ក្រុមបាល់ទាត់ណាហ្គាវើល បានគ្រងជើងឯកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) រដូវកាលឆ្នាំ២០១៨ ក្រោយរកបានពិន្ទុច្រើនជាងគេត្រឹមសប្ដាហ៍ទី២២ ខណៈសប្ដាហ៍ចុងក្រោយដែលធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នេះក្រុមក្រសួងការពារជាតិ (ទ័ព) និងក្រុមអាស៊ីអឺរ៉ុប សុទ្ធតែរកបានជ័យជម្នះដូចគ្នា។
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានរៀបចំពិធីប្រគល់ពានរង្វាន់និងមេដាយសម្រាប់ក្រុមជើងឯកណាហ្គាវើល រួចរាល់ហើយ ខណៈពានរង្វាន់ជាច្រើនដទៃទៀត ក៏ដូចជាមេដាយជ័យលាភីជើងឯករង និងក្រុមលេខ៣ ព្រមទាំងពានរង្វាន់ឯកត្តជនជាច្រើនទៀតនឹងធ្វើក្នុងពិធី Cambodian Awards Night នៅចុងឆ្នាំនេះ។
សរុបលទ្ធផលចុងក្រោយក្រុមណាហ្គាវើល បានយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល៦ទល់២ លើទីលានពហុកីឡដ្ឋានជាតិ។ កីឡាករ Inui Tatsuro បានរកគ្រាប់បាល់បើកឆាកនៅនាទី២៦ ខណៈកីឡាករ Bisan George បានរកគ្រាប់បាល់៤គ្រាប់ម្នាក់ឯងគឺនៅនាទី៤៥+១,៥៨,៦១ និង៩០ និងកីឡាករ គួច ដានី បានរកគ្រាប់បាល់ចុងក្រោយនៅនាទី៦៧។ ចំណែក២គ្រាប់របស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ រកបានដោយកីឡាករ Suzuki Yuta នៅនាទី៦៣និងកីឡាករ Oladipupo Abiodun Michael នៅនាទី៨៦។
ចំណែកក្រុមក្រសួងការពារជាតិ វិញបានយកឈ្នះលើក្រុមអគ្គីសនីកម្ពុជា ដោយលទ្ធផល៩ទល់១ លើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា។ កីឡាករ ង៉ែត លីទី បានរកគ្រាប់បើកឆាកអោយក្រុមក្រសួងការពារជាតិ នៅនាទីទី៥ ខណៈប្រធានក្រុម រ៉ឹម ប៊ុនហៀង រកបាន៣គ្រាប់គឺនៅនាទី៣២,៦៦និង៨០ ហើយកីឡាករ Na Hyon Sung រកបាន២គ្រាប់នៅនាទី៥០និង៦០ និងកីឡាករ Yudai Ogawa រកបាន៣គ្រាប់នៅនាទី៥៦,៧២និង៩០។
ចំពោះក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះលើក្រុមវេស្ទើនភ្នំពេញ លើទីលានកីឡដ្ឋានវេស្ទើន ដោយលទ្ធផល៧ទល់៣។ កីឡាករ Privat បានរកគ្រាប់បាល់៥គ្រាប់ម្នាក់ឯងក្នុងប្រកួតនេះឱ្យអាស៊ីអឺរ៉ុប ហើយកីឡាករ Kelechi រកបាន១គ្រាប់ និងកីឡាករ ឈឹម សំបូរ រកបាន១គ្រាប់។ ចំណែក៣គ្រាប់របស់វេស្ទើនភ្នំពេញ រកបានដោយកីឡាករ សឿង បញ្ញា នៅនាទី៥៦និង៦៤ ស្របពេលកីឡាករ យ៉ាន់ សុខា រកបាន១គ្រាប់នៅនាទី៦៨។
ចំណែកប្រកួត៣គូផ្សេងទៀតប្រចាំសប្ដាហ៍ចុងក្រោយនេះត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដោយក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមវិសាខា នៅម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានខេត្តស្វាយរៀង មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ខណៈក្រុមបឹងកេតជួបភ្នំពេញក្រោន នៅវេលាម៉ោង៦ល្ងាចដូចគ្នាលើទីលានពហុកីឡដ្ឋានជាតិ មានផ្សាយផ្ទាល់តាម CNCC និងក្រុមសូលទីឡូអង្គរ ប៉ះក្រុមអង្គរថាយហ្គឺរ នៅវេលាម៉ោង៣និង៣០នាទីលើទីលានកីឡដ្ឋានខេត្តសៀមរាប មានផ្សាយផ្ទាល់តាមហ្វេសប៊ុកកម្ពុជាថ្មី៕
Source: Kampuchea Thmey Daily
0 Comments