ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា នៅពេលខាងមុខអ្វីដែលសម្តេចចង់ឃើញនោះគឺការទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពកាន់តែល្អប្រសើរឡើងពិសេសរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលដូចអ្វីដែលផ្នែកធុរកិច្ចសហរដ្ឋអាមេរិកចង់បានដែរនោះ។
សម្តេចបានបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាមេរិកបើកទិដ្ឋាការជូនដល់មន្ត្រីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិកនឹងបន្តឡើងវិញដូចអ្វីដែលយើងធ្លាប់បានអនុវត្តរួមគ្នា កាលពីពេលមុន។ នេះបើយោងតាមប្រភពអ្នករាយការណ៍ពិសេសទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨។
ប្រភពដដែលសរសេរថា កាលពីព្រឹកថ្ងៃទី២៨ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន។
ប្រភពបន្ថែមថា តាមរយៈនៃជំនួបពិភាក្សាគ្នានោះ គឺលោកអាឡេកសាន់ឌ័រ ហ្វេលមែន ចង់ឃើញសហរដ្ឋអាម៉េរិក និងកម្ពុជាមានទំនាក់ទំនងក្នុងភាពល្អប្រសើរឡើងវិញ ពិសេសនៅពេលដែលអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានៅពេលខាងមុខ ដែលជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកដែលជាអ្នកការទូតមួយរូប ដែលយល់ច្បាស់ពីអាស៊ីបូព៌ា។
សម្តេចតេជោបានមានប្រសាសន៍តបវិញថា ចំពោះទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក គឺរូបសម្តេចផ្ទាល់ជាអ្នកខិតខំជំរុញការកសាងនូវទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ គឺកម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក។ សម្តេចបន្តថា នៅពេលខាងមុខ អ្វីដែលសម្តេចចង់ឃើញនោះ គឺការទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពកាន់តែល្អប្រសើរឡើង ពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដូចអ្វីដែលផ្នែកធុរកិច្ចសហរដ្ឋអាមេរិកចង់បានដែរនោះ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិកបើកទិដ្ឋាការជូនដល់មន្ត្រីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិកនឹងបន្តឡើងវិញដូចអ្វីដែលធ្លាប់បានអនុវត្តរួមគ្នាកាលពីពេលមុន។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចនឹងបន្តជួបជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅពេលដែលគណៈប្រតិភូអញ្ជើញទៅកាន់ប្រទេសកម្ពុជា។
ប្រភពដដែលបន្តថា ក្នុងឱកាសនោះលោក Alexander Feldman បានសម្តែងនូវក្តីសប្បាយរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រីនៅពេលនេះ។ លោកស្នើសុំឲ្យកម្ពុជាបន្តនូវគោលនយោបាយសេដ្ឋកិច្ចឲ្យកាន់តែទូលំទូលាយថែមទៀត។ ដោយសារកម្ពុជា គឺជាសមាជិករបស់អាស៊ាន គឺលោកចង់ឲ្យកម្ពុជាបន្តការគាំទ្រនឹងជួយជំរុញការកសាងសមត្ថភាព ពិសេសការបង្កើនគុណភាពនៃការអប់រំក្នុងក្របខ័ណ្ឌអាស៊ាន។ លោកបានវាយតម្លៃខ្ពស់ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រដល់បណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិកក្នុងការទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលកន្លងមកមានដូចជាក្រុមហ៊ុនហ្វត( Ford) និងក្រុមហ៊ុន កូកា កូឡា(Coca-Cola) ជាដើម។ លោកប្រធានក៏បានវាយតម្លៃខ្ពស់ ផងដែរអំពីកម្លាំងនិងសមត្ថភាពយុវជនកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងមានការកើនឡើងស្របទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល។
លោករំពឹងថា សម្តេចតេជោនឹងមានការចាប់អារម្មណ៍ខ្ពស់ទៅលើអនាគតដ៏ល្អជាមួយនឹងការប្រកួតប្រជែងរបស់កម្ពុជា។
ចំណែកសម្តេចតេជោ បានស្វាគមន៍ព្រមទាំងបានលើកឡើងអំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលនៅរក្សាកំណើន សេដ្ឋកិច្ចក្នុងអត្រាជាង៧ភាគរយ ដែលកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨នេះកម្ពុជានឹងមានកំណើន សេដ្ឋកិច្ចប្រមាណ៧,២ភាគរយ។ សម្តេចតេជោផ្ទាល់ គឺចង់ឃើញគឺការអនុវត្តរូបមន្តមួយបូកមួយពោលគឺបណ្តាក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគក្នុងប្រទេសអាស៊ាន ក្នុងនោះរួមទាំងក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកផងដែរមាន លទ្ធភាពអាចទៅបង្កើតរោងចក្រនៅប្រទេសកម្ពុជា។ ឧទាហរណ៍ប្រទេសថៃបូកមួយ។ មានន័យថា ក្រុមហ៊ុនសហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការក្នុងប្រទេសថៃក៏អាចមកបើករោងចក្រក្នុងប្រទេសកម្ពុជាបានដែរ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ របស់ប្រទេសកម្ពុជា គឺផ្តោតសំខាន់ទៅលើវិស័យបីសំខាន់ៗ គឺទី១.វិស័យកសិកម្ម, ទី២.វិស័យឧស្សាហកម្ម និង ទី៣.វិស័យសេវាកម្ម។ សេដ្ឋកិច្ចកម្ពុជាមានការវិវត្តដោយមិនពឹងផ្អែកតែទៅលើវិស័យណាមួយនោះទេ។ ពោលគឺការរីកចម្រើនលើពហុវិស័យក្នុងភាពរឹងមាំ ពិសេសលើផ្នែកឧស្សាហកម្មដែលមានលក្ខណៈទ្រង់ទ្រាយជាសកល។ ពោលគឺការផលិតក្នុងប្រទេសកម្ពុជា រួចធ្វើការចែកចាយជាសកល តាមតម្រូវការនៃសេដ្ឋកិច្ចពិភពលោក៕
Source: Kampuchea Thmey Daily
0 Comments