ភ្នំពេញ ៖ ស្របពេលដែលនៅរាជធានីភ្នំពេញក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុគស្មាញនៅឡើយនោះ សមត្ថកិច្ចគ្រប់ជំនាញនិងអាជ្ញាធរពាក់ព័ន្ធបានយកចិត្តទុកដាក់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ ដោយបានដាក់ចេញជាផែនការសកម្មភាពជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែងសម្រាប់ពេលនេះ ពាក់ព័ន្ធនឹង ការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ អាជ្ញាធរមានសមត្ថកិច្ចចម្រុះនឹងចុះត្រួតពិនិត្យលើបញ្ហាជួញដូរនិងការប្រើប្រាស់គ្រឿងញៀន នៅតាមកន្លែងសប្បាយភាពប្រមាណ១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ ខណៈដែលទីតាំងទាំងនោះ សមត្ថកិច្ចនិងអាជ្ញាធរចូលមិនទាន់ដល់នូវឡើយនោះ។
នេះបើតាមការលើកឡើងរបស់ លោកនាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងញៀន ក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងញៀន នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ កញ្ញា២០១៨នេះ ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
លោកនាយឧត្តមសេនីយមាស វិរិទ្ធ បានមានប្រសាសន៍លើកឡើងថា ការបង្កើតឲ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អោយកាន់តែល្អប្រសើរទៅតាមការណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង សំដៅធ្វើយ៉ាងណារក្សាបរិស្ថានសន្តិសុខឲ្យបានល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ។
ក្នុងនោះក៏មានការណែនាំមិនឲ្យមានការនាំចូលនូវរុក្ខជាតិញៀនចូលមកក្នុងរាជធានីក៏ដូចជាចូលមកប្រទេសកម្ពុជាផងដែរ។
លោកនាយឧត្តមសេនីយ៍មាស វិរិទ្ធ ក៏បានស្នើឲ្យសមត្ថកិច្ចនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវតែពង្រឹងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដោយហេតុថា គ្រឿងញៀនវាបានហូរទៅដល់មូលដ្ឋានភូមិ ទៅហើយ។ ការទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ដែលយើងមិនទាន់ចូលទៅដល់ ពិសេសក្លឹបកំសាន្តនិងទីកន្លែងសប្បាយភាព ដោយយើងបានកំណាត់ទីតាំងចំនួន១០កន្លែង
រួចហើយ ដើម្បីធ្វើការងារនេះ ។ យើងបានដាក់ទៅឲ្យអាជ្ញាធរ ខណ្ឌ សង្កាត់ តែបើធ្វើមិនបានត្រូវរាយការណ៍មកអាជ្ញាធររាជធានីដើម្បីចាត់តាំងអនុវត្តការងារនេះបន្ត។
លោកបន្តថា មូលដ្ឋានអាជីវកម្ម ងាយនឹងកើតបទល្មើសណាស់ ដូច្នេះយើងត្រូវចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មលើបញ្ហាគ្រឿងញៀននេះ ហើយ យើងក៏នឹងធ្វើការបិទសេចក្តីប្រកាសចំនួន២៣៩៨កន្លែងផងដែរ ដែលមានទាំង ផ្ទះសំណាក់និងខុនដូរ។
ការចាប់ពិនិត្យមើលទឹកនោម ចំពោះប្រើប្រាស់ថ្នាំគ្រវី នៅតាមក្លឹប។ ការងារនេះភ្នំពេញត្រូវបានសម្រេចជាគំរូមុនគេ បន្ទាប់មកក្រុងព្រះសីហនុ និងសៀមរាប បើមានបញ្ហានៅកន្លែងណាអាជ្ញាធរនៅទីនោះជាអ្នកទទួលខុសត្រូវ។ បើទីតាំងណាធ្វើខុសពីការណែនាំយើងមានសិទ្ធិក្នុងការបិទទីតាំងនោះតែម្តង។
លោកនាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍លើកឡើង ពីការជម្រុញអោយសមត្ថកិច្ចបន្តអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព ស្របតាមការដាក់ចេញរបស់រាជរដ្ឋាភិបាល។
លោកក៏បានបញ្ជាក់ផងដែរថា ចំពោះការចុះពិនិត្យ ក្នុងក្លឹបនិងកន្លែងសប្បាយភាពនានាពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ បើយើងគិតពីទីតាំងនោះជារបស់នរណា យើងអនុវត្តការងារនេះមិនកើតនោះទេ។ យើងដាច់ខាតត្រូវតែអនុវត្តការងារនេះឲ្យបានល្អ ហើយបើមាននរណាមករារាំងយើងអនុវត្តតាមច្បាប់។
លោកបន្តថា ការអនុវត្តការងារ រហូតឈានដល់ការបង្ក្រាប់ជាច្រើនករណីកន្លងមកនេះ វាពិតជាបង្ហាញឲ្យឃើញពីការចូលរួមសហការគ្នាយ៉ាងល្អ ចាប់ពីប្រជាពលរដ្ឋរហូតដល់ព្រះសង្ឃ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានជម្រុញអោយសង្កាត់ ខណ្ឌទាំង១២ អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃឲ្យបានល្អ។ លោកបន្តថា ប្រទេសកម្ពុជារីកចម្រើនគឺពឹងលើធនធានមនុស្ស ហើយបើធនធានមនុស្សក្លាយជាមនុស្សញៀនថ្នាំ តើយើងធ្វើម៉េចឲ្យ ប្រទេសកម្ពុជារីកចម្រើន ជឿនលឿនទៅបាននោះ។
លោកបន្តថា បញ្ហាគ្រឿងញៀនជាបញ្ហាធំ ដូច្នេះសង្កាត់ និងខណ្ឌទាំង១២ ត្រូវធ្វើការចុះត្រួតពិនិត្យនៅតំបន់ស្មុកស្មាញនិងតំបន់ដែលយើងមិនធ្លាប់ចុះទៅដល់ ហើយបើចូលមិនចុះត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ រឿងអ្វីក៏យើងអាចធ្វើបានដែរ សំខាន់ឲ្យតែយើងតាំងចិត្តធ្វើ។ បទល្មើសនានាគឺវាកើតចេញពីបញ្ហាគ្រឿងញៀននេះឯង បើយើងបង្ក្រាបគ្រឿងញៀនបាន នោះបទល្មើសផ្សេងៗទៀតក៏ត្រូវបានកាត់បន្ថយធ្វើអោយភូមិសង្កាត់មានសុវត្ថិភាពដែរ។
លោកឃួង ស្រេងបន្តថា ជាទិសដៅខាងមុខនេះក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យើងនឹងបើកវេទិកាសាធារណៈ ជាមួយខណ្ឌទាំង១២ ដើម្បីបំរើប្រជាពលរដ្ឋឲ្យចំគោលដៅដែលប្រជាពលរដ្ឋចង់បាន លោកថា មកដល់ម៉ោងនេះគឺដល់ពេលដែលត្រូវបម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលនិងមានប្រសិទ្ធភាពហើយ៕
Source: Kampuchea Thmey Daily
0 Comments