សៀមរាប ៖ ជនមិនស្គាល់មុខ បានធ្វើសកម្មភាពចាក់មន្ត្រីនគរបាលប៉ុស្ដិ៍គោកចកម្នាក់ចំនួន១០កាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចគេចខ្លួនបាត់។ ករណីឃាតកម្មនេះគេសង្ស័យថាជារឿងគំនុំ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មខាងលើនេះ បង្កឡើងដោយជនសង្ស័យពុំស្គាល់មុខ បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះចំនួន១០កាំបិត គឺចំពោះចំនួន៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមក្លៀក១កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះ និងជនសង្ស័យអាចមានគំនុំនឹងគ្នាទើបឈានដល់ការធ្វើឃាតបែបនេះ។ សមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ នគរបាលប៉ុស្ដិ៍គោកចក រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សពជនរងគ្រោះបន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments