Ad Code

អភិបាលរងខណ្ឌ​ចុះ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ តែ​ហាម​អ្នកកាសែត​ថត​ផ្សាយ​ព័ត៌មាន



ភ្នំពេញ ៖ ទូ​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោមចៅ​៣​ ខណ្ឌពោធិ៍​សែន​ជ័យ​ ដែល​បើក​ដំណើរ​ការ​រក​ស៊ី​ចង់​ប្រេះ​ពោះ​ទៅ​ហើយ​នោះ​ មកដល់ពេលនេះ​ទើបត្រូវ​បាន​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​ដោយ​ស្ងាត់ៗ​ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ថតរូប​ភាព​ផ្សាយ​ឡើយ​មិនដឹង​ថា មាន​អាថ៌​កំបាំង​អ្វី​នោះ​ទេ ដែល​ប្រតិបត្តិការ​ដ៏​អាថ៌កំបាំង​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា​ ឆ្នាំ​២០១៨ ​ដកហូត​បាន​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១​គ្រឿង។



ជុំវិញ​ករណី​បង្ក្រាប​ខាងលើ អាជ្ញាធរ មិនបាន​បំភ្លឺ​ឡើយ​បន្ទាប់ពី​ដឹង​ថា ​មាន​អ្នក​សារព័ត៌មាន​ទៅដល់​ទីនោះ​ដែរ ដាក់​បម្រាម​ហាម​ថត កិច្ចប្រតិបត្តិការ បង្ក្រាប​ធ្វើ​ឲ្យ​មហាជន​ងឿងឆ្ងល់ អាជ្ញាធរ​បង្ក្រាប​ចាប់​មែនទែន ឬមួយ​យ៉ាង​ណា​ក៏​មិនដឹង ឬ មួយ​ទូ​ហ្គេម​នោះ​ចាស់​ពេក​មិន​ចង់​ឲ្យ​ថត ឬ ត្រូវ​បាន​គេ​មក​ដឹក​យក​ទៅ​ដូរ ឬ មួយ​យក​ទៅ​ជួសជុល​ក៏​មិនដឹង​កាលបើ​ថតរូប​មិនបាន​ផង កុំថាឡើយ​សាកសួរ​ជុំវិញ​រឿង​បង្ក្រាប​នោះ។



បើ​យោង​តាម​ពលរដ្ឋ​រស់​នៅ​ក្បែរ​នោះ​បាន​បង្ហើប​ថា​ ទូ​ហ្គេម​នេះ​គេ​បានមក​ដាក់​រក​ស៊ី​នៅ​ទី​តាំង​ខាងលើ​ជា​យូរ​មក​ហើយ​ មិនមែន​ទើបតែ​ដាក់​នោះ​ទេ​ដោយ​គេ​បានរ​ក​ស៊ី​ដោយ​រលូន ប៉ុន្ដែ​ពេលនេះ​ទើប​អាជ្ញាធរ​ថ្នាក់​ខណ្ឌ​ចុះ​មក​បង្ក្រាប ​ហើយ​លាក់​លាម​ហាមឃាត់​មិន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ថត​ផ្សាយ​ទៀត​ផង ពលរដ្ឋ​មានការ​សង្ស័យ​ថា ​ប្រហែល​លោក​អភិបាលរង​ខ្លាច​ម្ចាស់​ទូ​ហ្គេម​ទម្លាយ​រឿង​អាថ៌​កំបាំង​អ្វីមួយ​ប្រាប់​ក្រុម​អ្នក​កាសែត​ទេ​ដឹង​ ទើប​បានជា​លោក​ហាម​បែបនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu