Ad Code

ប្រកបមុខរបរ​ទិញ​-​លក់​ម៉ូតូ មិនសូវ​កាក់កប​ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​គេ​បន្ថែម ប៉ះចំ​ម៉ូតូ​មាន GPS ប៉ូលិស​ចាប់​ដាក់​ខ្នោះ



ភ្នំពេញ​ ៖ បុរស​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​ម៉ាក ស្កុប​ពី​បានសម្រេច​មួយគ្រឿង តែ​ដោយសារ​ម៉ូតូ​នោះ មាន​ភ្ជាប់​ប្រព័ន្ធ GPS ម្ចាស់​ឆែក​មើល​តាម​សញ្ញា ដឹង​ទីតាំង​ទើប​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​តែម្ដង​។

ករណី​ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឃាត់​បាន​នៅ​ចំណុច​មុខផ្ទះ​លេខ ៥៦NC ផ្លូវ​លេខ​២៣០ ក្រុមទី​១៥ ភូមិ ៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ លី ម៉េង ហៅ​ម៉េង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ ទិញ​-​លក់​ម៉ូតូ ស្នាក់នៅ​ផ្ទះជួល​លេខ​១​បេ ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ អេង វ៉េង​ហួង ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ លក់ដូរ និង​ប្ដី ឈ្មោះ អាន រ៉ា​ឌី អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​លេខ​២៧ ផ្លូវ​លេខ​៦០៨ ក្រុមទី​៨០ ភូមិ​១៧ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។



ម៉ូតូ​ដែល​ជនសង្ស័យ​លួច ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CH-4329 សមត្ថកិច្ច​ដកហូត​បា​ន​មកវិញ​។

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​ជិះ​ម៉ូតូ​វិល​មកពីផ្សារ​ដេប៉ូ ហើយ​បាន​ចត​ម៉ូតូ​នៅមុខ​បន្ទប់ រួច​ដើរចូល​ទៅក្នុង​បាត់ ១០​នាទី​ក្រោយ ឮសូរ​សម្លេង​បញ្ឆេះ​ម៉ូតូ ទើប​ជនរងគ្រោះ រត់​ចេញ​មក​មើល​ក៏បាន ឃើញ​ជនសង្ស័យ​គ្នា​២​នាក់ ម្នាក់​ជិះ​ម៉ូតូ សេ​១១០ ប៊ិច ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ម្នាក់ទៀត ជិះ​ម៉ូតូ​ខ្លួន ស្កុប​ពី ចេញទៅ តែ​ជនរងគ្រោះ​រត់​ដេញ​តាម​មិនទាន់ ទាញ​ម៉ូតូ​ជិះ​ដេញ​តាម​ទៀត នៅតែ​មិនទាន់ តែ​សំណាងល្អ ម៉ូតូ​ចោរលួច​នោះ មាន​ភ្ជាប់​ប្រព័ន្ធ​GPS ឆែក​រកមើល ដឹក​គោលដៅ ទើប​ប្តឹង​ប៉ូលិស​ទៅ​ចាប់​តែម្តង ដោយ​ចាប់បាន​ម្នាក់ រីឯ​បក្ខពួក​ម្នាក់ទៀត​រត់គេច​ទៅ​បាត់។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន​សាកសួរ​និង​កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu