Ad Code

កីឡាករ សឿត បារាំង អាច​ចូល​ហ្វឹកហាត់​បាន​វិញ​ហើយ​ក្រោយ​សំងំ​ព្យាបាល​របួស​រយៈពេល​យូរ​មកនេះ



​ខ្សែការពារ​ឆ្វេង​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន គឺ​កីឡាករ សឿត បារាំង ដែល​រងរបួស​ជង្គង់ តែ​អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​របស់​ខ្លួន​វិញ​បណ្តើរៗ​ហើយ ខណៈ​របួស​នោះ​នៅ​មិនទាន់​ជាសះស្បើយ​ពេញលេញ​នោះ​ទេ ដើម្បី​ត្រៀម​ក្នុង​យុទ្ធនាការ​ប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 ដែល​នៅសល់​ការប្រកួត​មួយចំនួនទៀត​។

កីឡាករ សឿត បារាំង បាន​អះអាង​ជុំវិញ​របួស​របស់​ខ្លួន​ថា «​ឥឡូវនេះ​ខ្ញុំ​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​វិញ​ហើយ តែបើ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​គិតថា​វា​មិនទាន់​ជា ១០០​ភាគរយ​នោះ​ទេ ព្រោះ​ខ្ញុំ​នៅ​មាន​ការឈឺចាប់​បន្តិច​បន្តួច​នៅ​បរិវេណ​ជង្គង់​នោះ​»​។ ​កីឡាករ​រូប​នេះ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ​របស់​ក្រុម​វិសាខា ពេល​ប្រកួត​លី​គ​កំពូល​កម្ពុជា កាល​ពាក់កណ្ដាល​ខែកក្កដា កន្លង​ទៅដោយ​ចំ​ជង្គង់​។



​កីឡាករ​ដែល​ដុះ​ចេញពី​យុវជន​ថ្នាល​ក្នុង​ក្លិប​ភ្នំពេញ​ក្រោ​ន មួយ​នេះ​បាន​បន្តថា ​«​ខ្ញុំ​គិតថា​មិនយូរ​ទេ​ខ្ញុំ​នឹង​វិល​ត្រលប់​មកវិញ ព្រោះ​ខ្ញុំ​នឹង​សម្រាក​ព្យាបាល​ខ្លួន​ឲ្យ​បានល្អ ហើយ​មួយទៀត​នោះ​គឺ​ខ្ញុំ​នឹង​ជំនះ​ភាពឈឺចាប់​ទាំងនេះ​។ ពេល​ហ្វឹកហាត់​ខ្ញុំ​អត់​សូវ​ហ៊ាន​ប្រថុយ​ពេក​ទេ ដោយសារ​ទើប​ជា​តិចៗ​អី​ញ្ចឹ​ង ខ្លាច​ប៉ះ​ទៀត​មាន​បញ្ហា​លើស​ដើម សូម្បី​ទាត់​ជើង​ស្ដាំ​ក៏​ខ្ញុំ​អត់​ទាន់​ហ៊ាន​ទាត់​ដែរ​។ និយាយ​ទៅ​យើង​រាង​ស្រៀវៗ ញោចៗ អត់​ទាន់​វិល​ដូចដើម​១០០%​ទេ​។ មួយវិញទៀត​បញ្ហា​កម្លាំង ដោយសារ​យើង​សម្រាក​យូរ​អញ្ចឹង ធ្វើ​ឲ្យ​បាត់បង់​ភាពស៊ាំ​នឹង​ការលេង ខ្ញុំ​គិតថា ការ​ប្រមូល​កម្លាំង​ឥលូវ​បាន​ប្រហែល​៨០%​នៅឡើយ​»​។

​របួស​នេះ​មិន​អាច​ឲ្យ​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​ ជួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្នុង​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​២ នៃ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ជើង​ទី​២ ពេល​ប៉ះ​ជាមួយ​ក្រុម​អគ្គីសនី​កម្ពុជា និង​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​នោះទេ​។ កីឡាករ​រូបនេះ​ក៏បាន​អវត្តមាន​ជាច្រើន​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ផងដែរ​។

កីឡាករ សឿត បារាំង គឺ​ចេញពី​យុវជន​ថ្នាល​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ចន្លោះ​ឆ្នាំ​២០១១ មកម្ល៉េះ​ហើយ​រូបគេ​ត្រូវបាន​គ្រូបង្វឹក​កោះហៅ​ឲ្យ​ចូល​រួម​ក្នុង​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៦ មកទល់​បច្ចុប្បន្ន​។ ក្រៅពី​ប្រកប​អាជីព​នៅក្នុង​ក្លិប បារាំង ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ផងដែរ​គឺ​នៅ​ឆ្នាំ​២០១៦ ជាប់​ឈ្មោះ​ជួយ​ក្រុម U19​កម្ពុជា​ហើយ​ចាប់ពី​ឆ្នាំ​២០១៧ រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម U22 កម្ពុជា និង​ក្រុម​ជម្រើសជាតិ​កម្ពុជា ឈុត​ធំ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu