាតុដើម​សរុប​២២​មុខ មាន​ទម្ងន់​ប្រហែល​៥​តោន ព្រមទាំង​សម្ភារៈ​ឧបករណ៍​សម្រាប់​ដំណើរ​ការផលិត​ជាច្រើន​មុខ​ទៀត។ ចំណែក​បុរស​ជនជាតិ​ចិន​ម្នាក់​ ដែល​ជា​ម្ចាស់​ទីតាំង​ក៏​ត្រូវ​បាន​នគរបាល​នាំខ្លួន​យក​ទៅ​ធ្វើការ​សួរនាំ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ផងដែរ។



ប្រតិបត្តិ​ការ​នោះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ឃ្លាំង​លេខ​៨៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មានការ​អញ្ជើញ​ចូលរួម​ដោយ​លោក​ព្រះរាជអាជ្ញា​រង ស្រី ម៉ា​នី និង​លោក​លោក​ក្រឡាបញ្ជី ហ៊ី រត្ត​ន៏។ ទីតាំង​ខាងលើ​លួច​នាំចូល​វត្ថុធាតុដើម​ពី​បរទេស និង​ផលិត​សាប៊ូ​និង​គ្រឿងក្រអូប ព្រមទាំង​ឡេ​លាប​ខ្លួន​ខុសច្បាប់ និង​ក្លែងក្លាយ ដែល​មាន​ម្ចាស់​ជា​ជន​ជាតិចិន​ឈ្មោះ ZOU ZHIQIANG ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ។ មន្ត្រី​នគរបាល​មួយរូប​បាន​ឲ្យ​ដឹងថា ក្នុង​ការ​ចុះ​បង្ក្រាប​នោះ កម្លាំង​នគរបាល​ខាងលើ​បាន​រក​ឃើញ​និង​ដកហូត​ផលិតផល​ព្រមទាំង​វត្ថុធាតុដើម​មួយចំនួន​រួមមាន​,White Tare Sunny ចំនួន​៦០០​ដប​ធំ​, Detesgent Sunny ចំនួន​៣៦​ដប​តូច​, Whit Tere Sunny , ក្រេ​ម B.lekes ទីប​ចំណុះ​៣០០​មី​លី​លីត្រ​ចំនួន​២១១២​ទីប​, ក្រេ​ម B.lekes ដប​ចំនួន​៤៨៤​ដប​, ទឹកអប់​ម៉ាក​M ៤​ប្រភេទ​ចំនួន​២០០​ដប​, Detergent Sunny ចំណុះ​៤៥០០​មី​លី​លីត្រ ចំនួន​១១៨​ប៊ីដុង​, វត្ថុធាតុដើម​ម្សៅ​(H1144/1kg) ចំនួន​៧​កំប៉ុង​, វត្ថុធាតុដើម​ទឹក​ចំ​នួន​៨​ធុង​, វត្ថុធាតុដើម​ម្សៅ​ចំនួន​១០​ការុង​, ប៊ីដុង​ទទេ​ចំនួន​១៥០០ ព្រមទាំង​ម៉ាស៊ីន​, ម៉ូ​ទ័​រ​, ឧបករណ៍​សម្រាប់​ផលិត​សាប៊ូ និង​សម្ភារៈ​ជាច្រើន​មុខ​ទៀត ហើយ​សរុប​ផលិតផល​សម្រេច​និង​វត្ថុធាតុដើម ត្រូវ​ដកហូត​នោះ​សរុប​មាន​ចំនួន​២២​មុខ​និង​មាន​ទម្ងន់​ប្រហែល​៥​តោន។



ក្រៅ​ពី​នេះ​ នគរបាល​បាន​ដក​ហូតយក​រថយន្ត​២​គ្រឿង​ទៀត ក្នុង​នោះ​១​គ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2J-5162 និង​មួយ​គ្រឿង​ទៀត​ម៉ាក​គា ជា​រថយន្ត​ទ្រុង​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-7431។ បន្ទាប់មក​បាន​ហៅ​ម្ចាស់​ទីតាំង​ជនជាតិ​ចិន​ឈ្មោះ​ZOU ZHIQIANG នាំទៅ​ធ្វើការ​សាកសួរ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​ចាត់ការ​តាមច្បាប់​ផង​ដែរ ដោយ​សង្ស័យ​ថា ​បុរស​នេះ​លួច​នាំចូល​វត្ថុធាតុដើម​មក​ផលិត​សាប៊ូ គ្រឿងក្រអូប ឡេ​លាប​ខ្លួន​ដោយ​ខុសច្បាប់​និង​ក្លែងក្លាយ ហើយ​សំណុំ​រឿង​នេះ​ ត្រូវ​បញ្ជូន​ឡើង​តុលាការ​សម្រេច​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu