ភ្នំពេញ ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នេះបើតាមការអះអាងរបស់លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នៅសាលសន្និសីទ គ.ជ.ប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។
លោក ម៉ុក ដារ៉ា បានបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ គឺមានគោលដៅធានាអោយបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព។ លោកបញ្ជាក់ថា ការស្រង់ និងការលុបឈ្មោះ អ្នកបោះឆ្នោត ដែលមានដូចជា អ្នកដែលបានទទួលមរណភាព, អ្នកដែលត្រូវបានដកហូតនូវសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន, អ្នកដែលបានផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ចេញទៅ ឃុំ សង្កាត់ ផ្សេងទៀត ដោយមានឯកសារជាសំអាងត្រឹមត្រូវ ដឹងច្បាស់លាស់ ដើម្បីលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត។
ចំណែកការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើសុំរបស់សាមីខ្លួន ដោយមានឯកសារសំអាងត្រឹមត្រូវ ហើយការចុះឈ្មោះបោះឆ្នោតសំដៅលើ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក, ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨, ប្រជាពលរដ្ឋ ដែលទើបបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ដែលត្រូវចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។
លោក ម៉ុក ដារ៉ា អះអាងថា បន្ទាប់ពីទទួលបានទិន្នន័យអំពីការចុះឈ្មោះបោះឆ្នោត នឹងរៀបចំជាបញ្ជីបោះឆ្នោតដំបូងដើម្បីឲ្យប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ហើយក្រោយពីបញ្ចប់ការដោះស្រាយពាក្យបណ្ដឹង គ.ជ.ប នឹងផ្ដល់សុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ការរៀបចំកម្មវិធីបណ្ដុះបណ្ដាលនេះ មានរយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដែលមានសិក្ខាកាមចូលរួមចំនួន៦០នាក់ និងមានគ្រូឧទ្ទេសធ្វើបទបង្ហាញ អំពីបទបញ្ជា នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដំណើរការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការប្រើប្រាស់កម្មវិធីចុះឈ្មោះ៕
Source: Kampuchea Thmey Daily
0 Comments