ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ បន្ទាប់ពីធ្វើការស៊ើបអង្កេតតាមដានជាយូរមកហើយនោះមកដល់ពេលនេះ ទើបមានឱកាសចុះទៅក្រសោបដល់លំនៅឋានមេក្លោងគ្រឿងញៀននៅប្លុកបូរីសន្ដិភាព២ តែជនជាមេក្លោងបានគេចខ្លួនបាត់ដោយចាំបានស្ដ្រីជាប្រពន្ធនិងកូនចៅពីរនាក់ដោយដកហូតបានថ្នាំញៀន១កញ្ចប់ធំកាំភ្លើងខ្លី១ដើមម៉ាកប៉េអាកុលនិងគ្រាប់ចំនួនគ្រាប់ ដែលប្រតិបត្តិការនេះបានចាប់ផ្ដើមធ្វើឡើង កាលពីវេលម៉ោង១០យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤៤២Eបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ស៊េរី២០១៧ ពាក់ស្លាកលេខភ្នំពេញ1GC-1024 និង ម៉ូតូមួយគ្រឿងទៀតម៉ាក ធូដេអត់ស្លាកលេខ កាំភ្លើងខ្លី១ដើមម៉ាកប៉េអាកុលថ្នាំញៀនមួយកញ្ចប់ធំ កាំបិតផ្គាក់និងដាវព្រមទាំងប្រដាប់ជក់ថ្នាំញៀនមួយចំនួន ថង់សំរាប់វេចខ្ចប់ជាច្រើនទៀត។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ទើបដឹងថា អ្នកទាំងបីនាក់នេះ ត្រូវជាកូនចៅរបស់មេខ្លោង ជួញដូរគ្រឿងញៀនដ៏ធំ១ប្រចាំនៅបុរីសន្តិភាព២មានឈ្មោះ ហោ ឆាយ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅផ្ទះកើតហេតុមានស្រុកកំណើតស្រុកល្វាឯម ខេត្តកណ្តាល ពេលនេះកំពុងរត់គេចខ្លួន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់នេះ គឺសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតស្រាវជ្រាវជាយូរមកហើយ ទើបឈានដល់ការឃាត់ខ្លួននៅពេលនេះ មុនពេលឃាត់ខ្លួនជនសង្ស័យ គេបានឃើញពួកគេជិះម៉ូតូចំនួនមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GC-1024 ពេលឃើញកម្លាំងសមត្ថកិច្ចជនសង្ស័យបានជិះម៉ូតូផ្តួលរត់ហើយសមត្ថកិច្ច បានផ្ទុះអាវុធជាច្រើនគ្រាប់ដើម្បីគំរាមចាប់ខ្លួន ហើយត្រូវបានកម្លាំងនគរបាលឃាត់បានភ្លាមៗផងដែរ ពេលឃាត់ខ្លួនបានហើយពួកគេបានសារភាពថា មេក្លោងរបស់ពួកគេ ឈ្មោះ ហោ ឆាយ នៅផ្ទះ ទីតាំងខាងលើទើបសមត្ថកិច្ចនាំទៅឆែកឆេរនៅផ្ទះនោះតែពេលនោះជនជាមេក្លោងហាក់ដឹងខ្លួនមុនបានគេចខ្លួនបាត់ស្រមោល។
ប្រភពបន្ដថា នៅពេលឃើញបែបនេះស្ដ្រីជាប្រពន្ធមេក្លោងមិនហ៊ានចូលផ្ទះដែលគេកំពុងឆែកឆេរនោះឡើយ តែទោះយ៉ាងណាសមត្ថកិច្ចក៏បានឃាត់ខ្លួនស្ដ្រីជាប្រពន្ធនោះម្នាក់ទៀតដើម្បីសួរនាំផងដែរ។
សមាសភាពចូលរួមក្នុងកិច្ចប្រតិបត្តិការនេះ មានទី១ លោក ឧត្ដមសេនីយ៍ទោ សឿង លុល នាយរងមន្ទីរទី២ លោក នួន ចំរើនជាក្រឡាបញ្ជីអមសាលាដំបូងរាជធានីភ្នំពេញ ទី៣ លោក វរសេនីយ៍ត្រី ទិត្យ ប៊ុនហរង នាយផ្នែកទី៤អនុសេនីយ៍ត្រី ជ្រេង ធី មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ២និងទី៥ លោកស៊ឺន បញ្ញា ប្រជាការពារភូមិ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ពេលឆែកឆេរនោះសមត្ថកិច្ចរកឃើញថ្នាំញៀនចំនួន១កញ្ចក់ធំ រកឃើញ អាវុធខ្លីម៉ាកប៉េអាកុលចំនួនមួយដើមមានគ្រាប់ចំនួន៤គ្រាប់ព្រមទាំងកាំបិតផ្គាក់១ដើម។ ក្រោយពេលកើតហេតុសមត្ថកិច្ចព្រមទាំងព្រះរាជអាជ្ញាចាក់សោបិទទ្វារផ្ទះជាបណ្តោះអាសន្នដើម្បីស៊ើបអង្កេតតាមចាប់ជនសង្ស័យជាមេក្លោងខាងលើមកផ្តន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments