Ad Code

មេ​ប៉ូលិស​ស្រីលង្កា​៖ អ្នក​បំផ្ទុះ​គ្រាប់បែក​អំឡុង​ពិធីបុណ្យ Easter ត្រូវ​សម្លាប់​ឬ​ចាប់ខ្លួន​ទាំងអស់​



មេ​ប៉ូលិស​លោក Chandana Wickramaratne បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អាជ្ញាធរ​សន្តិសុខ​ស្រីលង្កា​បាន​សម្លាប់​ឬ​ចាប់ខ្លួន​ជន​ជី​ហាដ​ទាំងអស់​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​អំឡុង​ពិធីបុណ្យ Easter ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​២៥៧​នាក់​ស្លាប់​។

​លោក Wickramaratne បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​សំឡេង​មួយ​ថា ប៉ូលិស​បាន​កម្ចាត់​មនុស្ស​គ្រប់រូប​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី​២១​ខែ​មេសា​លើ​ព្រះវិហារ​ចំនួន​បី​កន្លែង​និង​សណ្ឋាគារ​ប្រណីត​ចំនួន​៣​កន្លែង​។

​លោក​បាន​និយាយ​ថា “​អ្នក​ដែល​រៀបចំ​និង​អនុវត្ត​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​ទាំងអស់​បាន​ស្លាប់​ឬ​ស្ថិតនៅ​ក្នុង​ការ​ឃុំឃាំង​របស់​យើង​។ អ្នក​ជំនាញ​បំផ្ទុះ​គ្រាប់បែក​ពីរ​នាក់​របស់​ក្រុម​នេះ​ត្រូវ​បាន​សម្លាប់​។ យើង​បាន​រឹបអូស​គ្រាប់​ផ្ទុះ​ដែល​ពួកគេ​បាន​រក្សាទុក​សម្រាប់​ការវាយប្រហារ​នាពេល​អនាគត​”​។

លោក Wickramaratne ដែល​ត្រូវ​បាន​តែងតាំង​ជា​មេ​ប៉ូលិស​ស្ដីទី​កាលពី​សប្ដាហ៍​មុន​បន្ទាប់ពី​លោក​ប្រធានាធិបតី Maithripala Sirisena បាន​ព្យួរ​អតីត​មេបញ្ជាការ​ដោយសារតែ​ការ​បរាជ័យ​របស់ គាត់​ក្នុង​ការ​ព្រមាន​អំពី​ការវាយប្រហារ​នេះ​បាន​និយាយថា ជីវិត​សាធារណៈ​បាន​វិល​ត្រលប់​យឺតៗ​ទៅរក​ភាព​ធម្មតា​វិញ​ខណៈ​បម្រាម​គោរចរណ៍​ដែល​ដាក់​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​ត្រូវបាន​ដកចេញ​។

​រដ្ឋាភិបាល​បាន​បើក​សាលារៀន​រដ្ឋ​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ​ប៉ុន្តែ​ការចូល​រៀន​បាន​ធ្លាក់ចុះ​ដល់​ក្រោម​១០​ភាគរយ​នៅ​កន្លែង​ជាច្រើន​ដោយសារតែ​ឪពុក​ម្តាយ​នៅតែមាន​ការភ័យខ្លាច​អំពី​ការវាយប្រហារ​។​ ​លោក Wickramaratne មិនបាន​និយាយថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​គេ​ឃុំឃាំង​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​នោះទេ​ប៉ុន្តែ​អ្នកនាំពាក្យ​ប៉ូលិស​លោក Ruwan Gunasekera បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​ចំនួន​៧៣​នាក់​រួមទាំង​ស្ត្រី​៩​នាក់​ផងដែរ​ត្រូវបាន​ចាប់ខ្លួន​។

​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ត្រូវបាន​គេ​ស្តីបន្ទោស​ទៅលើ​ក្រុម​ក្នុង​តំបន់​មួយ​ឈ្មោះថា Thowheeth Jama'ath (NTJ) ប៉ុន្ដែ​ក្រុម​រដ្ឋ​ឥស្លាម​ក៏បាន​អះអាង​ទទួលខុសត្រូវ​ផងដែរ​។ប៉ូលិស​បាន​និយាយថា ការចាប់ខ្លួន​មនុស្ស​ពីរ​នាក់​ត្រូវបាន​ធ្វើឡើង​ហើយ​ជនសង្ស័យ​ជាច្រើន​នាក់​ត្រូវ​បានកំណត់​អត្តសញ្ញាណ​តាមរយៈ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu