Ad Code

សាលា​បង្ហាត់​របស់​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​រាល់ថ្ងៃ​ចុង​សប្ដាហ៍​មាន​សិស្ស​ចូល​ហ្វឹកហាត់​បណ្តើរៗ​ហើយ



ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​ថា​ ក្លិប​របស់ខ្លួន បើក​បង្ហាត់​បាល់ទាត់​ដល់​ក្រុមយុវជន​៣​កម្រិត​ផ្សេងគ្នា ក្នុង​រាជធានី​ភ្នំពេញ នៅ​រាល់ថ្ងៃ​ចុង​សប្ដាហ៍ ខណៈ​សប្ដាហ៍​ដំបូង​មាន​សិស្ស​ប្រមាណ​ជាង​២០​នាក់​ចូលរួម​។

​សិស្ស​ប្រមាណ​ជាង​២០​នាក់​នោះ​ ភាគច្រើន​នៅ​ចន្លោះ​អាយុ​ចាប់ពី ៦ ដល់ ១៦ ឆ្នាំ។ បញ្ជាក់​ថា សាលា​បាល់ទាត់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​បែង​ចែកជា​៣​ប្រភេទ​អាយុ​ពោល​គឺ អាយុ​ក្រោម​៩​ឆ្នាំ​, ១២​ឆ្នាំ និង​១៥​ឆ្នាំ​។



ខណៈ​ការ​ហ្វឹកហាត់​ធ្វើឡើង​រៀងរាល់ថ្ងៃ សៅរ៍ និង​អាទិត្យ វេលា​ម៉ោង ៧​និង​៣០​នាទី ដល់​៩​ព្រឹក ដោយ​សម្រាប់​តម្លៃ​វិញ​ត្រឹមតែ​១០​ដុល្លារ​ប៉ុណ្ណោះ​។ សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ​០៧០ ៦៦៦ ៩១៩។

​ថ្មី​នេះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រកាស​ចុះឈ្មោះ​កីឡាករ​យុវជន​ថ្នាល​២​នាក់ ​ដាក់​ចូល​ក្នុង​បញ្ជី​ក្រុម​ធំ ដោយ​ក្នុង​នោះ​មាន​កីឡាករ យី ប៊ុនហេង ជា​អ្នកចាំទី និង​កីឡាករ គឹម សុខ​យុទ្ធ ជា​ខ្សែបម្រើ​។ កីឡាករ​ទាំង​២​នាក់ ត្រូវ​បាន​លោក Conor Nestor ដែលជា​គ្រូបង្វឹក បាន​ដាក់​ក្នុង​បញ្ជី​ប្រកួត​ព្រមទាំង​បង្ហាញខ្លួន​ជាមួយ​ក្រុម​បណ្តើរៗ​ហើយ។



ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​ដែល​សំបូរ​កីឡាករ​ចេញពី​យុវជន​ថ្នាល​របស់​ខ្លួន​ច្រើន ហើយ​មាន​កីឡាករ​ល្បីៗ​ឈ្មោះ​ជាច្រើន​ដូចជា សុក ចាន់​រស្មី នៅ​អគ្គីសនី​កម្ពុជា ចាន់ វឌ្ឍនាកា របស់​បឹងកេត ឃួន ឡា​បូ​រ៉ាវី នៅ​ក្លិប​Surat Thani លី​គ​លំដាប់​ទី​៤​ប្រទេស​ថៃ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ជាដើម​។

​លោក Conor Nestor កំពុងតែ​ឈឺក្បាល​រឿង​ដឹកនាំ​ក្រុម​ទទួល​បាន​ចំណាត់ថ្នាក់​មិនសូវ​បាន​ល្អ​ប្រចាំ​រដូវ​កាល​នេះ​ ក្រោយ​ប្រកួត​បាន​១៩​លើក ឈ្នះ​បាន​៧​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក មាន​២៤​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ថ្មីៗ​នេះ​ក្លិប​បាន​ដោះដូរ​កីឡាករ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដើម្បី​ត្រៀម​ជើង​ទី​២​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨ ហើយ​តាមរយៈ​ការដោះដូរ​កីឡាករ​នេះ​គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ណ UEFA A License រូប​នេះ​រំពឹង​ថា ​ក្រុម​នឹង​មាន​គុណភាព​មួយ​កម្រិត​ថែមទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu