Ad Code

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំរុញ​មន្ត្រី​ពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់



ភ្នំពេញ ​៖ ​ក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រសួងពាណិជ្ជកម្ម សម្រាប់​អណ​ត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោមឱវាទ ខិតខំ​ពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​នាំមក​នូវ​វឌ្ឍនភាព និង​សមិទ្ធផល​ថ្មីៗ ជូន​ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល​។

នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​អំពី​សាវតា​សង្ខេប និង​សមិទ្ធផល​ផ្នែក​សង្គម​សេដ្ឋកិច្ច ដែលជា​ផ្លែផ្កា​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​បី​ដំណាក់កាល និង​ខ្លឹមសារ​រួម​របស់​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែលជា​របៀបវារៈ​គោល​នយោបាយ សម្រាប់​ជំរុញ​ការអនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កំណើន​ការងារ និង​សមធម៌ ឆ្ពោះទៅរក​ចក្ខុវិស័យ​ក​ម្ពុ​ជា​ឆ្នាំ​២០៥០ និង​ជាម​គ្គុ​ទេស​សម្រាប់​តម្រង់ទិស​ស​កម្ម​ភាព របស់​គ្រប់​តួអង្គ​ទាំង​អស់នៃ​រាជរដ្ឋាភិបាល​។



​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល​បានកំណត់​យក​ឤទិភាព​ចំនួន ៤ គឺ ផ្លូវ ទឹក ភ្លើង និង​មនុស្ស ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស ដែល​លំដាប់​នៃ​ឤ​ទិ​ភាព​ទាំងអស់​នេះ ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅតាម​ដំណាក់កាល​នីមួយៗ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​។ សម្រាប់​នីតិកាល​ទី ៦​នេះ រាជរដ្ឋាភិបាល បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​វិស័យ​ឤទិភាព​ទាំង៤ ដដែល ដោយ​តម្កល់ «​មនុស្ស​» ជា​ឤ​ទិ​ភាព​ទី​១ វិញ។



លើសពី​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​ជូន​អំពី​ការងារ​អាទិភាព ដែល​ក្រសួងពាណិជ្ជកម្ម​ត្រូវ​បន្ត​អនុវត្តន៍ ដើម្បី​ពង្រឹងសមត្ថភាព​កម្ពុជា សំដៅ​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ជាពិសេស​ការ​ត្រៀម​ខ្លួន សម្រាប់​ទប់ទល់​ផល​ប៉ះពាល់​នានា ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក។

សូម​ជម្រាប​ថា នៅ​មុំ​ទី​២ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ស្តីពី​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង ក្រសួងពាណិជ្ជកម្ម នៅតែ​ដើរតួ​យ៉ាង​សំខាន់ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដែល​មាន​ចែង​នៅក្នុង​មុំ​ទី​៣ ស្ដីពី​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋ​កិច្ច​ឌីជីថល និង​ការចាប់យក​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ជាពិសេស​លើ​ការងារ​ជំរុញ និង​ការបង្កើត​មូលដ្ឋាន​គតិយុត្តិ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ឌីជីថល តួយ៉ាង​ដូចជា​៖ ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក (E-Commerce) ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​វិសោធនកម្ម​ច្បាប់ ព្រមទាំង​បទបញ្ញត្តិ​ពាក់ព័ន្ធ ដែល​គាំទ្រ និង​ជំរុញ​ការរីកចម្រើន និង​ការពារ​ហានិភ័យ​នៅក្នុង​វិស័យនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu