Ad Code

អ្នករាយការណ៍​ពិសេស អសប ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​



ភ្នំពេញ ៖ នៅវេលា​ម៉ោង២និង​១៥​នាទី​រសៀល ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម​ឧប​នាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោកស្រី រ៉ូ​ណា ស្ម៊ី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​ជំនួប​ពិភាក្សា​នេះ​បានធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួងការបរទេស ហើយ​នៅក្នុង​ជំនួប​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី រ៉ូ​ណា ស្ម៊ី​ត រយៈពេល​១១​ថ្ងៃ​នៅ​កម្ពុជា​នេះ​។

​លោកស្រី រ៉ូ​ណា ស្មី​ត មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៩ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល ហើយ​ទស្សនកិច្ច​នេះ​ផ្តោត​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា​ចាប់តាំងពី​បេសកកម្ម​របស់​លោក​ស្រី កាលពី​ខែវិច្ឆិកា​កន្លងមក​។ ជាមួយគ្នា​នោះ ​លោកស្រី មានបំណង​បន្ត​ការពិនិត្យ​ផង​ដែរ ទៅ​លើ​វិស័យ​សិទ្ធិមនុស្ស ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយ​ពិនិត្យ​ជា​ពិសេស​ទៅលើ​ការមិន​រើសអើង និង​សមភាព ព្រមទាំង​ការចូលរួម និង​គណនេយ្យភាព​។​

​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃនេះ លោកស្រី គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រី ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា ហើយ​លោក​ស្រី នឹង​បំពេញ​ទស្សនកិច្ច​ផង​ដែរ​ទៅតាម​តំបន់​ផ្សេងៗ ដើម្បី​ប្រមូល​ព័ត៌មាន​ដោយផ្ទាល់​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu